សេតវិមានប្រធានាធិបតីអាមេរិកបានប្រកាសផ្ដល់ជំនួយផ្នែកសន្តិសុខដ៏ធំបំផុតមិនដែលមានពីមុនមកដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ គឺក្នុងរយៈពេល ៦ ខែគត់បន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។
ជំនួយលើកនេះមានទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារ ដែលធ្វើឱ្យជំនួយសរុបដែលសហរដ្ឋអាមេរិកផ្ដល់ជូនដល់អ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនរយៈពេល ៦ ខែនេះមកកើនរហូតដល់ចំនួន ១៣.៦០០ លានដុល្លារ។
ផ្ទុយពីកញ្ចប់ជំនួយកាលពីលើកមុនៗដែលដោះស្រាយតម្រូវការភ្លាមៗផ្នែកយោធា កញ្ចប់ជំនួយលើកនេះផ្ដោតលើជំនួយយោធារយៈពេលមធ្យមនិងរយៈពេលវែង ដែលនឹងត្រូវការពេលរាប់ខែឬក៏អាចរាប់ឆ្នាំដើម្បីផ្ដល់ជូន។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Karine Jean-Pierre បាននិយាយថា៖ «នេះគឺជាការប្ដេជ្ញាចិត្តរយៈពេលយូរចំពោះអ៊ុយក្រែននៅក្នុងការបន្តប្រយុទ្ធដើម្បីសេរីភាពរបស់ខ្លួនយ៉ាងអង់អាចក្លាហាន ដូចដែលអ៊ុយក្រែនបានធ្វើក្នុងរយៈពេល ៦ ខែកន្លងមកនេះ»។
អ្នកស្រីបានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងនិយាយជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍នេះ។
នៅឯកិច្ចប្រជុំរបស់អង្គការអូតង់ (NATO) កាលពីចុងខែមិថុនា លោក Biden បានលើកឡើងថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននឹងបន្ត «រហូតមិនថាដល់ពេលណានោះទេ»។ កាលពីថ្ងៃពុធ សេតវិមានបានបញ្ជាក់ថា ការអះអាងរបស់លោក Biden នេះគឺនៅតែពិត។
លោក John Kirby អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា៖ «លោកប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងបន្តធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ [ចំពោះសង្គ្រាមនៅអ៊ុយក្រែន] និងគាំទ្រអ៊ុយក្រែនរហូតមិនថាដល់ពេលណានោះទេ»។
លោក Kirby បានបន្ថែមថា៖ «យើងនឹងបន្តកៀរគរបណ្ដាប្រទេសសេរី ជំរុញទឹកចិត្តសម្ព័ន្ធមិត្តនិងដៃគូនានាឱ្យគាំទ្រអ៊ុយក្រែន នៅពេលដែលអ៊ុយក្រែនការពារអធិបតេយ្យភាពរបស់ខ្លួនជាថ្មីម្ដងទៀតប្រឆាំងនឹងការឈ្លានពានបន្ថែមទៀតនេះរបស់រុស្ស៊ី»៕
សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយ ៣ ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
សេតវិមាន —