ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានចេញដីកាដោះលែង អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពួកគេជាប់ឃុំអស់រយៈពេល៩ខែ។ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់តុលាការរាជធានីភ្នំពេញ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកមិនបានបញ្ជាក់ថា អ្នកទាំងពីរត្រូវបានដោះលែងដោយសារមូលហេតុអ្វីនោះទេ។
លោក អ៊ី រិន្ទ ប្រាប់ VOA យ៉ាងខ្លីថា៖
«គេសម្រេចឲ្យដោះលែងនៅក្រៅឃុំហើយ ឯមូលហេតុហ្នឹងលោកចៅក្រមបានបញ្ជាក់នៅក្នុងដីការួចហើយ។ ល្ងាចនេះហើយ»។
បើតាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចេញដោយចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ ដែលទើបត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃអង្គារនេះ បញ្ជាក់ថា សម្រេចឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយការពិនិត្យពិចារណាត្រឹមត្រូវតាមច្បាប់។
ដីកានោះត្រូវបានសរសេរក្នុងន័យដើម ដោយមានការដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកទាំងពីរថា៖ «ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។ មិនត្រូវផ្លាស់ប្តូតលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវបង្ហាញខ្លួននៅសប្តាហ៍ទី១ជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ពួកគេត្រូវបានចោទថា បានបន្តលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីដើមខែកញ្ញា ឆ្នាំមុន ដោយវិទ្យុនេះបញ្ជាក់ថា ការសម្រេចបិទការិយាល័យរបស់ខ្លួនទាំងបង្ខំនាពេលនោះ គឺដោយសាររងគំនាបពីរដ្ឋាភិបាលកម្ពុជា។
លោក រ៉ូហ៊ីត ម៉ាហាចាន (Rohit Mahajan) នាយកផ្នែកកិច្ចការសាធារណៈនៃវិទ្យុអាស៊ីសេរីក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា ការដោះលែងអ្នកទាំងពីរឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គឺជាការវិវត្តដ៏វិជ្ជមានមួយ។ លោកបន្ថែមដោយសង្ឃឹមថា តុលាការកម្ពុជានឹងលើកលែងបទចោទប្រឆាំងនឹងលោក អ៊ួន ឈិន និងលោក យាង សុធារិន ហើយដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពពេញលេញ។
ក្នុងសារអេឡិចត្រូនិកមកកាន់ VOA លោកបានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាខេមរភាសាក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ជាការពិត នេះគឺការវិវត្តដ៏វិជ្ជមានមួយ។ ពួកគេបានរងទុក្ខវេទនា ហើយព្រមជាមួយគ្នានោះ គ្រួសាររបស់ពួកគេ ក៏បានឆ្លងកាត់ការលំបាកនេះផងដែរ។ ប៉ុន្តែយើងសង្ឃឹមថា ជាមួយនឹងការដោះលែងនេះ តុលាការក៏គួរតែច្រានចោលបទចោទប្រកាន់ទាំងអស់ប្រឆាំងនឹងពួកគេផងដែរ»។
នាពេលថ្មីៗនេះ ការដោះលែងអ្នកជាប់ឃុំដែលត្រូវបានមជ្ឈដ្ឋានមួយចំនួនហៅថាជា «ចំណាប់ខ្មាំងនយោបាយ» កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានបញ្ចប់ និងការប្រកាសលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់ និងឈានទៅដឹកនាំប្រទេសដោយឯកបក្ស។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការដោះលែងអតីតអ្នកសារព័ត៌មានអាស៊ីសេរី ការដោះលែងសកម្មជនដីធ្លី និងអ្នកវិភាគនយោបាយជាបន្តបន្ទាប់នេះ គឺដោយសាររដ្ឋាភិបាលព្យាយាមបន្ធូរបន្ថយនូវការដាក់សម្ពាធរបស់អន្តរជាតិ ក្រោយការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖
«គ្មានអីក្រៅពីរឿងខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីចាប់ផ្តើមឲ្យបានទទួលនូវការបន្ធូរបន្ថយនិងការព្រមាន ឬវិធានការដាក់ទណ្ឌកម្មអីផ្សេងៗមកលើរដ្ឋាភិបាល ហើយនិងឈានទៅរក បន្តិចម្តងៗទៅរកការទទួលស្គាល់ពីអន្តរជាតិផង និងឲ្យមានការសម្របសម្រួលនៅខាងក្នុងផង»។
ក្រៅពីអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប គេឃើញលោក គឹម សុខ អ្នកវិភាគដែលធ្លាប់រិះគន់រដ្ឋាភិបាលមិនសំចៃមាត់ ទើបត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ខណៈស្ថិតក្នុងភាពមិនច្បាស់លាស់ពីការដែលអាចរងនូវបទចោទថ្មីមួយក្រោយជាប់ឃុំគ្រប់កំណត់ឬយ៉ាងណានោះ។ ចំណែក អ្នកស្រី ទេព វន្នី ដែលគេស្គាល់ថាជាសកម្មជនបឹងកក់ដ៏សកម្មនិងលេចធ្លោ ត្រូវបានដោះលែងភ្លាមៗនៅយប់ថ្ងៃចន្ទម្សិលមិញ ក្រោយមានការលើកលែងទោសពីព្រះមហាក្សត្រ។
រដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីស្ថាប័ន និងសហគមន៍អន្តរជាតិមួយចំនួនក្រោយការបង្ក្រាបលើមន្រ្តីបក្សប្រឆាំង សង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ នៅមុនការបោះឆ្នោតនិងរហូតដល់ក្រោយការបោះឆ្នោត។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម និងហាមមិនឲ្យចូលអាមេរិក ខណៈដែលសហភាពអឺរ៉ុបកំពុងព្រមានជាបន្តបន្ទាប់ថា នឹងឈប់ផ្តល់ការអនុគ្រោះពន្ធនាំចេញដល់កម្ពុជា ដែលបានផ្តល់ឲ្យកម្ពុជានូវផលចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ៕