ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនមានចេតនាបោះបង់ការចង់គ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ ប៉ុន្តែលោកហាក់ដូចជាយល់ថា យោធារបស់លោកដែលធ្លាប់ខ្លាំងពីមុននោះប្រហែលជាមិនអាចផ្តល់ឱ្យលោកនូវអ្វីដែលលោកចង់បាននោះទេ យ៉ាងហោចណាស់នៅពេលនេះ។
ការវិភាគចុងក្រោយបង្អស់ដែលត្រូវបានចែករំលែកដោយមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃពុធ បានបង្ហាញបន្ថែមទៀតថា អាចនឹងមានការបើកឱកាសធ្វើឱ្យការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ននៅអ៊ុយក្រែនដល់ទីបញ្ចប់ បើទោះជារុស្ស៊ីមើលឃើញថា វាគ្រាន់តែជាឱកាសដើម្បីឱ្យរុស្ស៊ីមានលទ្ធភាពកាន់តែប្រសើរឡើងសម្រាប់ការដណ្តើមយកនាពេលអនាគតក៏ដោយ។
លោកស្រី Avril Haines នាយិកាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីល្ងាចថ្ងៃពុធថា «យើងវាយតម្លៃនៅដំណាក់កាលនេះថាកងកម្លាំងជើងគោករបស់រុស្ស៊ី បានធ្លាក់ចុះដល់ចំណុចដែលត្រូវចំណាយពេលជាច្រើនឆ្នាំទើបស្តារឱ្យបានដូចពីមុនវិញ» ។លោកស្រីថ្លែងដូច្នេះនៅ អំឡុងកិច្ចពិភាក្សានៅរដ្ឋធានីវ៉ាស៊ីនតោនរៀបចំដោយអង្គការមិនរកកំរ៉ៃឈ្មោះSilverado Policy Accelerator និងក្រុមហ៊ុនបច្ចេកវិទ្យា Google។
លោកស្រីHaines បាននិយាយថា «សូម្បីតែគោលដៅយោធារយៈពេលខ្លីរបស់ពួកគេគឺពិតជាមិនអាចសម្រេចបាននៅពេលនេះដែរ ។ តាមទស្សនៈរបស់យើង យើងអាចសន្និដ្ឋានបានទាំងស្រុងថា យោងតាមសភាពការណ៍ប្រែប្រួលក្នុងរយៈពេលប៉ុន្មានខែខាងមុខ លោក Putin ជឿជាក់ថា វាមានតម្លៃជាធរមាន ដែលត្រូវធ្វើការព្រមព្រៀងមួយចំនួន»។
មេដឹកនាំសហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការអូតង់បានសម្តែងការគាំទ្រសម្រាប់អ៊ុយក្រែនម្តងហើយម្តងទៀត ហើយបានផ្តល់ការគាំទ្រមានទឹកប្រាក់រាប់ពាន់លានដុល្លារតាមរយៈប្រព័ន្ធអាវុធ និងជំនួយសន្តិសុខផ្សេងទៀត ដែលអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដែលដំបូងឡើយផ្តោតលើការដណ្តើមយករដ្ឋធានី កៀវ។ ប៉ុន្តែខណៈប្រទេសលោកខាងលិចបាននិយាយថា អ៊ុយក្រែននឹងសម្រេចថា តើត្រូវបញ្ចប់សង្រ្គាមដោយរបៀបណា និងនៅពេលណានោះ មន្ត្រីសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា មានដំណោះស្រាយសម្រាប់ការចរចាជាយថាហេតុ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារ The Associated Press និង Reuters)