កងទ័ពតួកគីបន្តប្រមូលផ្តុំគ្នានៅតាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី នៅចំពេលដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបានព្រមានធ្វើអន្តរាគមន៍ដើម្បីការពារព្រំដែនរបស់ខ្លួន។ ក៏ប៉ុន្តែ ជាមួយនឹងមន្រ្តីយោធាជាន់ខ្ពស់រាប់រយនាក់ត្រូវបានចាប់ដាក់គុកឬត្រូវបានបង្ខំឲ្យចូលនិវត្តន៍ដែលជាលទ្ធផលនៃធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការឃុបឃិតធ្វើរដ្ឋប្រហារនោះ សំណួរជាច្រើនត្រូវបានចោទសួរអំពីផលប៉ះពាល់កើតចេញពីបញ្ហានេះទៅលើសមត្ថភាពរបស់យោធា។
ទោះបីជាមានការបង្កើនកម្លាំងយោធានៅតាមព្រំដែនជាមួយប្រទេសស៊ីរីក៏ដោយ លោក Ahmet Davutoglu នាយករដ្ឋមន្ត្រីតួកគី បានបដិសេធថា មិនមានប្រតិបត្ដិការបន្ទាន់ណាមួយចូលទៅក្នុងប្រទេសស៊ីរីទេ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់មិនបញ្ចេញឈ្មោះម្នាក់ បានព្រមានតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីថា នឹងប្រឆាំងតបតទៅនឹងការលុកលុយបែបនេះ។
នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសតួកគីបានបាត់បង់មន្រ្តីជាន់ខ្ពស់របស់ខ្លួនរាប់រយនាក់ ដែលខ្លះបានជាប់ពន្ធនាគារ ឬត្រូបង្ខំឲ្យចូលនិវត្តន៍មុនកាលកំណត់ ដោយសារជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។ លោក Haldun Solmazturk ឧត្តមសេនីយ៍ត្រីចូលនិវត្តន៍បាននិយាយថា កងយោធាមិនទាន់មានភាពរឹងមាំឡើងវិញពីការបាត់បង់ទាំងនោះនៅឡើយទេ។
«មិនត្រឹមតែកងទ័ពជើងគោកតែប៉ុណ្ណោះទេ ថែមទាំងកងទ័ពជើងអាកាសនិងកងទ័ពជើងទឹកទៀតក៏បានបាត់បង់ឧត្តមសេនីយ៍និងឧត្តមនាវីឯកប្រកបដោយសមត្ថភាពខ្ពស់ផងដែរ ដោយសារតែករណីប្តឹងផ្តល់រៀបចំឡើងនោះ។ វាដូចជាមិនសមហេតុផលទេដែលថា អត្រាបាត់បង់ដ៏ខ្ពស់នេះមិនមានផលប៉ះពាល់អ្វីសោះទៅលើផ្នែកណាមួយរបស់កងទ័ពតួកគីនោះ»។
ជនទាំងឡាយដែលត្រូវបានដាក់ពន្ធនាគារពីបទចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកាលពីគ្រាមុន ត្រូវបានដោះលែងជាបន្តបន្ទាប់តាមរយៈបណ្តឹងឧទ្ធរណ៍ ហើយមន្រ្តីមួយចំនួនបានវិលត្រឡប់ទៅកាន់តំណែងរបស់ពួកគេវិញ។ ក៏ប៉ុន្តែ លោក Sinan Ulgen បញ្ញវន្តមួយរូបនៃវិទ្យាស្ថាន Carnegie នៅទីក្រុងព្រុចសែល (Brussels) បានព្រមានថា ការបែកបាក់គ្នាពិតប្រាកដដែលជាលទ្ធផលនៃការស៊ើបអង្កេតនេះ គឺការបង្កើតទំនាក់ទំនងរវាងឧត្តមសេនីយ៍និងគណបក្ស AK ដែលមានឫសគល់ចេញពីក្រុមអ៊ីស្លាមជ្រុលនិយម។
«ពីដើមឡើយ ពួកយោធាមិនដែលមានការរាក់ទាក់ជាមួយគណបក្ស AK នោះទេ ដោយសារតែគោលនយោបាយរបស់គណបក្សនោះ ហើយបន្ថែមពីលើនោះទៀត គឺសំណុំរឿងរបស់ Balyoz និង Ergenekon។ សំណុំរឿងខ្លះត្រូវបានដោះស្រាយរួចរាល់ហើយ នៅពេលអ្នកជាប់ឃុំភាគច្រើនក្នុងសំណុំរឿងនោះត្រូវបានដោះលែង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានការមន្ទិលសង្ស័យនៅក្នុងទំនាក់ទំនងរបស់ពួកគេ ដែលធ្វើឲ្យកិច្ចសហប្រត្តិបត្តិការកាន់តែពិបាក»។
លោកសំដៅទៅលើសំណុំរឿងធំៗចំនួនពីរ ដែលក្នុងនោះមនុស្សរាប់សិបនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើគម្រោងផ្តួលរំលំរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ១៩៦០មក កងកម្លាំងប្រដាប់អាវុធបានក្តោបក្តាប់អំណាចបីដង ហើយលើកចុងក្រោយគឺនៅក្នុងឆ្នាំ១៩៨០។
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានធ្វើការសុំទោសទៅដល់មន្ត្រីទាហានរាប់រយនាក់ ដោយនិយាយថា ការស៊ើបអង្កេតកន្លងមកនេះគឺជាកំហុសមួយ ដែលកើតឡើងដោយការបោកបញ្ឆោត។ ដោយស្ថិតនៅក្នុងការសង្ស័យកាន់តែខ្លាំងថា លោកប្រធានាធិបតី Erdogan និងគណបក្ស AK របស់លោកអាចប្រើប្រាស់ការធ្វើអន្តរាគមន៍នៅស៊ីរី ជាគោលដៅដើម្បីបញ្ជប់បញ្ហានយោបាយក្នុងស្រុកនោះ លោកBrigadier Solmazturk ដែលចូលនិវត្តន៍បានឲ្យដឹងថា ការមិនទុកចិត្តគ្នាអាចជាឧបសគ្គដ៏ធំសម្រាប់ប្រតិបត្ដិការបែបនេះ។
«ការមិនជឿទុកចិត្តគ្នាទាក់ទិននឹងបក្សនះ គឺជាអ្វីដែលកើតមានយ៉ាងច្បាស់ក្រឡែតមួយ ហើយនេះទំនងជាហេតុផលចម្បងនៅពីក្រោយភាពស្ទាក់ស្ទើររបស់ពួកយោធា»។
អ្នកវិភាគបានព្រមានថា ភាពមិនជឿទុកចិត្តគ្នារវាងក្រុមឧត្តមសេនីយ៍ និងអ្នកនយោបាយ អាចបានត្រឹមតែបន្ថែមទម្ងន់ទៅលើការលំបាកសម្រាប់យោធាតួកគីក្នុងការចូលពាក់ព័ន្ធណាមួយទៅក្នុងប្រទេសស៊ីរី ដែលគេបានចាត់ទុកថា មានពោរពេញទៅដោយហានិភ័យ៕
ប្រែសម្រួលដោយ អ៊ុច នីដា