ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​តួកគី​ជម្លៀស​ទាហាន​យាម​ផ្នូរ​សព​នៅ​ស៊ីរី​


យានយន្ត​យោធា​តួកគី​បើកបរ​នៅ​ក្នុង​ផ្លូវ​ក្រុង​ Kobani នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ក្នុង​ប្រតិបត្តិការដើម្បី​ជម្លៀស​កង​ទាហាន​ល្បាត​ផ្នូរសព​លោក​ Suleyman Shah​ នៅ​ភាគ​ខាង​ជើង​ស៊ីរី​។​
យានយន្ត​យោធា​តួកគី​បើកបរ​នៅ​ក្នុង​ផ្លូវ​ក្រុង​ Kobani នា​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ក្នុង​ប្រតិបត្តិការដើម្បី​ជម្លៀស​កង​ទាហាន​ល្បាត​ផ្នូរសព​លោក​ Suleyman Shah​ នៅ​ភាគ​ខាង​ជើង​ស៊ីរី​។​

កងយោធា​នៃ​ប្រទេស​តួកគី​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​យប់មិញ​ដើម្បី​ជម្លៀស​ក្រុម​ទាហាន​ដែល​យាម​ផ្នូរសព​ Suleyman Shah ដែល​ជា​ជីតា​របស់​អ្នក​បង្កើត​ចក្រភព Ottaman។​

ក្រុម​មន្ត្រី​តួកគី​បាននិយាយ​ថា កងរថក្រោះ​និង​អាវុធ​ធុន​ធ្ងន់ឯទៀតៗ​បានចូល​ទៅ​ក្នុងប្រទេស​ស៊ីរី​កាត់តាម​ក្រុង​ Kobani ដែល​ក្រុម​យុទ្ធជន​ Kurd ស៊ីរី​វាយ​យក​បាន​មក​វិញ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម។​

ក្រុម​មន្ត្រី​និយាយ​ថា​បេសកកម្ម​នេះ​មាន​ជោគជ័យ​ដោយ​ក្រុម​ទាហាន​បាន​វិល​ត្រទ្បប់​មក​ប្រទេស​តួកគី​វិញ។ក្រុម​មន្ត្រី​ក៏​បាន​កត់សម្គាល់​ថា​ ទាហាន​ម្នាក់​បានស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់មួយ។​

ផ្នូរសព​នេះ​ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៣៥គ.ម.ក្នុង​ខេត្ត​ Aleppo នៃ​ប្រទេស​ស៊ីរី​ ឋិត​នៅ​ក្នុង​ដែនដី​តួកគី​ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​មួយ​ដែល​បាន​ត្រូវ​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ១៩២១។​

លោក​នាយ​ករដ្ឋមន្ត្រី Ahmet Davutoglu នៃ​ប្រទេស​តួកគី​បាន​និយាយ​ថា ​ផ្នូរសព​នោះ​នឹង​ត្រូវប្តូរ​កន្លែង​ទៅ​កាន់ទី​ផ្សេង​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​នៅ​ជិត​ជាង​មុន​ជាមួយ​ព្រំដែន​នៃ​ប្រទេសតួកគី​។

កាល​ពី​ឆ្នាំ​ទៅ​មិញ ​រដ្ឋាភិបាល​តួកគី​បាន​និយាយ​ថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ បាន​រុល​ទៅមុខ​ទៅកាន់​ផ្នូរសព​នេះ​ ដែល​បាន​ត្រូវ​យាម​ដោយ​ក្រុម​ទាហាន​តួកគី​រាប់​សិប​នាក់៕

XS
SM
MD
LG