ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​ទន្លេមេគង្គ​ធ្វើ​វេទិកា​តំបន់​ពិភាក្សា​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់​ឡាយ​នៅ​ឡាវ


លោក​អាន ពេជ្រហត្ថដា ​(An Pich Hatda) ​នាយក​ផ្នែក​​ផែន​ការ​របស់​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ ថ្លែងក្នុងពិធី​បើក​​វេទិកា​តំបន់​នៃ​ភាគី​ពាក់ព័ន្ធ​លើក​ទីប្រាំ​ក្នុង​ទីក្រុង​វៀងចន្ទន៍​​ប្រទេស​ឡាវ​ដើម្បី​ស្វែង​យល់​ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ ​ដែលបានរៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​។ (ហ៊ុល រស្មី​/VOA)
លោក​អាន ពេជ្រហត្ថដា ​(An Pich Hatda) ​នាយក​ផ្នែក​​ផែន​ការ​របស់​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ ថ្លែងក្នុងពិធី​បើក​​វេទិកា​តំបន់​នៃ​ភាគី​ពាក់ព័ន្ធ​លើក​ទីប្រាំ​ក្នុង​ទីក្រុង​វៀងចន្ទន៍​​ប្រទេស​ឡាវ​ដើម្បី​ស្វែង​យល់​ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ ​ដែលបានរៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​។ (ហ៊ុល រស្មី​/VOA)

គណៈ​កម្មការ​ទន្លេ​មេគង្គ​ (Mekong River Commission)​ បាន​ចាប់​ផ្តើម​វេទិកា​តំបន់​មួយ​​ដើម្បី​ពិភាក្សា​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់​ឡាយ​ នៅ​គ្រា​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន​ដែល​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​ឆ្លងដែន​ថ្មី​មួយ​​ជំនួស​ឲ្យ​ព័ត៌មាន​ចាស់​​ ដែល​ត្រូវ​បាន​ចម្លង​ចេញ​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់បេង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​គណៈកម្មការ​ទន្លេមេគង្គ​ (Mekong River Commission) ​ហៅ​កាត់​ថា​ MRC​ ​បាន​ចាប់​ផ្តើម​វេទិកា​តំបន់​នៃ​ភាគី​ពាក់ព័ន្ធ​លើក​ទីប្រាំ​ក្នុង​ទីក្រុង​វៀងចន្ទ​ន៍​ប្រទេស​ឡាវ ​ដើម្បី​ស្វែង​យល់​ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ​ ​ដែល​មាន​លទ្ធភាព​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន​៧៧០​មេហ្គា​វ៉ាត់។​

វេទិកា​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​នេះ​បាន​ចាប់ផ្តើម​ ​ចំ​ពេល​មាន​ការ​អំពាវនាវ​ពី​អង្គការ​សង្គម​ស៊ីវិល​ ដែល​ជា​អ្នក​តស៊ូ​មតិ​ការពារ​ទន្លេ​មេគង្គ។​ ​អង្គការ​ ​Save the Mekong​ ​បាន​ចោទ​ថា​ ​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ​ ខ្វះ​ការ​វាយ​តម្លៃ​ឆ្លងដែន​ដែល​អាច​ជឿទុក​ចិត្តបាន​ ​ហើយ​ថា​មាន​ការ​ចម្លង​ឯកសារ​ផ្សេងៗ​ទាក់ទិន​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់បេង។​

ក្នុង​ម៉ោង​សម្រាក​នៃ​វេទិកា​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ ​អ្នក​នាំពាក្យ​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ​គឺ​លោក​ Anoulak Kittikhoun​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ ​គណៈ​កម្មការ​ទន្លេ​មេគង្គបាន​ដឹង​ពី​បញ្ហា​ចម្លង​ឯកសារ​នេះ​រួច​ហើយ។​

លោក​និយាយ​ថា​ គណៈ​កម្មការ​ទន្លេ​មេគង្គ​នឹង​ស្នើ​ក្រុម​អ្នក​ជំនាញ​ឲ្យ​ពិនិត្យ​ឯកសារ​ទាំងអស់​ ពាក់ព័ន្ធ​នឹង​ការ​ថត​ចម្លង​ឯកសារ​របស់​គម្រោង​ទំនប់​ប៉ាក់បេង​មក​ប្រើ​ជាមួយ​គម្រោង​ទំនប់​ប៉ាក់ ឡាយ។​ ​ការ​ពិនិត្យ​ឡើង​វិញ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយ​ការណ៍​នៃ​ការ​ពិនិត្យ​ឡើង​វិញខាង​បច្ចេកទេស។​ ​លោក​បាន​និយាយ​បន្ថែម​ថា​ ​ព័ត៌មាន​ដែល​ទំនង​ជាត្រូវ​បាន​ចម្លង​ចេញ​ពី​គម្រោង​ប៉ាក់បេង​នៅតែ​ស្ថិត​ក្នុង​ការ​ពិចារណា។

លោក Anoulak Kittikhoun​ អ្នកនាំពាក្យ​លេខាធិការដ្ឋាន​គណៈកម្ម​ការ​ទន្លេ​មេគង្គ​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។ (ហ៊ុល រស្មី​/VOA)
លោក Anoulak Kittikhoun​ អ្នកនាំពាក្យ​លេខាធិការដ្ឋាន​គណៈកម្ម​ការ​ទន្លេ​មេគង្គ​ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​កាលពីថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅទីក្រុង​វៀងចន្ទន៍​ ប្រទេស​ឡាវ​។ (ហ៊ុល រស្មី​/VOA)

លោក Anoulak Kittikhounអ្នកនាំពាក្យ​លេខាធិការដ្ឋានគណៈ​កម្មការ​ទន្លេ​មេគង្គ​ថ្លែង​ជា​ភាសាអង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជាភាសា​ខ្មែរយ៉ាង​ដូច្នេះ៖​

«យើង​មិន​អាច​និយាយ​ថា​ ​ប្រសិន​បើ​វា​ត្រូវ​បាន​ចម្លង ​វា​មិន​មាន​សុពលភាព​បាន​ទេ។ ​យើង​ចាំ​បាច់​ត្រូវធ្វើ​ការ​វាយ​តម្លៃ​ ថា​តើ​ព័ត៌មាន​ដែលអាច​ដូច​គ្នា​សម្រាប់​គម្រោង​ទាំង​ពីរនោះ​ មាន​សុពលភាព ​ឬ​មិន​មាន​នោះ»។​

អង្គការ​ ​Save the Mekong ដែល​មាន​កិច្ច​សហការពី​អង្គការ​ ​International Rivers​ ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​គោល​បំណង​នៃ​ការ​បង្ហាញ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ខាង​សង្គម​ ​និង​បរិស្ថាន​ឆ្លង​ដែន​ ​និង​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ផ្សេង​ទៀត​ គឺ​ដើម្បី​ផ្តល់​ឲ្យ​អ្នក​ធ្វើការ​សម្រេចចិត្ត​នូវព័ត៌មាន​ថ្មីៗ​ ស្តីពី​សក្តានុពល​ ​ផលវិបាក​ខាង​សង្គម​ និង​បរិស្ថាន​ឆ្លង​ដែន។​ ​ទោះបី​ជា​យ៉ាង​ណាក៏ដោយ​ចុះ​ ដោយ​ហេតុ​ថា​ ​មាន​ភាព​ខ្វះ​ចន្លោះ​ធ្ងន់ធ្ងរ​ ការ​វាយ​តម្លៃ​ពី​គម្រោង​ប៉ាក់​ឡាយ​មិន​បាន​ផ្តល់​ព័ត៌មាន​ដែល​អាច​ជឿ​ជាក់​បាន​ ​ដើម្បី​ជម្រាប​ពី​ដំណើរការ​សម្រេច​ចិត្ត​ និង​ការ​ធ្វើ​ផែនការ​ទាក់ទង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា។​

សេចក្តី​ប្រកាស​របស់​អង្គការ​ ​Save the Mekong​ ចុះថ្ងៃ​ទី​២០​ខែ​កញ្ញា​នេះ​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ហេតុ​ដូច្នេះ​ ​ការ​ពិគ្រោះ​យោបល់​ជាមុន​ណា​មួយ​ត្រូវតែ​ផ្អាក​ រហូត​ទាល់​តែ​មាន​ការ​វាយ​តម្លៃ​ថ្មីៗ​ ធ្វើ​ឡើងស្របតាម​បទដ្ឋាន​ប្រសិទ្ធភាព​មួយ ដើម្បី​ធានា​ឲ្យ​មាន​ការ​ចូលរួម​ដោយ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ​និង​ពោរពេញ​ដោយ​ខ្លឹមសារ​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​សម្រេច​ចិត្ត​នានា​ពាក់​ព័ន្ធ​ទៅនឹង​គម្រោង»។​

អង្គការអភិរក្ស​ធម្មជាតិ​ដដែល​បាន​អះអាង​ថា​ មួយ​ផ្នែក​ធំ​នៃ​របាយ​ការណ៍​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថានត្រូវ​បាន​ចម្លង​យ៉ាង​សាមញ្ញ​ចេញ​ពី​ការ​វាយ​តម្លៃ​ស្រដៀង​គ្នា​ចេញ​ពី​របាយ​ការណ៍​របស់​ទំនប់​ប៉ាក់​បេង​ ​ដែល​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៥។ អង្គការ​នេះ​បាន​បញ្ជាក់​តាម​ន័យ​ដើម​ថា៖

«ជា​លទ្ធផល​របាយ​ការណ៍​គម្រោង​ប៉ាក់ឡាយ​ គឺ​មិន​ត្រឹមត្រូវ​ ហើយ​ចាស់​ មិនអាច​ប្រើការ​បាន​ ជា​មួយ​ទិន្នន័យ​ និង​ឯកសារ​យោង​នានា ​ធ្វើឡើង​តាំង​ពីមុន​ឆ្នាំ​២០១១។​ ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​ទំនប់​ប៉ាក់បេង​ ​ក៏មាន​ការ​វិភាគ​ និង​ទិន្នន័យ​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ឲ្យ​មាន​សំណួរ​ជាច្រើន​ចំពោះ​ភាព​គ្រប់​គ្រាន់​នៃ​ព័ត៌មាន​ ដែល​អាច​ពឹង​ផ្អែក​បាន​ ដើម្បី​ជម្រាប​ពីដំណើរ​ការ​ពិគ្រោះ​យោបល់​ជា​មុន​នោះ។​

អង្គការ​នេះ​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

​«យ៉ាង​ហោច​ណាស់​៩០​ភាគ​រយ​នៃ​ផ្នែក​និយាយ​ពី​លក្ខខណ្ឌ​សង្គម​ជាច្រើន​នៃ​ទំនប់​ប៉ាក់ឡាយ​ ត្រូវ​បាន​ចម្លង​ដោយ​ផ្ទាល់​ពីការ​វាយ​តម្លៃ​ទំនប់​ប៉ាក់បេង ​ក្នុង​នោះ​មានរូប​ថត​ តារាង​ផ្សេងៗ​ និង​អត្ថបទ»។​

ក្នុង​ការ​បើក​វេទិកា​តំបន់​លើក​ទីប្រាំ​របស់​គណៈ​កម្មការ​ទន្លេមេគង្គ​ ​មិន​មាន​វត្តមាន​ពី​ប្រតិភូ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​របស់​កម្ពុជា​នោះ​ទេ​ ពោល​គឺមាន​តែ​តំណាង​សហគមន៍​មួយ​ចំនួន​ ដែល​ធ្វើ​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។​

លោក​អាន ពេជ្រហត្ថដា ​(An Pich Hatda) ​នាយក​អង្គភាព​ផែន​ការ​របស់​លេខាធិការដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេ​គង្គ​ បាន​បង្ហាញ​ការ​ខកចិត្ត​ ដែល​ភាគី​មួយ​ចំនួន​ខកខាន​មិន​បាន​ចូល​រួម​វេទិកា​នេះ។ យ៉ាងណា​ក៏​ដោយ​ ​លោក​មាន​ប្រសាសន៍ដោយ​សំដៅ​ទៅ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​មេ​ដឹក​នាំ​ឡាវ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ Thongloun Sisoulith ដែល​ថា ​នឹង​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ដោយ​មានការ​សិក្សា​ត្រឹម​ត្រូវ​មួយ។​

លោក​អាន ពេជ្រហត្ថដា ​(An Pich Hatda) ​មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«គាត់​បាន​កត់​សម្គាល់​ថា​ ការ​អភិវឌ្ឍទំនប់​វារី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​ ត្រូវ​តែ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ត្រឹមត្រូវ​ និង​ដំណោះ​ស្រាយ​ដែល​ត្រូវ​បាន​រៀបចំបាន​យ៉ាង​ល្អ​ ដោយ​គម្រោង​ទាំង​ឡាយ​ត្រូវ​តែ​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​ និង​ត្រូវ​តែ​ផ្អែក​លើព័ត៌មាន​បែប​វិទ្យា​សាស្ត្រ​ និង​ទស្សនៈ​របស់​អ្នក​ជំនាញ»។​

ការ​រៀបចំ​វេទិកា​តំបន់​លើក​ទីប្រាំ​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ស្តីពី​កិច្ច​ពិភាក្សា​ជាមុន​នៃ​គម្រោង​ប៉ាក់ឡាយ​នេះ​ បាន​ធ្វើ​ឡើង​ ប្រមាណ​ជា​ពីរ​ខែ​ ក្រោយ​ហេតុ​ការណ៍​បាក់​ទំនប់​ Xe-Pian Xe-Namnoy​ ក្នុង​ខេត្ត​ ​Atapeu​ ​ប្រទេស​ឡាវ​ ​ដែល​ស្ថិត​ក្បែរ​ព្រំដែន​ប្រទេស​កម្ពុជា។​ ​មនុស្ស​ប្រមាណ​៧​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន ក្រោយ​ពី​មាន​ហេតុ​ការណ៍​បាក់​ទំនប់​វារីអគ្គិសនី​ដ៏​មហន្តរាយ​នេះ។​

ក្រៅពីផែន​ការ​សង់​ទំនប់ប៉ាក់ឡាយ​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម​នោះ​ ប្រទេស​ឡាវកំពុង​សាង​សង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម​ដដែល​ ក្នុង​នោះ​មាន​ទំនប់​សាយ៉ា​ប៊ូរី (Xayaburi)​ ​និង​ដនសាហុង​ ​(Don Sahong)​ ​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ធនធាន​ទឹក​ ​និង​ត្រី។​

មន្ត្រី​រដ្ឋាភិបាល​ឡាវ​មួយ​រូប​គឺ​លោក​ ​Chansaveng Boungnong​ ​អគ្គនាយក​នាយកដ្ឋាន​គោល​នយោបាយ​ផែនការ​ថាមពល​នៅក្រសួង​ថាមពល​ ​និងរ៉ែ​របស់​រដ្ឋាភិបាល​ឡាវ​ ​បាន​ប្រាប់​អ្នក​ចូល​រួម​វេទិកា​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ប្រទេស​ឡាវ​មាន​ទំនប់​វារី​អគ្គិសនី​ចំនួន​៤៦​ ​ដែល​កំពុង​ត្រូវបានសាងសង់​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២០។​ ​ទំនប់​ទាំង​នេះ​អាច​ផលិត​បាន​ថាមពល​ជាង​៥៥០០​មេ​ហ្គាវ៉ាត់។​

នៅ​ឆ្នាំ​២០២៥​ខាង​មុខ ប្រទេស​ឡាវ​ក៏​គ្រោង​បញ្ចប់​ការ​សាងសង់​ទំនប់​ចំនួន​៤៦​ផ្សេង​ទៀត​ ដែល​ទំនប់ទាំង​នេះនឹង​ផលិត​បាន​ថាមពល​អគ្គិសនីជាង​៣៥០០​មេហ្គាវ៉ាត់​ផង​ដែរ។ ​ជា​សរុប​ បើ​បូកជាមួយ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ និង​ទំនប់​ផ្សេង​ទៀត​ ឡាវ​នឹង​មាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដល់​ទៅ​១៤៥​ និង​អាច​ផលិត​ថាមពល​បាន​ជាង​១៦០០០​មេហ្គាវ៉ាត់។​

​លោក​ ​Chansaveng Boungnong​ ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​របស់​ VOA​ ​ទេ​ ក្រោយ​ថ្លែង​ក្នុង​វេទិកា​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

ទាក់ទង​បញ្ហា​ផល​ប៉ះពាល់​ខាង​បរិស្ថាន​ និង​សង្គម​ ដែល​អាច​បង្ក​ឡើង​តាម​ការ​សាងសង់​ទំនប់​ប៉ាក់​ឡាយ​នោះ តំណាង​ក្រុមហ៊ុន​ចិន​ POWERCHINA RESOURCES​ ​(LAO) SOLE LTD​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​នានា​ នៅ​មុន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ប៉ាក់ឡាយ​ ដែល​អាច​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២១៣០​លាន​ដុល្លារ។​ ​គម្រោង​សាង​សង់​ទំនប់​ដដែល​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ ​China National Electronic Import-Export Corporation​ ​ផង​ដែរ៕

XS
SM
MD
LG