ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាង​ក្រុមហ៊ុន​ Mega First​ ការ​ពារ​គម្រោង​ទំនប់​វារី​អគ្គិសនី​ដនសាងហុង​


រូបភាពឯកសារ៖ ផែនទីទីតាំង​​គម្រោង​ទំនប់​វារី​អគ្គិសនី​ដនសាងហុង​។
រូបភាពឯកសារ៖ ផែនទីទីតាំង​​គម្រោង​ទំនប់​វារី​អគ្គិសនី​ដនសាងហុង​។

កំណត់​និពន្ធ៖ កន្លង​មក​ការ​ព្រួយ​បារម្ភ​ជាច្រើន​ត្រូវ​បាន​គេ​លើក​ឡើង​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​របស់​ប្រទេស​ឡាវ​ ជាពិសេស​ពាក់​ព័ន្ធ​នឹង​ផល​ប៉ះ​ពាល់​ទៅលើ​ចរាចរ​ត្រី​ និង​គុណភាព​ទឹក​ទន្លេ​មេគង្គ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ ​វៀតណាម និង​ថៃ។​ ប៉ុន្តែ​ក្រុម​ហ៊ុន​អភិវឌ្ឍទំនប់​នោះ​គឺ​ក្រុម​ហ៊ុន Mega First​ របស់​ប្រទេស​ម៉ាឡេស៊ី​លើក​ឡើង​ថា ​ការ​ព្រួយបារម្ភ​ទាំង​នោះ​គឺ​គ្មាន​មូលដ្ឋាន​និង​មិន​ឆ្លុះបញ្ចាំង​ការណ៍​ពិត​ទេ។​ លោក​ សាយ មុន្នី ​នៃ​វីអូអេ​ បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ​នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​បរិស្ថាន​របស់​ក្រុមហ៊ុន​នោះ​គឺ​លោក Peter Hawkins នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​គម្រោង​របស់​ក្រុមហ៊ុន​នោះ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។

សំណួរ៖ ជម្រាប​សួរ​លោក Peter Hawkins។ ​លោក​បាន​លើក​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​របស់​លោក​ថា​ ទំនប់​ដនសាហុង​នឹង​គ្មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ទៅ​លើ​ប្រទេស​នៅខ្សែ​ទឹក​ខាងក្រោម​ ដូច​ជា​កម្ពុជា​ និង​វៀតណាម និង​ប្រទេស​នៅ​ខ្សែ​ទឹកខាងលើ​ ដូច​ជា​ថៃ​ជាដើមនោះទេ។ ​ប៉ុន្តែ​ប្រទេស​ទាំង​នេះ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​អំពី​ផល​ប៉ះពាល់​ជាច្រើន​នៃ​គម្រោង​ទំនប់​ដែល​ក្រុម​ហ៊ុនរបស់​លោក​កំពុង​អភិវឌ្ឍ ជាពិសេស​ផល​ប៉ះពាល់ ​ដូចជា​កករ​ដី​ និង​ចរាចរ​ត្រី។ ​តើ​លោក​ឆ្លើយតប​យ៉ាង​ដូច​ម្តេច​ចំពោះ​ការ​ព្រួយ​បារម្ភ​ទាំង​នោះ?​

ចម្លើយ៖​ ខ្ញុំបាន​អាន​តាម​សារ​ព័ត៌មាន​ថា ​ប្រជាជន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន។ ឧទាហរណ៍ ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ខ្ញុំដឹង​ថា ​ប្រជាជន​ព្រួយ​បារម្ភ​ថា​ គម្រោង​នេះ​នឹង​ប៉ះពាល់​ទៅលើ​ចំនួន​កករ​ដី​ល្បាប់​ដែលកំពុង​ហូរ​ចូល​ទៅ​ក្នុង​ដែនដី​សណ្តរ។ ​ពួក​គេ​បារម្ភ​ថា ​គម្រោង​នេះ​នឹង​ផ្លាស់​ប្តូរទ្រង់​ទ្រាយនៃ​លំហូរ​ទឹក​ទន្លេ​មេគង្គ ​និង​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ជាតិ​ប្រៃ​ពី​សមុទ្រ​ ហើយ​កន្លង​មក​មាន​ការ​កើន​ឡើង​ជាតិ​ប្រៃ​នៅក្នុង​ដែនដី​សណ្តរ​ទន្លេ​មេគង្គ។​

ដូច្នេះ​ទាំង​ពីរ​នេះ​គឺ​ជា​បញ្ហាដែល​សារ​ព័ត៌មាន​វៀតណាម ​ជាពិសេស​ បាន​កំពុង​ផ្សព្វផ្សាយ​ ហើយពួកគេ​កំពុង​ភ្ជាប់​បញ្ហា​ទាំង​ពីរ​នេះ​ទៅ​នឹង​គម្រោង​ទំនប់នេះ។​

ឥឡូវ​ ​ដូច​ខ្ញុំ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​រួច​ហើយគឺ​ថា ​ការ​ព្រួយបារម្ភ​ទាំង​នោះ​មិន​ពិត​នោះ​ទេ។ ​មូលហេតុ​គឺ​ថា ​បើ​តាម​ទំហំ​នៃ​ការ​អភិវឌ្ឍ​វារី​អគ្គិសនី​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ ​គម្រោង​នេះ​តូច​តាច​ណាស់​គឺ​តូច​មែនទែន ​បើ​ធៀប​ទៅនឹង​ទំនប់​ធំៗ​ដទៃ​ទៀត​នៅ​ខ្សែ​ទឹក​ខាង​លើ​ក្នុង​ប្រទេស​ឡាវ​ ​ហើយ​ជា​ពិសេស​នៅ​ក្នុង​ប្រទេសចិន។​

ខ្ញុំ​បាន​បង្ហាញ​នៅ​ថ្ងៃ​នេះដែរ​នូវ​ទិន្នន័យ​ខ្លះៗ ដែល​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទំនប់​ចំនួន​២​របស់​ចិន​បាន​បង្កើន ​និង​កំពុង​ស្តុក​ទឹក​ចំនួនទ្វេដងហើយ​អាច​បញ្ចេញ​ពេល​ណា​ក៏​បាន។

នៅ​ក្នុង​ការ​វាយ​តម្លៃ​ហានិភ័យ​នៃ​អាងស្តុកទឹក​របស់​ទំនប់​វារី​អគ្គិសនី​ ទំហំ​អាង​គឺ​ស្ទើរតែ​ក្តោប​អ្វីៗទាំង​អស់។ ​ទំនប់​កាន់​តែ​ធំ ​ទំហំ​អាង​ក៏​កាន់​តែ​ធំ​ ហើយ​លទ្ធភាព​នៃ​ការ​រាំង​ខ្ទប់​កករ​ និង​ការ​ផ្លាស់ប្តូរ​គុណភាព​ទឹក​ក៏​កាន់​តែ​ខ្ពស់។ ប្រាកដ​ណាស់​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទ្រង់ទ្រាយ​នៃ​លំហូរ​ទឹក ប្រសិន​បើ​អ្នក​ស្តុក​ទឹក​បរិមាណដ៏​ច្រើន​នោះ។​

ប៉ុន្តែ​សម្រាប់​គម្រោង​នេះ ​អាង​ស្តុកទឹក​ត្រូវ​បាន​គេ​ហៅ​ថា ស្រះ​ទឹក​ជម្លៀស។​ វា​មាន​ចំណុះ​តិចតួច គឺ​អាច​ស្តុក​ទឹក​បាន​២​ម៉ឺន​៧​ពាន់​ម៉ែត្រ​គុប។ ​ចំណុះ​អាង​ស្តុក​ទឹក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ បច្ចុប្បន្នគឺ​មាន​ចំនួន​៤៦​គីឡូម៉ែត្រ​គុប។ ​ដូច្នេះ​គម្រោងនេះ​តំណាង​ឲ្យ​តែ​០.០១​ភាគរយ​នៃ​ចំណុះ​នោះ​ប៉ុណ្ណោះ។​

ចុះ​ចំណែក​ទំនប់​ចិន​ទាំង​ពីរ​នោះ​វិញ? ​ពួកវា​មាន​ចំណុះ​២៣​គីឡូម៉ែត្រ​គុប​គឺ​ពាក់​កណ្តាល​នៃ​ចំណុះ​ទឹក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុងក្រោយ ​ដែល​ត្រូវ​បាន​បន្ថែម។​

ខ្ញុំ​យល់​ពី​ការ​ព្រួយ​បារម្ភ​នេះ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​ព្រួយ​បារម្ភ​ដែល​ចេញ​មក​ពី​ប្រទេស​វៀតណាម​ តាម​ពិត​គឺ​ព្រួយ​បារម្ភ​អំពី​ទំនប់​ចិន​ទៅ​វិញ​ទេ។ ​ពួក​គេ​នឹង​យល់​ខុស ​ប្រសិន​បើ​ពួកគេ​គិត​ថា ​គម្រោង​ទំនប់​ដនសាហុង​នេះ​នឹង​បង្ក​បញ្ហា​ទាំង​ពីរ​នោះ​គឺ​ការ​រាំង​ខ្ទប់​កករ​ដី​ល្បាប់ ​និង​ការ​កើន​ឡើង​ជាតិ​ប្រៃ​ពីសមុទ្រ ពី​ព្រោះ​វា​មិន​មែន​ដូច្នេះ​ទេ។ វា​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​ទំនប់​នេះ​តូច​ណាស់។​

មាន​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​ដែរ​ ដែល​ត្រូវ​បាន​លើកឡើង​ដោយ​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រជាជន​នៅ​ក្នុង​ប្រទេស​វៀតណាម។ នោះ​គឺ​ផ្លូវ​ត្រី។​ កង្វល់​នេះ​ចេញ​មក​ពី​ស្នាដៃ​ការងារ​របស់​លោកបណ្ឌិត Ian Baird ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ទសវត្សន៍​ឆ្នាំ​១៩៩០។ ​លោក​ Ian Baird​ ធ្លាប់​រស់​នៅ​ក្នុង​តំបន់​នេះ​ អស់​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ឃ្លាំមើល​អ្នក​នេសាទ​ឃ្លាំ​មើល​អ្វី​ដែល​ពួក​គេ​ធ្វើ ឃ្លាំមើល​ថា ​តើ​ពួក​គេ​ចាប់​បាន​ត្រី​អ្វី​ខ្លះ ហើយ​ពួក​គេ​ចាប់​ត្រី​ទាំងនោះដោយ​របៀប​ណា?​ គាត់​បាន​សរសេរ​របាយ​ការ​ណ៍​វិទ្យាសាស្ត្រ​មួយ​ចំនួន​អំពី​សកម្មភាព​ទាំង​នោះ។ ​របាយ​ការណ៍​មួយ​ក្នុង​ចំណោម​របាយ​ការណ៍​ដែលគាត់បាន​ផលិត​នោះ ​ឥឡូវ​នេះ​មាន​សម្រង់​សម្តី​ដ៏ល្បី​ល្បាញ​មួយ​នៅ​ក្នុង​នោះ ​ដែលនិយាយ​ថា ច្រក​សាហុង​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ត្រី​អាច​ហែល​ឆ្លងកាត់​បាន​ពេញ​មួយ​ឆ្នាំ។ ​ទឡ្ហីករណ៍​របស់​គាត់​គឺ​ថា វា​គឺ​ជា​ច្រក​ដ៏​សំខាន់​ស្លាប់​រស់​សម្រាប់​ឲ្យត្រីហែល​ឆ្លងកាត់។​ ប្រយោគ​ជាក់​លាក់​នោះ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​របាយ​ការណ៍របស់​គាត់​ដែល​ផលិត​ក្នុង​ឆ្នាំ​១៩៩៥ ​ហើយ​ត្រូវ​បាន​មនុស្ស​ជាច្រើននិយាយតាម​ច្រំ​ដែលៗ​ ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​រួម​ទាំង​សារ​ព័ត៌មាន​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងសូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ផង​ដែរ។​

កង្វល់​របស់​ខ្ញុំ​គឺ​ថា​ ទិន្នន័យ​សម្រាប់​គាំទ្រ​ទឡ្ហីករណ៍​នោះ​គឺ​មិន​មាន​លក្ខណៈ​វិទ្យា​សាស្ត្រ​ទេ។ ​គ្មាន​ទិន្នន័យ​អំពី​ចំនួន​ត្រី​ដែល​គេ​ចាប់​បាន និង​ផ្លូវ​ត្រី​តាមបណ្តោយ​ច្រក​នេះ​ទេ។ គ្មាន​ការ​វាស់​វែង​តាម​បែប​បរិមាណ​អំពី​ចំនួន​ត្រី​ ដែល​ចូល​តាមច្រក​សាមភឿក និង​ច្រក​សាដាម ហើយ​នឹង​ចំនួន​ត្រី​ដែល​ចេញ​តាម​ច្រកទាំងពីរ​នេះ​ទេ។​

អ្នក​ត្រូវ​កត់​ត្រា​ពី​ជោគ​ជ័យ​នៃ​ច្រក​ត្រី​ហែល​ឆ្លង​កាត់​នេះ។ ​អ្នក​ត្រូវ​តែ​ដឹង​ថា​ តើ​ត្រី​ចូល​ប៉ុន្មាន​ និង​ចេញ​ទៅ​វិញ​ប៉ុន្មាន។​

សំណួរ៖ ប៉ុន្តែ ​គេ​ក៏​រិះគន់​របាយ​ការណ៍​របស់​លោក​ផង​ដែរ ដោយ​និយាយ​ថា​ របាយ​ការណ៍​របស់​ក្រុមហ៊ុន​លោក​ពុំ​បាន​បង្ហាញ​អំពី​ការ​វាយ​តម្លៃ​ទៅ​លើ​ផល​ប៉ះ​ពាល់​ឆ្លង​ព្រំ​ដែន​នោះ​ទេ។​

ចម្លើយ៖​ ជា​ការណ៍​ពិត​ណាស់ ​ខ្ញុំ​បាន​ពន្យល់​ពី​ផល​ប៉ះពាល់​ឆ្លង​ដែន​សំខាន់ៗ ពី​ផល​ប៉ះពាល់​នៃ​គម្រោង​វារី​អគ្គិសនី​ទៅ​លើ​ខ្សែ​ទឹក​ខាង​ក្រោម។ ​ទាំង​នេះ​ត្រូវ​តែ​មាន​ការ​ប្រែ​ប្រួល​គុណភាព​ទឹក ​ការ​រាំង​ខ្ទប់​កករ​ដី ​ការប្រែប្រួល​លំហូរ​ទឹក ​ការជម្លៀស​ប្រជាជន​ ដោយសារ​ការ​បញ្ចេញ​ទឹក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់។​

ប៉ុន្តែ​គម្រោង​ដនសាហុង​នេះ​គ្មាន​បាតុភូត​ទាំង​អស់​នេះ​ទេ ​ពី​ព្រោះ​វា​តូច​ណាស់។ វា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទ្រង់ទ្រាយ​នៃ​លំហូរ​ទឹក​នៅ​ខាង​ក្រោម​ខ្សែ​ទឹក​ទេ។ ​វា​មិន​បាន​រាំង​ខ្ទប់​កករ​ដី​ ហើយវាក៏​មិន​បាន​ធ្វើ​ឲ្យ​ប្រែ​ប្រួលគុណ​ភាព​ទឹក​ដែរ។​

ដូច្នេះ ​ការ​ព្រួយ​បារម្ភ​ទាំង​អស់​នេះ​គឺ​គ្មាន​មូល​ដ្ឋាន​អ្វី​ឡើយ។ ​គ្មាន​អំណះអំណាង​ណា​មួយ​ដើម្បី​គាំ​ទ្រ​វា​ទេ។ ​មាន​ភស្តុតាង​តាម​បែប​វិទ្យា​សាស្រ្ត​ជាច្រើន​ដែល​គាំទ្រ​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ។ ​ដូច្នេះ​វា​បាន​បន្សល់​នូវ​សំណួរ​មួយ​គឺ៖​ តើ​នឹង​មាន​ផល​ប៉ះពាល់​ដល់​ចរាចរ​ត្រី​នៅ​ខ្សែ​ទឹក​ខាង​លើ​ និង​ខាង​ក្រោម​ឬ​ទេ?​

ខ្ញុំ​កំពុង​តែ​ព្យាយាម​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ​ ដោយ​និយាយ​ថា ​នេះជា​លើក​ដំបូង​ហើយដែល​យើង​កំពុង​ប្រមូល​ភស្តុតាង។ ​យើង​កំពុង​តែ​ប្រមូល​ទិន្នន័យ​គោល​ដែល​ផ្អែក​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​តាម​បែប​វិទ្យា​សាស្ត្រ​យ៉ាង​ល្អិតល្អន់​អំពី​ផ្លូវ​ត្រី​នៅ​ក្នុង​ច្រក​ទាំង​នេះ។ ​ឧទាហរណ៍​ ដូច​យើង​ឃើញ​ស្រាប់​ច្រក​នេះ​គឺ​ជា​ផ្លូវ​ត្រី​ហែល​ឆ្លងកាត់​បាន​ដោយ​ជោគជ័យ។​

ឥឡូវ​លោក​អៀន បៀត​បាន​សរសេរ​នៅ​ក្នុង​ឆ្នាំ​១៩៩៥​ថា ​ផ្លូវ​ត្រី​នេះ​គឺ​ច្រក​សាដាម​ គឺ​ជា​ច្រក​ដ៏​សំខាន់​សម្រាប់​ត្រី​ធ្វើ​ចរាចរ​នៅ​ក្នុង​ពេល​មួយ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ថា​ ​ច្រក​សាមភឿក​ ច្រក​មួយ​ទៀត​ដែល​គម្រោងនេះ​កំពុង​យក​ជា​គោល​ដៅ​ធ្វើ​ជា​ផ្លូវ​ត្រី​ជំនួស​គឺ​ជា​ច្រក​ដ៏​សំខាន់​ នៅ​ពេល​ជាក់​លាក់​មួយ​ក្នុង​មួយ​ឆ្នាំ។ ​សំណួរ​ដែល​ខ្ញុំ​សួរ​គឺ​ថា ​ហេតុ​អ្វី?​

ហេតុអ្វី​បាន​ជា​វា​សំខាន់​នៅ​ពេល​ជាក់លាក់​ណាមួយ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ម៉េច​មិន​សំខាន់​នៅ​ពេល​ផ្សេង​ទៀត?​

លោក​អៀន បៀត​មិន​បាន​បង្ហាញ​ទិន្នន័យ​ណាមួយ​អំពី​លំហូរ​ទឹក​នៅ​ក្នុង​ច្រក​ទាំង​នេះ​ទេ ​នៅពេល​ដែល​គាត់​កំពុង​ប្រមូល​ទិន្នន័យ​ពី​អ្នក​នេសាទ​ និង​ស្តាប់​រឿង​រ៉ាវ​របស់​ពួក​គេ​នោះ។​

ដូច្នេះ​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​កាល​ពី​ព្រឹក​មិញ​នេះ​គឺ​ជា​ការ​ទស្សន៍ទាយ​របស់​យើង​អំពី​អ្វី​មួយ​ដែល​លំហូរ​ទឹក​អាច​មាន​នៅ​ក្នុង​ច្រក​សាមភឿក ​និង​ច្រកសាហុង​នៅ​ក្នុង​ឆ្នាំ​ដែល​លោក​អៀន បៀត​នៅទី​នេះ​ក្នុង​ឆ្នាំ​១៩៩២​ ឆ្នាំ​១៩៩៣​ឆ្នាំ​១៩៩៤​និង​ឆ្នាំ​១៩៩៥។ ​នៅ​ក្នុង​ឆ្នាំ​ទាំង​នោះ​ ទឹក​នៅ​ក្នុង​ច្រក​សាមភឿក ​និង​សាហុង​មាន​កម្រិត​ទាប​មែនទែន​នៅ​រដូវ​ប្រាំង។ នៅ​ក្នុង​ច្រក​សាមភឿក ​គេ​ព្យាករណ៍​ថា ​លំហូរទឹក​ប្រចាំ​ថ្ងៃ​អាច​តិច​ជាង​១០​ម៉ែត្រ​គុបក្នុង​មួយ​វិនាទី។​

ឥឡូវ​២០​ឆ្នាំ​ក្រោយម​ក​ វា​ជា​ពិភព​ផ្សេងមួយ​ទៀត។​ ភាព​ខុស​គ្នា​គឺ​ដោយសារ​តែ​ទំនប់​ចិន។ ​ទំនប់​ធំៗ​ទាំងពីរ​នៅ​ខ្សែ​ទឹក​ខាង​លើ​នោះ​កំពុងតែ​រាំង​ខ្ទប់បរិមាណ​ទឹក​ចំនួន​២៣​គីឡូម៉ែត្រ​គុប​បន្ថែម​ទៀត។ ​ពួក​វា​រាំង​ខ្ទប់​ទឹក​នៅ​រដូវ​វស្សា​ និង​បញ្ចេញ​ទឹក​ទាំង​នោះ​មក​វិញ​នៅ​រដូវ​ប្រាំង។​

ដូច្នេះ​ការ​អង្កេត​ដែល​យើង​បាន​ធ្វើបង្ហាញ​ថា លំហូរ​ទឹក​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ច្រក​សាមភឿក​គឺ​មាន​ចំណុះ​ច្រើន​ជាង​មុន​១០​ដង។ ​លំហូរ​ប្រចាំ​ថ្ងៃ​តិច​បំផុត​ដែលយើង​មាន​ឥឡូវ​នេះ​គឺ​មាន​ចំនួន​១០​ដង​ច្រើន​ជាង​ពេល​លោក​អៀន បៀត​កំពុង​ប្រមូល​ទិន្នន័យ​ពី​អ្នក​នេសាទ​ទៅ​ទៀត។​ ដូច្នេះ​ឥឡូវ​យើង​មាន​ទឹក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​រដូវ​ប្រាំង។​

ហេតុ​ដូច្នេះ​ហើយ​ច្រក​សាមភឿក​គឺ​ជា​ផ្លូវ​ត្រី​ហែល​ឆ្លងកាត់​ដ៏​ជោគជ័យ​នៅ​រដូវ​វស្សា​ និង​រដូវ​ទឹក​រាក់​ ប៉ុន្តែ​ទឹក​មិន​អាច​ឡើង​ដល់​កំពូល​នៅ​រដូវ​ប្រាំង​បាន​ទេ​ ដោយសារ​វា​រាំង​ស្ងួត​ គ្មាន​ទឹក​ឲ្យ​ត្រី​ហែល​ទេ។​

ប៉ុន្តែ​គឺដោយសារ​ទំនប់​ចិន ​និងដោយសារ​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ផ្សេងៗទៀត​ដែរ។ ​សូម​កុំ​ភ្លេច​ថា​ ចាប់តាំង​ពី​សម័យ​លោក​អៀន បៀត​មក​ មាន​ការ​បន្ថែម​បរិមាណ​ទឹក​ចំនួន​២៥​ភាគរយ​ទៀត​ ដោយ​ទំនប់​នៅក្នុង​ប្រទេស​ឡាវ​ និង​ទំនប់​នៅក្នុង​ប្រទេស​ថៃ។ ​ដូច្នេះ ​ទឹកទាំង​អស់​នោះ ​រួម​គ្នា​អាច​រួម​ចំណែកដល់​ឱកាស​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ត្រី​ក្នុង​ច្រក​ សាម​ភឿក​ ដោយ​គម្រោងនេះ​មិន​ចាំ​បាច់​ធ្វើ​អ្វី​ទាំង​អស់។​ ឥឡូវទឹក​ទាំង​នោះមាន​ហើយ​ ដែល​វា​មិន​ធ្លាប់​មាន​ពី​មុនមក។​

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ គម្រោង​នេះ​អាច​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដើម្បី​កែ​លម្អ​ផ្លូវ​ត្រី។​របៀបដែល​គេ​អាច​ធ្វើ​បាន​គឺ​ការ​កែ​សម្រួល​ដ៏​សាមញ្ញ​ទៅលើ​ច្រក​ចំនួន​ពីរ​ ដូច​ជា​ច្រក​មួយ​នេះ​ជាដើម។ ​ជីក​មុខ​ទឹក​ឲ្យ​ជ្រៅ​បន្តិច​ដើម្បី​បង្កើន​លំហូរ ​ហើយ​ពិនិត្យ​លើលក្ខណៈ​ជលសាស្ត្រ​នៅ​ទី​ដែល​ត្រី​ពិបាក​ឆ្លងកាត់។ ​កែ​សម្រួល​លក្ខណៈទាំងនោះ​ដើម្បី​បង្កភាព​ងាយ​ស្រួល​ជាង​មុន។ ទាំង​នេះ​មិន​មែន​ជា​កិច្ច​ការ​ពិបាកធ្វើ​នោះ​ទេ។​

ដំបូង​គឺ​ការ​ស្ទង់​វាស់វែង​ដើម្បី​ស្វែង​រក​កន្លែង​ដែល​មាន​ឧបសគ្គ​ខាង​ជល​សាស្ត្រ កន្លែងមាន​ថ្ម ដែល​ត្រូវ​កែ​សម្រួល​ដើម្បី​កែ​លម្អ​ផ្លូវត្រី​ក្នុង​ច្រក​ទាំង​នេះ។​

ប៉ុន្តែ​ក៏​មាន​អ្វី​មួយ​ទៀត​ដែរ​ នោះ​គឺ​សកម្មភាព​មនុស្ស​គឺ​អ្នក​នេសាទ​ត្រី។ ​នៅក្នុង​តំបន់​នេះ ​វា​ជា​តំបន់​ត្រូវ​ប៉ាន់​សម្រាប់​ការ​នេសាទ។ ​វា​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ត្រី​ដែលផ្លាស់​ទី​តាម​ខ្សែ​ទឹក​ខាង​ក្រោមទឹក​ធ្លាក់​ទាំង​នេះ​ក្នុង​រដូវ​ត្រី​ធ្វើ​ចរាចរ​ចុះ​ឡើង។ ​ហើយ​ឧបករណ៍​នេសាទ ​ដូច​ជា​លប​ ដែល​ពួកគេ​ប្រើនោះ​មាន​តម្លៃ​ថ្លៃ​ក្នុង​កម្រិត​ថ្នាក់​ភូមិ ​ប៉ុន្តែ​វា​ជា​ឧបករណ៍​ខុស​ច្បាប់។​

ដូច្នេះ​ ផែនការ​របស់​ក្រុមហ៊ុន​គឺ​ផ្តល់​ឲ្យ​អ្នក​នេសាទ​ទាំង​នោះ​នូវ​ការ​រស់​នៅ​ជា​លក្ខណៈ​មួយ​ថ្មី ​ជា​របៀប​ផ្សេង​ក្នុង​ការ​រកប្រាក់ដើម្បី​កុំ​ឲ្យ​ពួកគេ​ពឹក​ផ្អែក​ទៅ​លើការ​ចាប់​ត្រី​ដែល​កំពុង​ហែល​ឡើង​ទៅ​ពងនៅ​ខ្សែ​ទឹក​ខាង​លើ។ ​ត្រី​ទាំង​នេះ​ឡើងមក​ពងនៅ​ខ្សែ​ទឹក​ខាង​លើ​ល្បាក់​ខោន​នេះ​ ហើយ​ពង​ទាំង​នោះ​ចុះ​ទៅ​ខ្សែ​ទឹកខាង​ក្រោម ​ចូល​ទៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ញាស់ ​ហើយ​ធំ​លូតលាស់​ទៅ​ជា​ត្រី​ធំៗ។​

ឥឡូវគម្រោង​ទំនប់​ដនសាហុង​នេះ​មិន​អាច​គ្រប់​គ្រង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​លើត្រី​ទាំង​នោះ​បាន​ទេ ​ក្នុង​អំឡុង​វដ្ត​នៃ​ជីវិត​របស់​ពួក​គេ។​ ឧទារហណ៍​មួយ​គឺ​ថា ​ ប្រហែល​ជា​១០០​គីឡូម៉ែត្រ ​ពី​ទី​នេះ ​អ្នក​មាន​ទំនប់​មួយ​កំពុង​ត្រូវ​បាន​សាង់សង់ក្នុង​ពេល​ដែល​យើង​កំពុង​និយាយ​នេះ​គឺ​ទំនប់​សេសាន​ក្រោម​២។ ​ទំនប់​នេះ​គ្រោង​នឹង​កាត់​បន្ថយ​ផលិត​ភាព​ត្រី​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ចំនួន​១០​ភាគរយ។ ​គ្មានព័ត៌មាន​ណា​មួយ​អំពី​អ្វី​ដែល​អ្នក​អភិវឌ្ឍ​ទំនប់​នេះ​កំពុង​ធ្វើ​ដើម្បី​កែ​លម្អ​ផ្លូវ​ត្រី​ជុំវិញ​ទំនប់​នោះ​ទេ។ ​ប្រហែល​វា​ជា​កិច្ច​ការ​ដ៏​ពិបាក​ហើយ​មើល​ទៅ។ ​គ្មាន​នរណាដឹង​ឡើយ។​ គ្មាន​ព័ត៌មាន​ដល់​ប្រជាជន​ក​ម្ពុជា ​ហើយ​ក៏​គ្មាន​ព័ត៌មាន​ដល់ពួក​យើង​ដែល​ជាអ្នក​អភិវឌ្ឍ​ទំនប់​នៅ​ទីនេះ​ដែរ។​

ប៉ុន្តែ​អ្នក​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​ហើយ​ថា ​ពួក​យើង​បើក​ទូលាយ​អំពីការ​ផ្លាស់ប្តូរព័ត៌មាន​ដែល​ពួក​យើង​កំពុង​ប្រមូល​អំពី​វិធីសាស្ត្រ​ ដែល​ពួក​យើង​កំពុង​បង្កើត​និង​បច្ចេក​វិទ្យា​ផ្លូវ​ត្រី​ដែល​ពួក​យើង​កំពុង​តែ​ប្រើប្រាស់។ ​ដូច្នេះ​ គេអាច​មើល​ឃើញអ្វី​ដែល​ពួក​យើង​កំពុង​ធ្វើ ​និង​អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ពេល​អនាគត។​

ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ធានា​ថា ​យើង​នឹង​បន្ត​កែ​សម្រួល​ច្រក​នានា​នៅ​ក្នុង​តំបន់​នេះ​ដើម្បី​កែ​លម្អ​ពួក​វា​រហូត​ដល់​ទទួល​បាន​ជោគជ័យ​នៃ​ផ្លូវត្រី​កាត់​តាម​តំបន់​នេះ ​ដែលដូចច្រក​សាហុង​អញ្ចឹង​ដែរ។ ​តាម​ពិត​ទៅ ​ក្រុមហ៊ុន​ក៏​មាន​គោល​បំណង​កែ​លម្អ​ច្រក​ហ្នឹង​ដែរ។​

សំណួរ៖​ តើ​ក្រុមហ៊ុន​របស់​លោក​នឹង​ចាប់​ផ្តើម​សាងសង់​ទំនប់​ដនសាហុង​នេះ​នៅ​ពេល​ណា?​

ចម្លើយ៖​ការ​សាង់សង់​មិន​អាច​ចាប់​ផ្តើម​បាន​ទេ​ បើ​មិន​ទាន់​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សម្បទាន​រវាង​ក្រុមហ៊ុន​អភិវឌ្ឍ​ទំនប់​ និង​រដ្ឋាភិបាល​ឡាវទេ​នោះ។​ ហើយ​ការ​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​នោះ​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​ទេ។​

សំណួរ៖​ តើ​វា​នឹង​អាច​កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០១៥​នេះ​ទេ?​

ចម្លើយ៖ ​ខ្ញុំ​មិន​ដឹង​ទេ។ ​ខ្ញុំ​មានបទពិសោធន៍ខ្លះ​ក្នុង​ការធ្វើ​ការ​ងារ​ក្នុង​ប្រទេស​ឡាវនេះ។ ​ខ្ញុំ​អាច​ជម្រាប​លោក​ថា ​ជួនកាលដំណើរការរបស់​រដ្ឋាភិបាល​ឡាវមានភាព​យឺតយ៉ាវ​បន្តិច ​ហើយ​ពិត​ណាស់ ​គេ​មិន​អាច​ព្យាករណ៍​ពួក​គេ​បាន​ទេ។​ដូច្នេះ​ខ្ញុំ​មិន​អាច​ស្មាន​ថា ​ខ្ញុំ​អាច​ជម្រាប​លោក​ថា​ តើ​ពួកគេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ណា​បាន​ទេ។​

ប៉ុន្តែ​ខ្ញុំ​អាច​ជម្រាប​លោក​បាន​ថា ​ក្រោយ​ពី​ធ្វើ​ការ​សម្រេច​ចិត្ត​ហើយ ​គេ​រំពឹង​ថា ​ការ​សាងសង់​ទំនប់​នេះ​នឹង​ចំណាយពេល​ពី​៤​ឆ្នាំ​កន្លះ​ទៅ​៥​ឆ្នាំ​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់ ​ហើយគម្រោង​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​បាន។​

សំណួរ៖​ សូម​អរគុណ​សម្រាប់​ពេល​វេលា​របស់​លោក។​

ចម្លើយ៖ ​បាទ សូម​អរគុណ៕

XS
SM
MD
LG