ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន កាលពី ៦ ខែមុន អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយឯកជននានា អាចផ្តល់ជំនួយមនុស្សធម៌ចាំបាច់ទៅដល់មនុស្សជាង ១២ លាននាក់ ទោះបីជាមានហានិភ័យផ្នែកសន្តិសុខក៏ដោយ។ ក៏ប៉ុន្តែក្នុងអំឡុងពេលនោះ នៅភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់គ្រប់គ្រងដោយរុស្ស៊ី មនុស្សតែ ១ លាននាក់តែប៉ុណ្ណោះ បានទទួលជំនួយទាំងនេះ។
មន្ត្រីសម្របសម្រួលផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ អ្នកស្រី Denise Brown និយាយថា ទីភ្នាក់ងារផ្តល់ជំនួយមិនមានមធ្យោបាយដែលអាចឲ្យពឹងផ្អែកបាន ដើម្បីឆ្លងកាត់តំបន់ប្រយុទ្ធជួរមុខ និងផ្តល់ជំនួយដល់ពលរដ្ឋខ្វះខាត ដែលកំពុងត្រូវការជំនួយនោះទេ។
អ្នកស្រីបានថ្លែងថា៖ «ជាទូទៅ យើងមិនទទួលបានជោគជ័យក្នុងការផ្តល់នូវការធានាផ្នែកសន្តិសុខ ដែលយើងត្រូវការពីភាគីរុស្ស៊ី ដើម្បីឆ្លងកាត់តំបន់ប្រយុទ្ធនោះទេ។ យើងមានបុគ្គលិកប្រចាំការនៅតំបន់ទាំងនោះ ហើយពួកគេបញ្ជាក់ថា មានតម្រូវការផ្នែកជំនួយមនុស្សធម៌ច្រើនខ្លាំងណាស់»។
ថ្លែងពីក្រុង Kharkiv ដែលស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីតំបន់ប្រយុទ្ធជួរមុខ អ្នកស្រី Brown លើកឡើងថា រដូវរងាដ៏យូរនិងដ៏ត្រជាក់ខ្លាំងនៅអ៊ុយក្រែន នឹងកៀកមកដល់។ អ្នកស្រីបន្តថា អ្នកស្រីព្រួយបារម្ភពីស្ថានភាពរស់នៅរបស់ពលរដ្ឋនៅតំបន់ប្រយុទ្ធគ្នាជួរមុខ ដែលនឹងអាចដុនដាបជាងនេះ។ អ្នកស្រីនិយាយថា គោលដៅចម្បងនៃផែនការរបស់ អ.ស.ប សម្រាប់រដូវរងានេះ គឺស្វែងរកវិធីដើម្បីផ្តល់និងចែកចាយជំនួយទៅឲ្យសហគមន៍នានានៅតំបន់ដែលពិបាកទៅដល់។
អ្នកស្រីថ្លែងថា៖ «យើងនឹងត្រូវធ្វើការងារក្នុងបែបផែនថ្មីនៅទីនេះ។ អ្វីដែលត្រូវការ ហើយបើតាមអាជ្ញាធរដែលខ្ញុំបានជួបក្នុងរយៈពេលពីរបីថ្ងៃមកនេះ បានប្រាប់ខ្ញុំសាជាថ្មីថា ពលរដ្ឋត្រូវការជំនួយជួសជុលបង្អួច។ ពួកគេត្រូវជួសជុលទ្វារជាដើម។ ពួកគេត្រូវការប្រព័ន្ធកម្តៅរួមនិងសេវាកម្មផ្សេងៗទៀត។ មានពលរដ្ឋចាស់ជរាជាច្រើននាក់រស់នៅតាមតំបន់ជនបទ។ ហើយយើងកំពុងពិនិត្យមើលលទ្ធភាពថា តើយើងអាចធ្វើការជាមួយនឹងអង្គការស្ម័គ្រចិត្តតូចៗដទៃទៀត ដើម្បីធានាថា ពួកគេទាំងនេះទទួលបានការត្រួតពិនិត្យអំឡុងពេលរដូវរងាឬយ៉ាងណា»។
អ្នកស្រី Denis Brown មន្ត្រីសម្របសម្រួលផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បញ្ជាក់បន្ថែមថា ការចរចាជាមួយនឹងអាជ្ញាធររុស្ស៊ីដើម្បីអាចចូលក្នុងតំបន់ទាំងនោះ ជាការងាររបស់អ្នកស្រី មិនមែនបុគ្គលិក អ.ស.ប ដែលកំពុងធ្វើការនៅកន្លែងផ្ទាល់នោះទេ។ ក៏ប៉ុន្តែអ្នកស្រីនិយាយថា បុគ្គលិកបម្រើការងារក៏បានផ្តល់ជាការពារមួយផងដែរ នៅពេលពួកគេមានវត្តមាននៅតាមតំបន់ប្រយុទ្ធជួរមុខ។ អ្នកស្រីឲ្យដឹងទៀតថា ពួកគេអាចតាមដាន ស្ថានភាព និងជូនដំណឹងដល់ អ.ស.ប ពីសុខមាលភាព និងតម្រូវការរបស់ពលរដ្ឋទាំងនោះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា
ពលរដ្ឋអ៊ុយក្រែននៅតំបន់គ្រប់គ្រងដោយរុស្ស៊ីទទួលបានជំនួយមនុស្សធម៌តិចតួច
- Lisa Schlein
ទីក្រុងហ្សឺណែវ —