ក្រុមរដ្ឋអ៊ីស្លាមបានចាប់ផ្តើមការវាយប្រហារថ្មីទៅលើទីក្រុង Kobaniនៅព្រំដែនស៊ីរីដែលកាន់កាប់ដោយជនជាតិភាគតិច Kurd ដែលជាការវាយប្រហារមួយនៃការវាយប្រហារបី ដែលត្រូវបានរាយការណ៍នៅទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ។
ការវាយប្រហារបានចាប់ផ្តើម ដោយមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រឹកថ្ងៃព្រហស្បតិ៍នៅជិតកន្លែងឆ្លងកាត់ព្រំដែនទីក្រុង Kobani ជាមួយប្រទេសតួកគី។ ការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សSyrian Observatory បានប្រាប់ឲ្យដឹងថា មនុស្សរាប់សិបនាក់បានត្រូវសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ។
ក្រោយមកអង្គការសិទ្ធិមនុស្ស ដែលមានទីតាំងក្នុងប្រទេសអង់គ្លេស បានប្រាប់ឲ្យដឹងថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានប្រហារជីវិតជនកុលសម្ព័ន្ធ Kurd យ៉ាងហោចណាស់២០នាក់ រួមមានស្រ្តី និងកូនក្មេងផងនៅក្នុងទីក្រុង Barkh Butan ភាគខាងត្បូងទីក្រុង Kobani។
ក្រុមជីវពលជនជាតិ Kurdដែលគាំទ្រដោយការវាយប្រហារដឹកនាំដោយស.រ.អា បានកាន់កាប់ទីក្រុងKobani កាលពីខែមករា បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយកងកម្លាំង រដ្ឋអ៊ីស្លាមអស់រយៈពេលជាច្រើនខែ។ នេះត្រូវបានគេមើលឃើញថាជា ជ័យជម្នះដ៏សំខាន់ និងជានិមិត្តរូបនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។
នៅថ្ងៃព្រហស្បតិ៍នេះដែរ អង្គការសិទ្ធិមនុស្សObservatory បានរាយការណ៍ថា កងកម្លាំងក្រុមរដ្ឋអ៊ីស្លាម បានរឹបអូសយកសង្កាត់ពីរពីកងទ័ពរដ្ឋាភិបាលក្នុងទីក្រុង Hasaka ភាគឦសាន្ត។ ទីភ្នាក់ងារព័ត៌មាន Reutersរាយការណ៍ថា ប្រភពកងទ័ពស៊ីរី បានបដិសេធសេចក្តីរាយការណ៍នេះ ហើយបាននិយាយថា កងទ័ពរដ្ឋាភិបាលបានវាយច្រានពួកសង្រ្គាមសាសនានោះវិញ៕