គណៈកម្មការទន្លេមេគង្គ(MRC)ដែលមានប្រទេស៤ជាសមាជិកនៅសប្តាហ៍នេះ នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈស្តីការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់ខាងត្បូងនៃប្រទេសឡាវ។ គម្រោងនោះ ជាទំនប់ទឹកដែលបានគ្រោងឡើងមួយនៃទំនប់ទឹកដែលបានគ្រោងឡើងជាបន្តបន្ទាប់នៅក្នុងជលសីមាទន្លេមេគង្គដែលពួកអ្នកបរិស្ថាន និយាយថា អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ចិញ្ចឹមជីវិតមនុស្សរាប់លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការពិគ្រោះជាសាធារណៈប្រចាំតំបន់រយៈពេល២ថ្ងៃនៅទីរួមខេត្តប៉ាក់សេនៃខេត្តចំប៉ាសាក់នៃប្រទេសឡាវ លាតសន្ធឹងនៅភាគខាងជើងនៃទំនប់ដន សាហុងដែលមានកម្លាំង២៦០ម៉េហ្គាវ៉ាត់ដែលបានស្នើឡើងដែលមានព្រំដែនជាមួយប្រទេសកម្ពុជានិងប្រទេសថៃ។
ការពិគ្រោះនោះ ដឹកនាំដោយគណៈកម្មការទន្លេមេគង្គអន្តររដ្ឋាភិបាល (MRC) ជំនួបនោះ នឹងនាំអ្នកតំណាងមកពីប្រទេសឡាវ កម្ពុជានិងវៀតណាមមកជួបជុំគ្នា។
ពួកមន្រ្តី MRC និយាយថា ការពិគ្រោះ នឹងលើកឡើងនូវបញ្ហាព្រួយកង្វល់ស្តីពីផលប៉ះពាល់យ៉ាងខ្លាំងពីការស្ថាបនាទំនប់ទឹកនេះ។
ទំនប់ទឹក ដន សាហុង ជាគម្រោងថាមពលវារីអគ្គិសនីទី២ ដែលគ្រោងឡើងនៅខ្សែទឹកមេនៃទន្លេមេគង្គខាងក្រោមដោយមានការស្ថាបនាទំនប់ទឹកសាយ៉ាបូរី កំពុងសាងសង់ដែលមានតម្លៃ៣ពាន់៥រយលានដុល្លារនៅក្នុងតំបន់ខាងជើងនៃប្រទេសឡាវ ទំនប់នោះ បានធ្វើឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង។
គម្រោងវារីអគ្គិសនី បានផ្តល់ថវិកានិងស្ថាបនាដោយក្រុមហ៊ុនថៃ ដោយមានប្រទេសថៃ ជាអ្នកទិញថាមពលអគ្គិសនីដ៏សំខាន់នោះ បានធ្វើឲ្យមានការតវ៉ាប្រឆាំងពីសហគមន៍មូលដ្ឋាន អ្នកវិទ្យាសាស្រ្តហើយនឹងក្រុមបរិស្ថានដែលមានការភ័យខ្លាចពីផលប៉ះពាល់នេះ។
លោកស្រី Ame Trandem អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការទន្លេអន្តរជាតិដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក និយាយថា ពួកសកម្មជន មានទំនុកចិត្តតិចតួចថា ដំណើរការនៃការពិគ្រោះនោះ នឹងមានផលប៉ះពាល់ដល់លទ្ធផលនៃការសម្រេចចិត្តដើម្បីស្ថាបនាទំនប់ទឹកនេះ។
«យើង មានការព្រួយកង្វល់ជាច្រើនចំពោះភាពត្រឹមត្រូវតាមផ្លូវច្បាប់នៃដំណើរការពិគ្រោះនេះ។ វាបានបញ្ជាក់យ៉ាងច្បាស់ថា នេះ ជាការខំប្រឹងប្រែងដើម្បីប្រថាប់ត្រាដែលបានធ្វើឡើងដោយរដ្ឋាភិបាលឡាវ។ ដូច្នេះហើយ យើង ងឿងឆ្ងល់ថា តើចាំបាច់រៀបចំរៀបចំកិច្ចប្រជុំថ្នាក់តំបន់នេះធ្វើអ្វី?»។
លោកស្រី Trandem បាននិយាយទៀតថា ការខ្វះទំនុកចិត្តនេះ បានកើតមានឡើងបន្ទាប់ពីឡាវ ខកខានមិនបានធ្វើតាមអនុសាសន៍ដែលបានលើកឡើងបន្ទាប់ពីការពិគ្រោះដើម្បីពិនិត្យមើលទំនប់ សៃយ៉ាបូរី ថ្វីបើ មានការអំពាវនាវឲ្យពន្យាពេលគម្រោងនោះដើម្បីវាយតម្លៃឲ្យបានពេញលេញខាងបរិស្ថានហើយនឹងនៅពេលមានការរិះគន់ពីអន្តរជាតិនោះ។ សហរដ្ឋអាមេរិក ជាដៃគូមួយនៃដៃគូមួយចំនួននៃប្រទេសក្នុងគណៈកម្មការទន្លេមេគង្គ(MRC) ដែលព្រមានអំពីការអភិវឌ្ឍន៍ទំនប់វារិអគ្គិសនីសាយ៉ាបូរី។
ពួកអ្នកបរិដ្ឋាន និយាយថា ការស្ថាបនាទំនប់ទឹកដនសាហុងនៅលើល្បាក់ទឹកដ៏សំខាន់នៃទន្លេមេគង្គ នឹងមានផលប៉ះពាល់ដោយផ្ទាល់ដល់បម្លាស់ទីត្រី ជាពិសេសនៅក្នុងរដូវរាំងស្ងួត ហើយនឹងគំរាមដល់ត្រីផ្សោត Irrawaddy ដែលនៅសេសសល់ក្នុងប្រព័ន្ធទន្លេ។
មនុស្សរាប់លាននាក់ រួមមានអ្នកដែលកំពុងរស់នៅជិតបឹងទន្លេសាបនៃប្រទេសកម្ពុជា ពឹងផ្អែកលើហ្វូងត្រីជាប្រភពប្រូតេអ៊ីន។ ការសិក្សាមួយរបស់គណៈកម្មការទន្លេមេគង្គ(MRC) បានព្រមានថា ការស្ថាបនាទំនប់នៅទន្លេមេគង្គខាងក្រោម អាចកាត់បន្ថយហ្វូងត្រីចំនួន៣សែនតោនក្នុងមួយឆ្នាំ ដោយមានការលំបាកយ៉ាងខ្លាំងដល់សហគមន៍នានា។
លោកស្រី Tradem និយាយបន្ថែមទៀតថា ការព្រួយកង្វល់បែបនេះ ធ្វើឲ្យមានការអំពាវនាវបន្ថែមដើម្បីបញ្ឈប់ការសាងសង់នោះ។
«វា ជាការបញ្ជាក់យ៉ាងច្បាស់ថា នេះ ជាទំនប់ទឹកដែលមិនគួរស្ថាបនាឡើយ។ ទំនប់ទឹកដន សាហុង កំពុងលេងល្បែងដ៏សំខាន់មួយជាមួយនឹងអនាគតនៃទន្លេមេគង្គ។ វា ស្ថិតនៅក្នុងទីតាំងដែលអាចអាក្រក់បំផុតមួយដែលមិននឹកស្មានដល់នៅពេលដែលវា ជាចំណុចដែលជាទីកន្លែងនៃការប្រមូលផ្តុំដ៏ខ្លាំងនៃបម្លាស់ទីត្រីនៅក្នុងទន្លេដែលកំពុងកើតមានឡើង»។
ប្រទេសវៀតណាម បានគាបសង្កត់ប្រទេសឡាវលើបញ្ហាទំនប់ទឹកនេះ ជាពិសេសផលប៉ះពាល់លើតំបន់ដីសណ្តរទន្លេមេគង្គដ៏សំខាន់ ដែលជាជង្រុកស្រូវហើយនឹងជាទីកន្លែងរស់នៅរបស់មនុស្ស២០លាននាក់។ ក្រុមបរិស្ថានក្នុងប្រទេសវៀតណាមដែលធ្វើយុទ្ធនាការម្តងហើយម្តងទៀត និយាយថា ការបង្អាក់លំហូរទឹក នឹងប៉ះពាល់ដីប្រកបដោយជីជាតិ ហើយនាំឲ្យមានទឹកប្រកបដោយជាតិប្រៃយ៉ាងខ្លាំងឡើងមកពីការចូលទឹកសមុទ្រ។
លោក Carl Thayer ជាអ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ New South Wales ដែលមានទីតាំងក្នុងប្រទេសអូស្រ្តាលី និយាយថា ការតានតឹងរវាងវៀតណាមនិងឡាវ ក៏ត្រូវគេរំពឹងនឹងកើនឡើងនៅពេលដែលវៀតណាម ដាក់ការគាបសង្កត់មុនពេលគម្រោងនោះចាប់ផ្តើម។
«វា នឹងក្លាយជាការសាកល្បងនៃទំនាក់ទំនងពីគណបក្សកុម្មុយនិស្តទៅគណបក្សកុម្មុយនិស្តរវាងឡាវនិងវៀតណាមយ៉ាងខ្លាំង។ ហើយក៏ជាពេលវេលាដ៏អាក្រក់មួយដែរសម្រាប់ឡាវពីព្រោះវៀតណាម នៅមានរយៈពេលមួយឆ្នាំទៀតមុនធ្វើសមាជបក្សកុម្មុយនិស្តនិងសមាជជាន់ខ្ពស់គណបក្សដើម្បីដោះស្រាយបញ្ហាជាតិនិយមនៅក្នុងប្រទេសវៀតណាម។ អ្វីទាំងអស់ដែលពួកគេ ធ្វើគឺដើម្បីជីវភាពរស់នៅរបស់កសិករនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គដែលបានរងផលប៉ះពាល់»។
វៀតណាម នឹងធ្វើការពិគ្រោះថ្នាក់ជាតិលើគម្រោងទំនប់ទឹកនេះនៅពេលក្រោយ។ នៅខែមករា គណៈកម្មាធិការរួមគ្នាមួយដែលមានរដ្ឋាភិបាល៤ នឹងជួបគ្នាហើយត្រូវគេរំពឹងនឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយប្រឆាំងនឹងគម្រោងទំនប់ទឹកនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន