ការរីកសាយភាយព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមពាសពេញពិភពលោក ក៏ដូចជាប្រទេសកម្ពុជា អាចធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនានាលើពិភពលោក។ នេះបើតាមការលើកឡើងពីការបារម្ភរបស់ក្រុមអ្នកជំនាញផ្នែកសារព័ត៌មាន ក្នុងកិច្ចពិភាក្សាកាលពីសប្តាហ៍កន្លងទៅ។
កិច្ចពិភាក្សាមួយស្តីពីព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបឃោសនា នៃសិក្ខាសាលាអំពីព័ត៌មានស៊ើបអង្កេតអាស៊ីលើកទី៣ ត្រូវបានធ្វើឡើងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ អ្នកចូលរួមប្រមាណជា៥០នាក់ និងមានវាគ្មិនដែលមកពីប្រទេសប៉ែកខាងលិច និងវាគ្មិនមកពីអាស៊ី បានលើកឡើងផ្សេងៗគ្នា ពីផលវិបាក និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបឃោសនាដែលកំពុងកើតឡើងក្នុងពិភពលោក។
វាគ្មិនមួយរូបដែលធ្វើបទបង្ហាញពីព័ត៌មានក្លែងក្លាយក្នុងការពិភាក្សានោះ លោក Craig Silverman និពន្ធនាយក និងជាស្ថាបនិកស្ថាប័នព័ត៌មាន BuzzFeed Canada នៅសហរដ្ឋអាមេរិក បានប្រាប់ VOA ក្រោយបញ្ចប់កិច្ចពិភាក្សានោះថា ព័ត៌មានក្លែងក្លាយបាននិងកំពុងធ្វើឲ្យសង្គមត្រូវបែកចេញជាផ្នែក និងធ្វើឲ្យមនុស្សពិបាកក្នុងការបែងចែកព័ត៌មានណាពិត ហើយព័ត៌មានណាមិនពិត។ ទោះយ៉ាងណាលោកថា ក្នុងពេលបច្ចុប្បន្នមនុស្សចាប់ផ្តើមយល់ដឹងបានច្រើន និងអាចបែងចែកនូវព័ត៌មានទាំងនោះ ស្របពេលដែលពួកគេអាចត្រៀមខ្លួនក្នុងការទប់ស្តាត់នូវបញ្ហាដែលកើតឡើងដោយសារព័ត៌មានក្លែងក្លាយបាន។
លោកបញ្ជាក់ពីផលវិបាកប្រសិនបើព័ត៌មានក្លែងក្លាយបន្តរីកសាយក្នុងពិភពលោក ដោយមិនមានការទប់ស្កាត់ តាមន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«គ្រោះថ្នាក់នៃការអនុញ្ញាតឲ្យព័ត៌មានក្លែងក្លាយ និងព័ត៌មានបែបឃោសនាវាយលុកខ្លាំង នោះពួកយើងនឹងបាត់បង់ចង្កោមសង្គម យើងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយគិតទៅវាពិតជារឿងដែលគ្រោះថ្នាក់ខ្លាំងណាស់។ ព័ត៌មានបែបឃោសនា និងការត្រួតពិនិត្យព័ត៌មានគឺជាបំណែកស្នូលនៃរដ្ឋាភិបាលផ្តាច់ការ និងរដ្ឋាភិបាលបែបស្វ័យភាព។ ដូច្នេះប្រសិនបើវារីករាលដាលកាន់តែច្រើន នោះវានឹងកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយជាការពិតប្រព័ន្ធផ្សព្វផ្សាយកំពុងត្រូវបានរុញច្រានឲ្យធ្លាក់ចុះ ហើយហានិភ័យកាន់តែច្រើនថាយើងមានសង្គមមួយដែលផ្តាច់ការ»។
សិក្ខាសាលាស្តីអំពីព័ត៌មានស៊ើបអង្កេតអាស៊ីលើកទី៣ (The Third Asian Investigative Journalism Conference) ដែលធ្វើឡើងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ រៀបចំឡើងដោយបណ្តាញសារព័ត៌មានស៊ើបអង្កេតពិភពលោក (GIJN) មជ្ឈមណ្ឌលកូរ៉េសម្រាប់ព័ត៌មានស៊ើបអង្កេត (Korea Center for Investigative Journalism) និងមូលនិធិខុនរ៉ាត (Konrad Adenauer Stiftung) ព្រមទាំងមានការសហការ និងចូលរួមពីស្ថាប័នសារព័ត៌មានអន្តរជាតិមួយចំនួនទៀត។ សិក្ខាសាលានោះមានអ្នកចូលរួមចំនួន៤៤០នាក់ ភាគច្រើនជាអ្នកសារព័ត៌មាន មកពី៤៨ប្រទេស ដើម្បីរៀនសូត្រ កសាងទំនាក់ទំនងបណ្តាញ និងសហការគ្នារវាងក្រុមអ្នកសារព័ត៌មានស៊ើបអង្កេត Data journalism តាមរយៈកិច្ចពិភាក្សាជាច្រើនរូបភាព។
អ្នកស្រី Chay Hofilena និពន្ធនាយក និងជាប្រធានផ្នែកស៊ើបអង្កេតរបស់សារព័ត៌មាន Rappler ប្រទេសហ្វីលីពីន ថ្លែងក្នុងកិច្ចពិភាក្សានោះដែរថា ព័ត៌មានក្លែងក្លាយត្រូវបានទទួលស្គាល់ថាកំពុងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកស្រីបន្ថែមថា បើទោះបីជាព័ត៌មានក្លែងក្លាយទាំងនោះកំពុងរីករាលដាល ជាពិសេសលើប្រព័ន្ធអ៊ីនធឺណេតក្តី ប៉ុន្តែអ្នកស្រីថា ការសហការ និងរួមគ្នារវាងអ្នកពាក់ព័ន្ធ គឺជាវិធីសាស្រ្តដ៏សំខាន់ ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនោះ។
ខណៈដែលអ្នកជំនាញអន្តរជាតិកំពុងបារម្ភពីការរីករាលដាលព័ត៌មានក្លែងក្លាយលើពិភពលោក គេឃើញថាកម្ពុជាក៏កំពុងរងការវាយប្រហារពីព័ត៌មានក្លែងក្លាយនេះផងដែរ។ ព័ត៌មានក្លែងក្លាយនៅកម្ពុជាបានកើនឡើងយ៉ាងគំហុកលើអ៊ីនធឺណេត ជាពិសេសលើបណ្តាញសង្គមហ្វេសប៊ុក កាលពីមុន និងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ព័ត៌មានក្លែងក្លាយដែលបាននិងកំពុងមានវត្តមាននៅកម្ពុជា ភាគច្រើនកើតមានលើបណ្តាញអ៊ីនធឺណេត ក្រោមរូបភាពនៃការប្រើប្រាស់ចំណងជើងខុសពីការពិតដើម្បីទាក់ទាញអ្នកអាន ឬអ្នកទស្សនា ការបង្កើតគេហទំព័រថ្មីៗដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានដែលបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល វាយប្រហារក្រុមប្រឆាំង ឬវាយប្រហារក្រុមសង្គមស៊ីវិលជាដើម។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ប្រាប់ VOA ក្នុងសិក្ខាសាលារយៈពេលបីថ្ងៃនោះថា ព័ត៌មានក្លែងក្លាយនៅកម្ពុជា ភាគច្រើនជាព័ត៌មានដែលពាក់ព័ន្ធនឹងនយោបាយ។ លោកបន្ថែមថា ព័ត៌មានក្លែងក្លាយទាំងនោះត្រូវបានបង្កើតឡើងដោយមនុស្សមួយក្រុមដែលមានគោលបំណងទុច្ចរិត ក្នុងការធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំពីស្ថានការណ៍សង្គម។
លោកបញ្ជាក់ថា៖ «សង្គមមួយនៅពេលដែលក្នុងប្រទេស អ្នកដែលបង្កើត អ្នកដែលផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋហ្នឹងកាន់តែបាត់បង់បន្តិចម្តងៗ ដូចជាការបាត់បង់អ្នកសារព័ត៌មានធ្វើការក្នុងស្ថាប័នព័ត៌មានឯករាជ្យ ការអត់មានស្ថាប័នព័ត៌មានឯករាជ្យដើម្បីផ្តល់ព័ត៌មានពិត ក៏ប៉ុន្តែផ្ទុយទៅវិញស្រាប់តែមានព័ត៌មានក្លែងក្លាយហ្នឹងកើតឡើងច្រើនក្នុងសង្គម ខ្ញុំគិតថាធ្វើឲ្យសង្គមហ្នឹងអាចនឹងមានហានិភ័យ រហូតដល់មានការច្របូកច្របល់អីជាដើម»។
លោក ណុប វី បន្ថែមថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវមានយន្តការមួយជាក់លាក់ក្នុងការទប់ស្តាត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមរយៈការបង្កើតយន្តការផ្ទៀតផ្ទាត់ព័ត៌មាន និងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់ពីព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឈប់រាល់ការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយទាំងនោះ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ បានចេញប្រកាសរួមមួយ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ យ៉ាងណាក្តី រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាសាធារណៈណាមួយពាក់ព័ន្ធនឹងការបិទ ឬផ្អាកការផ្សាយគេហទំព័រដែលផ្សព្វផ្សាយពីព័ត៌មានក្លែងក្លាយទាំងនោះ ក្រៅតែពីការបិទគេហទំព័រដែលតែងផ្សាយពីភាពអវិជ្ជមានរបស់រដ្ឋាភិបាលចំនួន១៥ជាបណ្តោះអាសន្នរយៈពេលពីរថ្ងៃ ក្នុងអំឡុងថ្ងៃស និងថ្ងៃបោះឆ្នោតចុងចែកក្កដា ឆ្នាំ២០១៨ ក្រោមហេតុផលថា «រំខានដល់ការបោះឆ្នោត»។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ VOA នាថ្ងៃអាទិត្យនេះថា ព័ត៌មានក្លែងក្លាយជាទូទៅ បង្កើតឡើងដោយក្រុមបុគ្គលដែលមិនពេញចិត្តនឹងគោលនយោបាយរបស់ក្រុមណាមួយ។ លោកបន្ថែមថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាទូទៅទាំងក្នុងតំបន់ និងពិភពលោក ប៉ុន្តែលោកថា កម្ពុជាមិនទាន់មានយន្តការណាមួយជាក់លាក់ក្នុងការគ្រប់គ្រងព័ត៌មានក្លែងក្លាយទាំងនេះនៅឡើយ។
លោកមានប្រសាសន៍ថា៖ «យើងដឹងហើយថាបច្ចេកវិទ្យាបច្ចុប្បន្នគឺក្នុងមួយវិនាទី វាមិនដឹងជាលោតសារប៉ុន្មានលាន អញ្ចឹងគ្រប់ស្ថាប័នទាំងអស់សុទ្ធតែមានក្រុមការងាររបស់គាត់ធ្វើការងារហ្នឹង។ គ្មានអីក្រៅពីការឆ្លើយតបទេ ចេញមុខ ឆ្លើយតប បំភ្លឺ។ យើងគ្រាន់តែឆ្លើយតប យើងត្រៀម Respond (ឆ្លើយតប) គ្រប់សព្វបែបសព្វយ៉ាង តាមតែអាចធ្វើទៅបាន ព្រោះអីពិភពលោកគេកំពុងតែមមាញឹករឿងហ្នឹងដែរ អញ្ចឹងយើងក៏ទៅតាមគេតាមឯងទៅ»។
កិច្ចពិភាក្សាក្នុងតំបន់មួយដែលធ្វើឡើងក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតក្នុងតំបន់ទន្លេមេគង្គ ឃើញថា ក្នុងប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា សេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណេតកំពុងត្រូវបានគ្របដណ្តប់ដោយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលមានដូចជាច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្តីពីទូរគមនាគមន៍ និងច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រជាដើម។
បើតាមតួលេខចេញដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្នុងឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួនជាង៨លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំនួនជាង៦លាននាក់។
កន្លងទៅមានការចាប់ខ្លួនបុរសពីររូបដែលបានបង្ហោះសារមានន័យប្រមាថព្រះមហាក្សត្រ លើបណ្តាញសង្គមហ្វសប៊ុក។ ក្រៅពីការចាប់ខ្លួនអ្នកដែលបង្ហោះសារពាក់ព័ន្ធនឹងព្រះមហាក្សត្រ ក៏នៅមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរូបទៀត ត្រូវបានឃាត់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបង្ហោះសារផ្សេងៗ ដែលរដ្ឋាភិបាលបញ្ជាក់ថា ជាការប្រមាថ និងជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប្រកាសអន្តរក្រសួងដែលមានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ ក្នុងការគ្រប់គ្រង ការចែកចាយព័ត៌មានតាមអ៊នឡាញនេះ ធ្វើឡើងក្រោយការបង្ក្រាបដ៏ធ្ងន់ធ្ងរ ដល់ក្រុមជំទាស់ អង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា៕