ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ស្នើ​ឱ្យ​​អាស៊ាន​​​បើក​ច្រកទាក់ទង​ជាមួយ​​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​​ ប៉ុន្តែ​របប​យោធា​ជំទាស់


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

ប្រទេស​ម៉ាឡេស៊ី​កំពុង​ស្នើ​សុំ​ឱ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បើក​ច្រក​ទំនាក់ទំនងក្រៅ​ផ្លូវការជាមួយរដ្ឋាភិបាល​ស្រមោល​នៃប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​រដ្ឋសមាជិក​អាស៊ាន ប៉ុន្តែសំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ដោយរបប​យោធា​ដែលបាន​ដណ្តើម​អំណាច​គ្រប់គ្រង​ប្រទេស​កាល​ពី​ឆ្នាំមុន។

ដោយសារ​តែ​ប្រទេស​ម៉ាឡេស៊ី​ខកចិត្ត​នឹង​របប​យោធា​មីយ៉ាន់ម៉ា​ដែល​មិន​បាន​អនុវត្ត​តាម​ផែនការ​ស្វែងរក​សន្តិភាព​ដែល​បាន​«ឯកច្ឆន្ទ»​គ្នា​លើ​៥​ចំណុច ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០​កាល​ពី​កិច្ច​ប្រជុំ​បន្ទាន់​ក្នុង​ខែ​មេសា​ ឆ្នាំ​២០២១​មក ប្រទេស​ម៉ាឡេស៊ី​បាន​ព្រលយប្រើ​ពាក្យ​ចង់​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ស្រមោល​នៃ​ប្រទេស​នេះ ដែល​គេ​ឱ្យ​ឈ្មោះ​ថា «រដ្ឋាភិបាល​រួបរួម​ជាតិ» (National Unity Government - NUG)។

រដ្ឋាភិបាលស្រមោល​នេះ​ ដឹកនាំ​ដោយ​អតីត​សមាជិក​រដ្ឋាភិបាល​ដែល​កំពុង​លាក់ខ្លួន​និង​និរទេស​ខ្លួន​ក្រោយ​ពី​របប​សឹក​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត។ ​រដ្ឋាភិបាល​ស្រមោល​ដែល​មាន​ឈ្មោះ​ថា​ «រដ្ឋាភិបាល​រួបរួម​ជាតិ»​ (NUG) នេះ​ អះអាង​ថា​ ខ្លួន​ពិតជា​តំណាង​ឱ្យ​សំឡេង​របស់​ប្រជាជន​មីយ៉ាន់ម៉ា​ប្រាកដ​មែន​ ហើយ​ថែម​ទាំង​ប្រកាស​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​យោធាកាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២១ ថែម​ទៀត។ អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ាបាន​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​ជន​ស៊ីវិល​រាប់​រយ​នាក់​ចាប់​តាំង​ពី​ពេល​រដ្ឋប្រហារ​ និង​បាន​បណ្ដាល​ឱ្យ​ប្រជាជន​រាប់​សែន​នាក់​គ្មាន​ទីជម្រក ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កង​កម្លាំង​តស៊ូ​ប្រឆាំង​របប​យោធា​នៅ​ទូទាំង​ប្រទេស។

កន្លង​មកសមាគម​អាស៊ានបាន​ទាក់ទង​ដោយ​ចំហ​តែ​ជាមួយរដ្ឋាភិបាល​យោធា​ប៉ុណ្ណោះ។

តាម​រយៈ​សារ​បង្ហោះ​លើ​បណ្តាញ​ Twitter កាល​ពី​ខែមុន​នេះ​ លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី​ Saifuddin Abdullah បាន​ប្រកាស​ថា លោក​បាន​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាមួយ​សមភាគី​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ាកាល​ពី​ខែកុម្ភៈ​កន្លង​ទៅនេះ។ នេះគឺ​ជាលើក​ដំបូង​ហើយ​ដែល​ប្រទេស​សមាជិក​អាស៊ាន​មួយបាន​លាតត្រដាង​ទទួល​ស្គាល់​អំពី​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា។ ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៣០​ ខែ​មេសា​នេះ​ លោក​រដ្ឋមន្រ្តី​រូប​នេះ​ ក៏បាន​ប្រកាស​បន្ថែម​ជា​សាធារណៈ​ថា​ ប្រទេស​ម៉ាឡេស៊ី​នឹង​ស្នើ​ឱ្យ​អាស៊ានធ្វើ​ការទាក់ទង​ជាសមាគម​ទាំង​មូល​តែម្តង​ជាមួយរដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា។

លោក​រដ្ឋមន្រ្តី​ Saifuddin បាន​និយាយ​ថា៖ «យើង​ពុំបាន​ស្នើ​ឱ្យ​អាស៊ាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដទៃ​ផ្សេង​ទេ​ ប៉ុន្តែ​គួរតែ​គិត​បើក​ការ​ទាក់ទង​ក្រៅ​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ស្រមោល​នេះ ជា​ពិសេសលើ​បញ្ហា​ការ​បើក​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​កំពុង​ជាប់​ក្នុង​ប្រទេស​ពួកគេ»។

របប​សឹក​មីយ៉ាន់ម៉ា​ ដែល​ចាត់​ទុក​រដ្ឋាភិបាល​រួមរួម​ជាតិ NUG ​នេះ​ថា ជា​ក្រុម​ភេរវករ បាន​ឆ្លើយ​តប​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​ក្នុង​អត្ថបទ​សារព័ត៌មាន​របស់​រដ្ឋ​ឈ្មោះ​ថា The Global New Light of Myanmar កាល​ពី​ថ្ងៃ​ទី៣​ ខែ​ឧសភា​ថា​ សំណើ​របស់​ម៉ាឡេស៊ី​នេះ​ គឺ​ជា​«ការ​មិន​ទទួល​ខុសត្រូវ​ និង​ជា​ការ​ធ្វេសប្រហែស»។

សារព័ត៌មាន​បាន​សរសេរ​បែប​នេះ​ថា៖ «ការ​ប្រកាស​របស់​ម៉ាឡេស៊ី​បែបនេះ​ នឹង​រឹត​តែ​ជំរុញ​ឱ្យ​មាន​សកម្មភាព​ភេរវកម្ម​និង​ហិង្សា​បន្ថែម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ក៏​ដូច​ជា​រារាំង​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម​ និង​ក៏​បំពាន​កិច្ច​ព្រមព្រៀង​អន្តរ​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ផង​ដែរ»។

រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ Min Aung Hlaing (ស្ដាំ) ប្រមុខ​រដ្ឋ​មីយ៉ាន់ម៉ា ចាប់​ដៃ​គ្នា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន ក្នុង​អំឡុងពេលនៃ​ជំនួប​របស់​ពួកគេ​ទាំងពីរ​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ កម្ពុជា​គឺ​ជា​ប្រធាន​ប្ដូរវេន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ។
រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ Min Aung Hlaing (ស្ដាំ) ប្រមុខ​រដ្ឋ​មីយ៉ាន់ម៉ា ចាប់​ដៃ​គ្នា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន ក្នុង​អំឡុងពេលនៃ​ជំនួប​របស់​ពួកគេ​ទាំងពីរ​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ កម្ពុជា​គឺ​ជា​ប្រធាន​ប្ដូរវេន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ។

នៅ​ឯ​តុ​ចរចា

​ផែនការ​ស្វែង​រក​សន្តិភាព​ ដែល​អាស៊ាន​យល់ព្រម​ឯកច្ឆន្ទ​កាល​ពី​ឆ្នាំ​មុន​ គឺ​ស្នើ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​ និង​«គ្រប់​ភាគី​ទាំងអស់»​បែរ​ងាក​មក​រក​តុចរចា​វិញ​ ហើយ​ប្រេសិត​ពិសេស​អាស៊ាន​ជា​អ្នក​ជួយ​សម្រប​សម្រួល​កិច្ចចរចា និង​ជួប​ពិភាក្សា​ជាមួយ​«គ្រប់​ភាគី​ទាំងអស់»។ កិច្ចព្រមព្រៀង​នេះ​ ក៏​កំណត់​ឱ្យ​អាស៊ាន​រៀបចំ​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មីយ៉ាន់ម៉ា​តាម​រយៈ​ស្ថាប័ន​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​របស់អាស៊ាន​ផ្ទាល់ផងដែរ។

ប៉ុន្តែ​ដោយ​រដ្ឋាភិបាល​យោធា​នៅតែ​បន្ត​បង្រ្កាប​កងកម្លាំង​តស៊ូ​ដោយ​កម្លាំង​យោធា​ដដែល​ និង​បដិសេធ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ ហើយក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ជំនួប​រវាង​ប្រេសិត​អាស៊ាន​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋាភិបាល​ដែល​របប​នេះ​ទម្លាក់​និង​ចាប់​ឃុំឃាំង​ គឺ​លោកស្រី​ Aung San Suu Kyi ថែម​ទៀត​ផង​នោះ​ ផែនការ​ស្វែង​រក​សន្តិភាព​នេះ​ គឺ​ជាប់​គាំង​ហើយ។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក Hervé Lemahieu ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Lowy Institute ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវផ្តល់​ប្រឹក្សា​យោបល់​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី។

លោក​បាន​បន្ត​ថា​ សំណើ​របស់​ម៉ាឡេស៊ី​ស្នើឱ្យ​អាស៊ាន​ចាប់​ទាក់ទង​រដ្ឋាភិបាល​រួបរួម​ជាតិ​បែប​នេះ គឺជា​សំណើ​ផ្តល់​ក្តី​សង្ឃឹម​ជាថ្មី​ដល់​ផែនការ​ស្វែង​រក​សន្តិភាព​ និង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​យោធា​ជ្រើសរើស​យក​ដៃគូចរចា។

លោក​បាន​បក​ស្រាយ​បន្ថែម​ថា៖ «នៅ​តុ​ចរចា​ គឺ​មាន​វត្តមាន​របប​សឹក​ស្រេច​ ចុះ​នរណា​វិញ​តំណាង​ឱ្យ​ក្រុម​ប្រឆាំង? ប្រសិន​បើ​ពុំ​មែន​លោកស្រី​ Aung San Suu Kyi នោះ​ (ដែល​មើល​វត្តមាន​លោកស្រី​នៅ​តុ​ចរចា​មិន​អាច​ទៅ​រួចទេ​ បើ​របប​សឹក​មិន​ព្រម​ចុះ​ចាញ់​ផង​ ហើយ​ម្យ៉ាង​ទៀត​គ្មាន​នរណា​អាច​បាន​ជួបពិភាក្សា​ជាមួយ​លោក​ស្រី​ទៀត) នោះ​វត្តមាន​តំណាង​ក្រុម​ប្រឆាំង ​គួរតែ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះឯង។ ខ្ញុំ​គិត​ថា វា​ដល់​ពេល​ដែល​ត្រូវ​តែ​បង្ខំ​របប​សឹក​នោះ​ឱ្យ​ធ្វើ​ការ​ជ្រើសរើស​ និងជំរុញ​ឱ្យ​កិច្ច​ព្រមព្រៀង​៥ចំណុចដែល​ជាប់​គាំង​នោះមាន​សម្ទុះឡើង​វិញ»។

លោក​ Lemahieu បាន​ពន្យល់​បន្ថែម​ថា​ ដើម្បី​អាច​ឱ្យ​កិច្ចការ​នេះ​សម្រេច​បាន​ ប្រទេស​ម៉ាឡេស៊ី​ត្រូវ​មាន​ការយល់​ព្រម​ពី​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​ប្រេះ​ឆា​ស្រាប់​លើ​រឿង​មីយ៉ាន់ម៉ា​នេះ​សិន គឺ​រវាង​ក្រុម​ប្រទេស​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​យោធា​ និង​ប្រទេស​ដែល​ហាក់គាំទ្រ​របប​សឹក​នេះ​ដោយ​ស្ងៀមស្ងាត់ ដូចជា​ប្រទេស​កម្ពុជា​និង​ថៃ។​ ហើយសូម្បី​អាស៊ាន​ឯកភាព​គ្នា​ហើយ ក៏​ខ្លួន​ហ្នឹង​ត្រូវ​ខិតខំ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​នេះ ដែល​កន្លង​មកអាច​ទប់ទល់​បាន​នឹងសម្ពាធ​ពី​អន្តរជាតិ។

លោក​បាន​បន្ត​ថា​ ដោយឡែក សម្រាប់​រដ្ឋាភិបាល​ស្រមោល NUG វិញ​ គ្រាន់​តែ​ទទួល​បាន​ការ​ទាក់ទងជាមួយ​អាស៊ាន​បាន​នោះ​ វា​គឺជា​ជោគ​ជ័យ​មួយ​ដ៏​ធំ​បាត់​ទៅ​ហើយ​ ដោយ​រដ្ឋាភិបាល​ស្រមោល​នេះ បាន​ជួប​ការ​លំបាក​ក្នុង​ការ​តទល់​នៅ​ក្នុងការ​ប្រយុទ្ធ​ក្នុង​ស្រុក​ និង​ចាប់​ផ្តើមបាត់​មុខ​ពី​ក្នុង​ចំណាប់អារម្មណ៍​របស់​អន្តរជាតិ។

លោក​ Lemahieu ថ្លែង​ថា៖ «សហគមន៍​អន្តរជាតិ​ទាំង​មូល​វិញ​ រួម​មាន​ទាំងប្រទេស​បស្ចិមលោក​និង​ប្រទេសចិន បាន​ផ្តល់​សិទ្ធិ​ឱ្យ​អាស៊ាន​ដឹកនាំ​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​ប្រសិន​បើ​អាស៊ាន​ពិតជា​ទទួល​ស្គាល់​រដ្ឋាភិបាល​រួបរួម​ជាតិ​ថា​ជា​ភាគី​នៃ​តុ​ចរចា​មែន​នោះ​ វា​នឹង​ជា​ជោគជ័យ​ដ៏​ធំ​មួយសម្រាប់​ ​ក្រុម​រដ្ឋាភិបាល​រួបរួម​ជាតិ​ ចាប់​តាំង​ពី​ខ្លួន​ត្រូវ​បាន​បង្កើត​មក»។

រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​មួយ​ផ្ទាំងដែល​សរសេរ​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ NUG ក្នុង​អំឡុងពេល​ដែល​ពួកគេចូលរួមធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា​មួយ​ផ្ទាំងដែល​សរសេរ​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ NUG ក្នុង​អំឡុងពេល​ដែល​ពួកគេចូលរួមធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១។

ប្លុក​បែក​ជា​ប្លុក​តូចៗ

លោកស្រី​ Bridget Welsh អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យា​ស្ថាន​ការ​សិក្សា​ស្រាវជ្រាវ​អាស៊ីប្រចាំ​ប្រទេស​ម៉ាឡេស៊ីនៃ​សាកល​វិទ្យាល័យ​ Nottingham បាន​និយាយ​ថា​ រដ្ឋាភិបាល​យោធា​កំពុង​ទទួលបាន​ការ​ទទួល​ស្គាល់​ដោយ​ស្ងាត់ស្ងៀម​បន្តិចម្តងៗ ថាជា​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ មិន​ត្រឹម​តែ​ក្នុង​កម្រិត​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួនទេ​ គឺ​ថែម​ទាំង​ពី​មហា​អំណាច​ធំៗ​ ដូចជា​ចិន និង​ឥណ្ឌា​ជា​ដើម​ផង​ដែរ។

ការ​ដែល​ម៉ាឡេស៊ី​ជំរុញ​ឱ្យ​អាស៊ាន​បើក​ច្រក​ទាក់ទង​ជាមួយរដ្ឋាភិបាល​រួបរួម​ជាតិ គឺជា​ជំហាន​មួយ​ក្នុង​ទិសដៅ​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​របប​សឹក​ទៅ​វិញ។​

លោកស្រី​បាន​ពន្យល់​ថា៖ «វានឹង​លំបាក​ផង​ដែរ​សម្រាប់​រដ្ឋាភិបាល​យោធា​ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ខ្លួន​ ខណៈ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ខ្លួនឯង[មិន​ទទួល​ស្គាល់​របប​យោធា]។ ប្រសិន​បើ​បស្ចិមប្រទេសសម្រេច​ថា​ត្រូវ​គាំទ្រ​ភាគី​មួយ​ណា​នោះ​ មិន​មាន​ឥទ្ធិពល​ដូច​ករណី​ដែលអាស៊ាន​ខ្លួនឯងចាប់​ប្រកាន់​ជំហរ និង​ប្រាប់​ទៅ​រដ្ឋាភិបាល​យោធាថា​ខ្លួន​មិនមែន​ជា​ភាគី​តែ​មួយ​នោះ​ទេ»។

លោកស្រី​ Welsh គិត​ថា​ ផែនការ​ស្វែងរក​សន្តិភាព​របស់​អាស៊ាន​បរាជ័យ​បាត់​ទៅ​ហើយ​ ហើយ​សេចក្តី​សម្រេច​របស់​អា​ស៊ាន​ដែល​អាច​ចេញ​បាន​លុះ​ត្រា​តែ​មាន​ការយល់​ព្រម​ជា​ឯកច្ឆន្ទ​ពី​ប្រទេស​ទាំង១០​បែបនេះ​ នឹង​មិន​អាច​ដោះស្រាយ​វិបត្តិ​ជាប់គាំង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​នោះ​ដែរ។

លោកស្រី​ និយាយ​ថា​ ប្រទេស​សមាជិកអាស៊ាន​ដែល​លម្អៀង​ទៅ​ក្រុម​អ្នកប្រឆាំង​របស់​មីយ៉ាន់ម៉ា​ រួម​មាន​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ និង​សិង្ហបុរី ​ជាដើម​ ទំនងនឹង​ដើរ​តាម​មាគ៌ា​របស់​ពួក​គេ​ខ្លួន​ឯង។

«វា​ដល់​ពេល​ដែល​អាស៊ាន​ត្រូវយក​គំនិត​យល់​ខុសគ្នា ជា​ជាង​រង់​ចាំ​ការការ​យល់​ព្រម​ជា​ឯកច្ឆ័ន​បែប​រហូត​នោះ។ ខ្ញុំ​គិត​ថា​ ម៉ាឡេស៊ី​បាន​យល់ពី​ស្ថានភាព​បែប​ហ្នឹង​ អ៊ីចឹង​បាន​ជា​ម៉ាឡេស៊ី​យល់ថា​ចាំបាច់​ត្រូវ​ងាកពី​និន្នាការ​គាំទ្រ​និង​ទទួល​ស្គាល់​របប​សឹក​ហ្នឹង​ ពីព្រោះ​ម៉ាឡេស៊ី​មិន​ពេញចិត្ត​នឹង​របប​ហ្នឹង​ប៉ុន្មាន​ទេ​ ហើយ​យន្តការ​ស្វែង​រក​សន្តិភាព​បែបនេះ​មាន​ប្រយោជន៍​និង​សមស្រប​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​សម្រាប់​រយៈពេល​យូរអង្វែង​ខាងមុខ​ឡើយ»។

ក្រៅពី​បន្ថែម​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ លោកស្រី Welsh បាន​បន្ថែម​ថា​ ការ​ទាក់ទង​ជាមួយរដ្ឋាភិបាល​រួបរួម​ជាតិនឹងផ្តល់​ឱកាស​ឱ្យ​បណ្តា​ប្រទេស​នានា​និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​មាន​ជម្រើស​ផ្សេងក្រៅ​ពីរដ្ឋាភិបាល​យោធា ដូចជា​អាច​ផ្តល់​ជំនួយ​បន្ទាន់​ផ្សេងៗ​ដល់​ក្រុមគ្រួសារ​រត់​ភៀសខ្លួន​និង​សហគមន៍​ដែល​ត្រូវ​បិទ​ខ្ទប់។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​និង​អង្គការ​សប្បុរសធម៌​នានា​បាន​និយាយ​ថា ក្រុម​យោធា​បាន​បិទ​ខ្ទប់​ការ​ផ្តល់​ជំនួយ​លើ​តំបន់​ជា​ច្រើន។

ទន្ទឹម​នឹង​ការ​បើក​ច្រកទាក់ទង​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ លោក​រដ្ឋមន្រ្តី​ Saifuddin ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​បន្ថែម​ទ្វេដង​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​ និង​ផ្តល់​ជំនួយ​ទាំង​នោះឱ្យ​ដល់​ដៃ​ជន​រង​គ្រោះ ដោយ​ជៀសវាង​មិនទាក់ទងរដ្ឋាភិបាល​យោធា។

លោក​ Lemahieu និង​លោកស្រី​ Welsh និយាយ​ថា សំណើ​របស់​ម៉ាឡេស៊ី​ ទំនង​ត្រូវ​គេ​លើក​ឡើង​នៅ​ក្នុងកិច្ចប្រជុំ​កំពូល​ពិសេស​ ដែល​អាស៊ាននឹង​មាន​ជាមួយ​សហរដ្ឋ​អាមេរិក​ ធ្វើ​នៅ​ថ្ងៃ​ទី១២ និង​ទី១៣​ ខែ​ឧសភា​ខាងមុខ​នេះ​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ប្រជែង​ជាមួយ​នឹង​វិបត្តិ​និង​បញ្ហា​ផ្សេងៗ​របស់​អាស៊ាន​ ក៏​ដូច​ជា​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនកៀរគរ​ការ​គាំទ្រ​ពី​អន្តរជាតិ​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​សង្គ្រាម​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក ​កោះ​ សុគន្ធី

XS
SM
MD
LG