មេដឹកនាំប្រទេសលោកខាងលិចបានផ្តល់សញ្ញាបញ្ជាក់ពីការចូលរួមសន្និសីទកំពូលរបស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬG-20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅខែវិច្ឆិកាខាងមុខ ថ្វីបើបានគំរាមធ្វើពហិការមិនចូលរួមកាលពីដំបូង ហើយរដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងចូលរួមសន្និសីទនោះតាមអនឡាញ។
នៅក្នុងការនិយាយតាមទូរស័ព្ទជាមួយពួកអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ពួកគេនឹងសម្រេចនៅ«ពេលដ៏សំខាន់មួយ»ថា តើលោក Putin នឹងចូលរួមសន្និសីទកំពូលនោះដោយផ្ទាល់ឬយ៉ាងណា។
ការចូលរួមតាមអនឡាញរបស់លោក Putin នៅឯសន្និសីទកំពូល G-20 អាចដោះស្រាយការឈឺក្បាលខាងការទូតរបស់ឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះ ដែលបានស្ថិតក្រោមសម្ពាធរបស់ប្រទេសលោកខាងលិចឱ្យដករដ្ឋាភិបាលក្រុងមូស្គូចេញពីជំនួបរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង២០ក្នុងពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង ៧ ឬ G-7 បានថ្លែងកាលពីពេលមុនថា ពួកគេនឹងមិនចូលរួមសន្និសីទកំពូលនោះទេ ប្រសិនបើលោក Putin មិនត្រូវបានដកចេញពីសន្និសីទកំពូលនេះ។
ក្នុងឋានៈជាប្រធាន G-20 នៅឆ្នាំនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានបំពេញបេសកកម្មការទូតដើម្បីស្រោចស្រង់សន្និសីទកំពូលនេះ។ លោកបានជួបលោក Putin នៅក្នុងទីក្រុងមូស្គូកាលពីថ្ងៃព្រសហ្បតិ៍ បន្ទាប់ពីជំនួបកាលពីថ្ងៃពុធជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងទីក្រុងកៀវ និងមេដឹកនាំក្រុមប្រទេស G-7 នៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងសប្តាហ៍នេះ។
រដ្ឋាភិបាលក្រុងហ្សាការតាបានប្រកាសកាលពីខែមេសាថា ខ្លួនបានអញ្ជើញប្រទេសរុស្ស៊ីដែលជាសមាជិក G-20។ ឥណ្ឌូណេស៊ីបានស្វះស្វែងបិទគម្លាតរវាងការខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដកលោក Putin ពីវេទិកាសកលជាច្រើនដែលជាការដាក់ទណ្ឌកម្មចំពោះការឈ្លានពានប្រទេសអ៊ុយក្រែន និងសមាជិកផ្សេងទៀតដូចជាប្រទេសឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង ម៉ិចស៊ិក និងប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលចង់ឱ្យរបៀបវារៈនេះផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។
លោក Zelenskyy បានប្រាប់លោក Widodo កាលពីថ្ងៃពុធថា លោកនឹងចូលរួមសន្និសីទកំពូលនោះដោយអាស្រ័យលើស្ថានភាពឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តឡើង ហើយនឹងសមាភាពរបស់អ្នកចូលរួមសន្និសីទកំពូលនោះ៕
បន្ទាប់ពីបេសកកម្មការទូតរបស់ឥណ្ឌូណេស៊ី មេដឹកនាំលោកខាងលិចថា ពួកគេនឹងចូលរួមសន្និសីទកំពូល G-20 នៅកោះបាលី
វ៉ាស៊ីនតោន —