ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Mattis ​ថា ​លោក​ Putin ​ទៅ​ដេក​ពេល​យប់​«ដោយ​ភ័យ​ខ្លាច»​


រូប​ឯកសារ៖ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក ​Jim Mattis នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុមប្រឹក្សា​ការបរទេស​ក្នុង​បូរី New York សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០១៩។
រូប​ឯកសារ៖ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក ​Jim Mattis នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុមប្រឹក្សា​ការបរទេស​ក្នុង​បូរី New York សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០១៩។

អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក ​Jim Mattis ​បាន​និយាយ​មាក់​ងាយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin​ និង​បាន​រិះគន់​ការ​ឈ្លានពាន​របស់​លោក​លើ​ប្រទេស​អ៊ុយក្រែន​ថា​«អសមត្ថភាព» ​និង«ឆ្កួត​លីលា»។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​រដ្ឋធានី​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​លោក ​Mattis ​បាន​ប្រៀប​ធៀប​លោក ​Putin ​ទៅ​នឹង​តួអង្គ​កើត​ជំងឺ​ខ្លាច​រអា​នៅ​ក្នុង​រឿង​ប្រលោម​លោក​របស់​លោក​ Fyodor Dostoesky ​ដែល​ជា​អ្នក​សរសេរ​ប្រលោម​លោក​ជនជាតិ​រុស្ស៊ី។

លោក​ Mattis​ បាន​និយាយ​ទៀត​ថា៖ ​«លោក ​Putin​ ដូច​ជា​សត្វ​ចម្លែក​នៅ​ក្នុង​រឿង​ប្រលោម​លោក​របស់​លោក Dostoevsky។ ​ លោក​ទៅ​ដេក​នៅ​ពេល​យប់​ដោយ​គិត​ថា​ រុស្ស៊ី​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​សុបិន​អាក្រក់»។​

លោក ​Mattis ​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​តិចតួច​ចាប់​តាំង​ពី​លោក​បាន​លាចេញ​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨​ដោយសារ​ការ​ខ្វែង​គំនិត​ជា​មួយ​អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Donald Trump​ អំពី​គោល​នយោបាយ​ការ​បរទេស។​

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ លោក ​Mattis​ មិន​បាន​និយាយ​អំពី​ការខ្វែង​គំនិត​ទាំង​នោះ​ចំៗ​ទេ។​ លោក​គ្រាន់​តែ​និយាយ​ថា​ លោក ​Trump ​បាន​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មិន​ធ្លាប់​មាន​ពី​មុខ​ ដែល​បាន​ធ្វើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​មាន​បញ្ហា​នៃ​ទំនាក់​ទំនង​ជាមួយ​សម្ពន្ធមិត្ត។​

ការ​អត្ថាធិប្បាយ​របស់​លោក​ Mattis​ ភាគ​ច្រើន​បាន​ផ្តោត​លើ​លោក ​Putin​ ដែល​លោក​បាន​ចាត់​ទុក​ថា​ ជា​មនុស្ស​មិន​នឹង​ន​ហើយ​មិន​អាច​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​ឈ្លាស​វៃ​ ដោយ​សារ​ខ្វះ​មនុស្ស​ផ្តល់​យោបល់​ល្អៗ​ដល់​លោក។​

នៅ​ពេល​គេ​សួរ​អំពី​មេរៀន​ដ៏​ធំ​បំផុត​ដែល​លោក​ដឹង​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ លោក Mattis​ បាន​ឆ្លើយ​ថា ​«កុំ​ឱ្យ​ពួក​ឧត្តម​សេនីយ៍​ដែល​អសមត្ថភាព​ទទួល​ខុសត្រូវ​កិច្ច​ប្រតិបត្តិការ​របស់​លោក​អ្នក»៕​

XS
SM
MD
LG