អង្គការជាតិ និងអន្តរជាតិជាង៤០ ទទូចឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការជាបន្ទាន់ចំពោះនិទណ្ឌភាព ឬហៅថាការរួចខ្លួនពីការទទួលខុសត្រូវផ្លូវច្បាប់ ដែលបន្តរីករាលដាលពាក់ព័ន្ធនឹងបទល្មើសដែលប្រព្រឹត្តលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្ស ដើម្បីធានាឲ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព និងតម្លាភាពលើគ្រប់ករណីបទល្មើសទាំងអស់។
ក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន អង្គការជាតិ និងអន្តរជាតិចំនួន៤២ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដូចជាអង្គការលើកលែងទោសអន្តរជាតិនិងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើម បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្តែងនូវការព្រួយបារម្ភចំពោះនិទណ្ឌភាព ដែលបន្តរីករាលដាលក្នុងករណីបទល្មើសប្រព្រឹត្តលើអ្នកកាសែត និងមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍រួមនោះ ក្រុមអង្គការទាំងជាង៤០ ក៏បានរៀបរាប់ពីឈ្មោះរបស់អ្នកសារព័ត៌មានចំនួន១៣នាក់ ដែលត្រូវបានគេសម្លាប់ ដោយថា អ្នកសារព័ត៌មាន១២នាក់ត្រូវបានសម្លាប់ ដោយសារការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការរិះគន់មន្រ្តីរដ្ឋាភិបាលនិងអ្នកមានអំណាច ព្រមទាំងអំពើពុករលួយផ្សេងៗ។
ក្រុមអង្គការទាំងនោះបន្ថែមថា ក្នុងចំណោមករណីទាំង១៣ មាន១១ករណី ដែលពុំមានជនណាម្នាក់ត្រូវបានកាត់ទោស។ ហើយក្នុងនោះមាន៧ករណី ដែលពុំមានជនណាម្នាក់ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ។
ក្រុមអង្គការទាំងជាង៤០នោះ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមតាមន័យដើមថា៖
«នៅពេលដែលអ្នកសារព័ត៌មាន គឺជាមុខសញ្ញានៃអំពើហិង្សា ដោយសារតែអ្វីដែលគេបានសរសេរឬបានរាយការណ៍នោះ សេរីភាពបញ្ចេញមតិត្រូវបានរារាំង ហើយជំនួសដោយការរឹតត្បិតសេរីភាពខ្លួនឯងនិងការភ័យខ្លាច សាធារណជននឹងពុំមានព័ត៌មាន ហើយអ្នកមានអំណាចនឹងមិនត្រូវបានដាក់ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះទេ។ នៅពេលរដ្ឋខកខានក្នុងការស៊ើបអង្កេត និងដាក់ទណ្ឌកម្មចំពោះហិង្សាលើអ្នកសារព័ត៌មាន នេះជាសារបង្ហាញថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានគឺត្រូវបានអនុញ្ញាត»។
អង្គការទាំងនោះបន្ថែមថា អ្នកសារព័ត៌មានអនុវត្តនូវភារកិច្ចដ៏សំខាន់នៅក្នុងសង្គមដែលពួកគេធ្វើការ ពួកគេគឺជាភ្នែក ត្រចៀក និងជាសំឡេងរបស់ពលរដ្ឋ និងថា ឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននាំមកនូវការគំរាមកំហែងពិតប្រាកដ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ បើទោះបីពុំមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានសម្លាប់ តែពួកគេនៅតែជាមុខសញ្ញានៃការយាយីផ្នែកច្បាប់ រួមទាំងការចោទប្រកាន់លើបទល្មើសមួយចំនួន ខណៈដែលភ្នាក់ងារសារព័ត៌មានសំខាន់ៗមួយចំនួនត្រូវបានបង្ខំចិត្តបិទទ្វារ។
ពួកគេបានថ្កោលទោសចំពោះនិទណ្ឌភាពដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ព្រមទាំងបានអំពាវនាវក្នុងន័យដើមថា៖
«យើងសូមអំពាវនាវដល់អាជ្ញាធរឲ្យផ្តន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រព្រឹត្តមកលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដោយការស៊ើបអង្កេត និងកាត់ទោសដោយមានអត្ថន័យ ឯករាជ្យ និងតម្លាភាពស្របទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ រួមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
លោក ណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ប្រាប់ VOA នាថ្ងៃសុក្រនេះថា និទណ្ឌភាពដែលតែងកើតមានពាក់ព័ន្ធនឹងករណីបទល្មើសប្រព្រឹត្តលើអ្នកសារព័ត៌មាន និងមន្រ្តីសិទ្ធិមនុស្ស ភាគច្រើនកើតឡើងដោយសារពាក់ព័ន្ធនឹងអ្នកមានអំណាច។ លោកបន្ថែមថា ការបន្តឲ្យកើតមាននូវនិទណ្ឌភាពលើអ្នកសារព័ត៌មាន នឹងធ្វើឲ្យអ្នកព័ត៌មានលែងហ៊ានរាយការណ៍ពីភាពអវិជ្ជមាននានា ដែលលោកថា ការណ៍នេះនឹងធ្វើឲ្យមានហានិភ័យដល់សង្គម។
លោកបញ្ជាក់ថា៖ «កាលណាបទល្មើសទាំងអស់ហ្នឹងនៅតែបន្តកើតមានឡើង ហើយអ្នកសារព័ត៌មានមិនបានដើរតួនាទីរបស់ពួកគេនៅក្នុងការឃ្លាំមើល ក្នុងការរាយការណ៍ នៅក្នុងការបញ្ចេញនូវព័ត៌មានពិតទាំងអស់ហ្នឹង គឺវាធ្វើឲ្យនឹងមិនមានវិធានការណាមួយដល់ជនល្មើសទាំងអស់ហ្នឹង ហើយអាហ្នឹងវាមានផលប៉ះពាល់វែងឆ្ងាយណាស់សម្រាប់សង្គមយើងទៅមុខ»។
លោក ណុប វី បន្ថែមថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ និងចាត់វិធានការចំពោះនិទណ្ឌភាពលើអ្នកសារព័ត៌មានឲ្យមានប្រសិទ្ធភាព ដើម្បីធានាថា អ្នកសារព័ត៌មាននឹងនៅតែអាចធ្វើការងាររបស់ពួកគេដើម្បីជំរុញភាពរីកចម្រើនរបស់សង្គម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រសួងបាននិងកំពុងបន្តការស៊ើបអង្កេតលើករណីទាំងនោះ និងស្វាគមន៍ការអំពាវនាវឲ្យអាជ្ញាធរពន្លឿនការស៊ើបអង្កេតលើករណីទាំងនោះ។
លោកបន្ថែមដោយឆ្លើយតបទៅនឹងការលើកឡើងថា ការស៊ើបអង្កេតមានភាពយឺតយ៉ាវយ៉ាងដូច្នេះ៖
«ពេលខ្លះសំណុំរឿង ឬក៏សាក្សី ឬក៏ព័ត៌មានវាស្ថិតនៅជនមួយចំនួនដែលគេដឹង ប៉ុន្តែគេរត់ចោលស្រុកទៀត។ ឧទាហរណ៍។ គេមានករណីហ្នឹងហើយគេមិនសហការជាមួយសមត្ថកិច្ចរបស់យើង គេមិនផ្តល់ព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណឹង គេក៏បានយកមូលហេតុហ្នឹងដើម្បីធ្វើជាលេស ដើម្បីសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស ហើយទៅពីណោះ ហើយចាប់ផ្តើមវាយប្រហាររដ្ឋាភិបាលមិនមានសមត្ថកិច្ចទៀតហើយ។ អាហ្នឹងវាពិបាកដែរ រឿងបើមិនសហការគ្នាទេ មិនមែនប៉ូលិសយល់អស់ឯណា? ករណីនេះវាកើតយូរហើយ វាទាល់តែផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងដែរ»។
របាយការណ៍មួយរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៨ បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយព្យាយាមបិទសំឡេងប្រឆាំងទាំងអស់ ដោយធ្វើការយាយី និងធ្វើទុក្ខបុកម្នេញលើស្ថាប័ន និងអ្នកសារព័ត៌មានដែលហ៊ានរិះគន់ និងមិនព្រមដើរតាមបន្ទាត់នយោបាយដែលគេគូសឲ្យដើរ។
ទោះយ៉ាងណា មន្រ្តីរដ្ឋាភិបាលបានច្រានចោលរបាយការណ៍នោះ ហើយថា រដ្ឋាភិបាលកំពុងអនុវត្តច្បាប់ទៅតាមបែបបទប្រទេសនីតិរដ្ឋ៕