មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញរបស់ប្រទេសឡាវ បានអះអាងថាគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតរបស់ខ្លួនគឺទំនប់ ប៉ាក់ បេង (Pak Beng) មិនមានផលប៉ះពាល់ធំដុំដល់ប្រទេសជិតខាងនោះ ទេ ដោយពួកគេលើកឡើងថាទំនប់វារីអគ្គិសនីនេះ នឹងធ្វើឡើងដូចនឹងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី(Xayaburi)ដែរ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាថ្នាក់តំបន់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២២-២៣ កុម្ភៈ នៅក្នុងទីក្រុងហ្លួងព្រះបាង (Luang Prabang) ប្រទេសឡាវ ដើម្បីពិភាក្សាលើការស្នើសាងសង់ទំនប់វារីអគ្គិសនីថ្មីនេះ។
វេទិកាដែលនឹងបើកឲ្យភាគីពាក់ព័ន្ធបង្ហាញពីក្តីបារម្ភរបស់ពួកគេលើទំនប់វារីអគ្គិសនី ប៉ាក់ បេង នេះ ត្រូវបាន រៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ(MCR) ហើយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនៃប្រទេសជាសមាជិកទន្លេមេគង្គ សង្គមស៊ីវិល និងអ្នកជំនាញមួយចំនួន។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសឡាវ លោក Sommad Pholsena បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាដំណើរការនៃការស្ថាបនាទំនប់ ប៉ាក់ បេងនេះ ធ្វើឡើងដូចគ្នានឹងទំនប់សាយ៉ាប៊ូរី ដែលលោកថាមានស្តង់ដារមួយអាចទទួលយកបាន។
លោកបន្ថែមថា រដ្ឋាភិបាលប្រទេសឡាវ បានសហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តទៅតាមជំហានដំបូងនៃការស្នើស្ថាបនាទំនប់នេះ។
លោកមានប្រសាសន៍ថា៖ «ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គមានទំនួលខុសត្រូវចំពោះប្រជាជនឡាវ ថៃ វៀតណាម និងកម្ពុជា។ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលឡាវ ជាពិសេសក្រសួង(ធនធានធម្មជាតិនិងបរិស្ថាន)ផ្ដល់សារៈសំខាន់ចំពោះ(ការបារម្ភ)របស់ពួកគេ»។
លោកបន្ថែមថា៖ «ខ្ញុំក៏ដូចអ្នកទាំងអស់គ្នាដែរ។ ខ្ញុំមានទំនួលខុសត្រូវចំពោះធនធានធម្មជាតិនិងបរិស្ថាន។ ខ្ញុំចង់បន្សល់ទុកបរិស្ថានល្អសម្រាប់មនុស្សជំនាន់ក្រោយយើង»។
រដ្ឋមន្ត្រីឡាវរូបនេះបានថ្លែងថា លោកសង្ឃឹមថា នឹងមានការពិភាក្សាប្រកបដោយការគោរពគ្នានិងការរិះគន់ដោយស្ថាបនា។
លោកមានប្រសាសន៍ថា៖ «វាពិបាកក្នុងការយល់ព្រមគ្នាទាំងស្រុងទៅលើបញ្ហាទាំងអស់ ប៉ុន្តែយើងអាចព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីធានាថាការព្រួយបារម្ភនិងការស្នើសុំសំខាន់ៗ ត្រូវបានកត់ត្រានិងពិចារណា…»។
ទំនប់វារីអគ្គិសនី ប៉ាក់ បេង ដែលផ្ដល់ថាមពលក្នុងបរិមាណ ៩១២ មេហ្គាវ៉ាត់ និង មានតម្លៃប្រមាណ ២៣៧២ លានដុល្លារអាមេរិក ស្ថិតនៅចម្ងាយប្រហែល ១៥៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា~ឡាវ។ បើយោងទៅតាមការស្នើ គម្រោងស្ថាបនាទំនប់នេះ ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៤។
លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវ មានប្រសាសន៍ថា ទំនប់នេះស្ថិតនៅតាមដងទន្លេមេគង្គផ្នែកខាងលើទំនប់សាយ៉ាប៊ូរី ដូច្នេះ លោកថា ទំនប់នេះមិនបង្កការប៉ះពាល់ធំដុំលើប្រទេសនៅផ្នែកខាងក្រោមទន្លេនោះទេ។
លោកមានប្រសាសន៍ថា៖ «ប៉ាក់ បេង នៅពីលើទំនប់សាយ៉ាប៊ូរី។ យើងនឹងធ្វើតាមស្តង់ដារដូចគ្នា ហើយការបំពេញតម្រូវការដូចគ្នា។ ដូច្នេះ ខ្ញុំជឿថានេះមិនសូវមានផលប៉ះពាល់ទេសម្រាប់ ប៉ាក់ បេង»។
លោកបន្តថាប្រទេសឡាវ ក៏ពិចារណាទៅលើការផលិតអគ្គិសនី តាមរយៈពន្លឺព្រះអាទិត្យនិងខ្យល់ ប្រសិនការចំណាយទៅលើការផលិតទាំងនេះ ទាបជាងការចំណាយទៅលើទំនប់វារីអគ្គិសនី។
នៅពេលសួរថាតើឡាវនឹងធ្វើទំនប់វារីអគ្គិសនីផ្សេងទៀតដែរឬទេ លោក ដាវង់ ផនកែវ បានបញ្ជាក់ថា៖ «បាទ បាទ ពិតជាធ្វើតទៀត។ វាអាស្រ័យទៅលើផលប្រយោជន៍និងការចំណាយទៅលើគម្រោង។ ប្រសិនបើគម្រោងវាមានតម្លៃសម្រាប់សេដ្ឋកិច្ច និងមិនប៉ះពាល់បរិស្ថាន ហេតុអីយើងមិនអភិវឌ្ឍ។ នេះជាគោលការណ៍ងាយៗ»។
ទំនប់ពីរផ្សេងទៀតរបស់ឡាវគឺទំនប់សាយ៉ាប៊ូរី និងទំនប់ដនសាហុង កំពុងបង្កឲ្យមានបញ្ហាចម្រូងចម្រាស និងបានក្លាយជាការព្រួយបារម្ភរបស់អ្នកការពារបរិស្ថាន និងប្រជាជនរស់នៅតាមដងទន្លេមេគង្គនិងសហគមន៍អន្តរជាតិ។
ប្រសិនបើមានការសាងសង់មែន ទំនប់វារីអគ្គិសនី ប៉ាក់ បេង នេះ នឹងក្លាយជាទំនប់ទីបីក្នុងចំណោមគម្រោងសាងសង់ទំនប់ចំនួន១១របស់ឡាវនៅលើតួមេនៃទន្លេមេគង្គ។
មុនវេទិកាថ្នាក់តំបន់នេះ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាដែលធ្វើការលើផ្នែកបរិស្ថានបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសំណើរបស់ប្រទេសឡាវដើម្បីស្ថាបនាទំនប់វារីអគ្គិសនី ប៉ាក់ បេង នេះ។ ពួកគេលើកឡើងថាទំនប់នេះ នឹងប៉ះពាល់លំហូរទឹកនិងធនធានជលផលនៅកម្ពុជា។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) លោក តឹក វណ្ណារ៉ា ធ្លាប់បានលើកឡើងថាផលប៉ះពាល់នៃទំនប់ពីររបស់ឡាវ មិនទាន់មានការសិក្សាឲ្យច្បាស់លាស់នៅឡើយទេ ខណៈ ប្រទេសឡាវស្នើការស្ថាបនាទំនប់វារីអគ្គិសនីមួយផ្សេងទៀត។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ ដែលបានចូលរួមវេទិកានៅទីក្រុងហ្លួងព្រះបាង បានថ្លែងប្រាប់ VOAថាក្រុមជំនាញកម្ពុជា នឹងវាយតម្លៃឯកសារ រហូតដល់ខែឧសភា ឆ្នាំ២០១៧ តាមការជូនដំណឹងរបស់ប្រទេសឡាវដែលមានរយៈពេល៦ខែ។
លោកបន្តថានៅក្នុងខែមីនា កម្ពុជានឹងរៀបចំកិច្ចប្រជុំថ្នាក់ជាតិនិងកិច្ចប្រជុំថ្នាក់តំបន់ជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖
«វាប៉ះពាល់ប៉ះអី យើងត្រូវការពេលវេលាពិនិត្យឯកសារសិន ព្រោះវាសុទ្ធតែទិដ្ឋភាពបច្ចេកទេស ដែលនឹងគាំទ្រដល់ការសម្រេចចិត្ត ការបញ្ចេញយោបល់អីមួយត្រឹមត្រូវ នៅពីរបីខែក្រោយ»។
ទោះជាយ៉ាងណា លោកលើកឡើងថា ទំនប់នេះស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជា ហើយលោកថា កម្ពុជានឹងមិនរងផលប៉ះពាល់ធំដុំនោះទេ។
លោកមានប្រសាសន៍ថា៖ «ដោយសារវានៅឆ្ងាយ១៥៤០គីឡូម៉ែត្រ ខ្ញុំគិតថាបើប៉ះពាល់តិចតួចតែប៉ុណ្ណឹង។ ប៉ុន្តែយើងត្រូវតែបារម្ភទាំងអស់គ្នា យើងត្រូវសិក្សាឯកសារ ហើយត្រូវការមតិសង្គមស៊ីវិលចូលរួម ក្រសួងជំនាញចូលរួម»។
កាលពីខែមករា អង្គការទន្លេអន្តរជាតិ(International Rivers )ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីការបារម្ភអំពីការប៉ះពាល់ដែលនឹងបង្កឡើងដោយទំនប់វារីអគ្គិសនីអគ្គិសនី ប៉ាក់ បេង។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖
«ទំនប់វារីអគ្គិសនី ប៉ាក់ បេង នឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ក្នុងប្រទេសថៃនិងពេញតំបន់ទន្លេមេគង្គ រួមនឹងការប៉ះពាល់នៃគម្រោងវារីអគ្គិសនីដែលមានស្រាប់»។
បើយោងតាមអង្គការអន្តរជាតិមួយនេះ មនុស្សប្រមាណ ៦៧០០នាក់ នឹងត្រូវផ្លាស់ប្ដូរទីលំនៅដោយសារការសាងសង់ទំនប់ទាំងនេះ។
លោកស្រី Nuanlaor Wongpinnitwarodom នាយកការិយាល័យគ្រប់គ្រងទន្លេមេគង្គនៃគណៈកម្មាធិការទន្លេមេគង្គរបស់ប្រទេសថៃមានប្រសាសន៍ថា រដ្ឋាភិបាលថៃនឹងធ្វើការសិក្សាបន្ថែមទៀតលើផលប៉ះពាល់ ដោយសារតែប្រជាជនក្នុងភូមិចំនួនពីរក្នុងខេត្តឈៀងរ៉ៃរបស់ថៃ បានបង្ហាញការបារម្ភលើការស្នើសុំធ្វើទំនប់ ប៉ាក់ បេងនេះ។
លោកស្រីមានប្រសាសន៍ថា៖ «ពីភាគីថៃ ប្រជាជនព្រួយបារម្ភ(អំពីទំនប់នេះ)។ យើងនឹងធ្វើការសិក្សាលក្ខណៈវិទ្យាសាស្ត្រ។ យើងមិនទាន់ដឹងពីផលប៉ះពាល់នៅឡើយទេ»។
មន្ត្រីឡាវ លើកឡើងថាប្រទេសឡាវត្រូវការថាមពលអគ្គិសនីដើម្បីលើកតម្កើងកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៅដល់៧,៥ភាគរយនៅត្រឹមឆ្នាំ២០២០និងដើម្បីកាត់បន្ថយភាពក្រីក្រ។
បើតាមមន្ត្រីឡាវ រដ្ឋាភិបាលឡាវបានព្រមព្រៀងជាមួយប្រទេសជិតខាងដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងនោះមានលក់ថាមពលទៅឲ្យប្រទេសថៃចំនួន៩០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ប្រទេសកម្ពុជាចំនួន១៥០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៥ និងប្រទេសវៀតណាមចំនួន៥០០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០៣០។
ក្រោយពីទទួលបានមតិយោបល់និងការព្រួយបារម្ភពីភាគីពាក់ព័ន្ធ គណៈកម្មការទន្លេមេគង្គនឹងរៀបចំឲ្យមានកិច្ចប្រជុំម្ដងទៀតនៅក្នុងខែឧសភាខាងមុខ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនេះ៕