នៅផ្សារលក់ត្រីមួយកន្លែងតាមបណ្ដោយច្រាំងទន្លេសាប ការប្រមូលផលនៅពេលព្រលឹមធ្វើឡើងក្នុងទ្រង់ទ្រាយធំ ។ ត្រីអណ្ដែងត្រូវប៉ាន់ជាងគេ ក្នុងចំណោមត្រីផ្សេងៗទៀត ពីព្រោះអ្នកទិញត្រីសម្រាប់ភោជនីយដ្ឋានកុម្ម៉ង់ទិញច្រើន។
ការលក់ដូរនៅពេលព្រឹកព្រលឹមគឺមានភាពមមាញឹកសម្រាប់អ្នកចិញ្ចឹមត្រីដែលបានបង្កាត់ និងឲ្យចំណីត្រីរួចរាល់នៅក្នុងស្រះ។ ប៉ុន្តែនៅពេលរសៀល គឺខុសគ្នា។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាន ម៉ាត់ ដែលជាអ្នកលក់ត្រីអាយុ ២៩ ឆ្នាំ។
ទិន្នផលត្រីរបស់អ្នកនេសាទតាមទន្លេសាប និងទន្លេមេគង្គ សម្រាប់លក់មានការធ្លាក់ចុះ។ លោក ម៉ាន ម៉ាត់ បានបន្ទោសលើបញ្ហាជាច្រើន ដែលបណ្ដាលឲ្យមានការធ្លាក់ចុះនូវទិន្នផលត្រី ដែលក្នុងនោះមានដូចជាការនេសាទខុសច្បាប់ដោយប្រើសំណាញ់ឆក់ត្រី ការនេសាទហួសកំណត់ ការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួតជាដើម។
ប៉ុន្តែ លោក ម៉ាន ម៉ាត់ បានបន្ថែមទៀតថា បញ្ហាធំបំផុតដែលប៉ះពាល់ដល់របរនេសាទត្រីរបស់លោក គឺដោយសារការសាងសង់ទំនប់វារីអគ្គិសនី ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឡាវ។
លោក ម៉ាន ម៉ាត់ ដែលជាជនជាតិខ្មែរឥស្លាម និងជាកូនប្រុសរបស់អ្នកនេសាទត្រី បាននិយាយយ៉ាងដូច្នេះថា៖ «ទិន្នផលត្រីមានការធ្លាក់ចុះជាបន្តបន្ទាប់។ ឪពុករបស់ខ្ញុំ ឥឡូវនេះ ចាប់ត្រីបានតែពី ៥ ទៅ ១៥ គីឡូក្រាមតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ កាលពីលើកមុន គាត់ចាប់បានពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុងមួយថ្ងៃ។ ក្នុងរយៈពេល ១០ ឆ្នាំ ទៅមុខទៀត នឹងគ្មានត្រីនៅសេសសល់ឡើយ»។
ក្ដីបារម្ភកំពុងកើតឡើងនៅទូទាំងតំបន់ដីសណ្ដទន្លេមេគង្គ ជាកន្លែងដែលមានទំនប់វារីអគ្គិសនី និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ដែលបណ្ដាលឲ្យត្រីមិនអាចហែលបញ្ច្រាសទឹកទៅពង និងបង្កការលំបាកដល់ការរស់នៅរបស់ត្រីទាំងនោះ។
ចំណុចចាប់ផ្ដើមនៃបញ្ហា
បញ្ហានេះ កើតឡើង នៅពេលដែលរដ្ឋាភិបាលឡាវសម្រេចចិត្តសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដែលមានទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១២ ទោះបីជាមានការតវ៉ាខ្លាំងក្លាជាសាធារណៈពីអ្នកវិទ្យាសាស្ត្រ និងអ្នកបរិស្ថានក៏ដោយ។ អាជ្ញាធរឡាវក៏បានប្រកាសផងដែរថា ខ្លួននឹងបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង (Don Sahong) មួយទៀត ក្នុងទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក នៅតំបន់ ស៊ីផាន់ដន (Siphandone) ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ដែលនៅទីនោះជាទីជម្រករបស់ផ្សោតទន្លេ Irrawaddy ដែលកំពុងរងការគំរាមកំហែង និងជាប្រជុំកោះទាំង ៤០០០ ដ៏ល្បីឈ្មោះរបស់ឡាវ។
ប៉ុន្តែបញ្ហាចុងក្រោយមួយទៀតគឺ កាលពីខែវិច្ឆិការដ្ឋាភិបាលឡាវដឹកនាំដោយលោក ប្រធានាធិបតី ប៊ុនហាង វូរ៉ាឈិត (Bounnhang Vorachith) បានសម្រេចបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីទី ៣ របស់ខ្លួនទៅលើទន្លេមេគង្គត្រង់ភូមិ ប៉ាក់ បេង (Pak Beng) ស្ថិតនៅភាគខាងជើងប្រទេសឡាវ ក្នុងទឹកប្រាក់ចំនួន ១,៨៨ ពាន់លានដុល្លារអាមេរិក ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីលក់អគ្គិសនីទៅឲ្យប្រទេសជិតខាងខ្លួន ជាពិសេសប្រទេសចិន ដែលបានកសាងទំនប់វារីអគ្គិសនី កាត់ទន្លេមេគង្គក្នុងទឹកដីរបស់ខ្លួន។
លោក ម៉ាន ម៉ាត់ បាននិយាយថា៖ «ពួកគេឃាំងត្រីទុក នៅផ្នែកខាងលើនៃទន្លេ ហើយពួកគេប្រលែងនៅពេលទឹកមានកម្រិតខ្ពស់ប៉ុណ្ណោះ។ ឥឡូវនេះចំនួនត្រីមានការធ្លាក់ចុះយ៉ាងខ្លាំង»។
យោងតាមព្រឹត្តិបត្រអភិវឌ្ឍន៍ និងស្រាវជ្រាវជលផលឈ្មោះ Catch and Culture ឬ វប្បធម៌ និងការចាប់ត្រី បានឲ្យដឹងថា ទិន្នផលត្រីសរុបបានពីការនេសាទក្នុងទន្លេមេគង្គ និងតំបន់ដីសណ្ដទន្លេមេគង្គ បានទឹកប្រាក់សរុប ១១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៥។
ឧស្សាហកម្មធំៗ
ប្រជាជន ៧០ លាននាក់ពឹងផ្អែកទៅលើត្រីទាំងនោះ ហើយសន្តិសុខស្បៀងរបស់ពួកគេ បានក្លាយជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។
រយៈពេលជាងពីរទសវត្សចុងក្រោយនេះ ចំនួនប្រជាជនដែលរស់នៅតំបន់ដីសណ្ដទន្លេមេគង្គផ្នែកខាងក្រោម បានកើនឡើងយ៉ាងហោចណាស់ ១០លាននាក់ ធ្វើឲ្យមានការកើនឡើងតម្រូវការត្រី និងបណ្ដាលឲ្យមានបាតុភូតមួយដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា «ការនេសាទត្រីធ្លាក់ចុះ» ដែលជាលទ្ធផលចំនួនត្រីធំថយចុះ និងជំនួសមកវិញដោយត្រីតូចៗ ដែលមិនអាចយកជាការបាន។
លោក ធុយ រ៉ា អ្នកនេសាទអាយុ៤១ ឆ្នាំ ដែលប្រើទូកតូចប្រកបរបរនេសាទ និងបង់សំណាញ់ បាននិយាយថា៖ «ប្រទេសឡាវគួរ តែបញ្ឈប់គម្រោងវារីអគ្គិសនី ពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់ការនេសាទ។ វារីអគ្គិសនីទាំងនោះ កំពុងរាំងត្រីមិនឲ្យទៅពងកូន នៅខ្សែទឹកខាងលើទន្លេបាន»។
លោកបាននិយាយថាបច្ចុប្បន្ននេះ របរនេសាទមិនកាក់កបឡើយ ដោយសារកម្ពស់ទឹកទាបជាងធម្មតា។ លោក រ៉ា បន្ថែមថា៖ «ឥឡូវនេះខ្ញុំមិននេសាទទេ គ្រាន់តែជួសជុលទូកប៉ុណ្ណោះ។
អ្នកនេសាទដូចលោក ធុយ រ៉ា និង ហ៊ាន អ៊ូត អាយុ ៦៩ ឆ្នាំ ក៏មានការបារម្ភដូចលោក ម៉ាន ម៉ាត់ ដែរ។ អ្នកទាំងពីរនិយាយថាពួកគេធ្លាប់ចាប់បានត្រី ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះបានត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ សម្រាប់ថ្ងៃណាហេង។
«ប្រាំដងហើយ ដែលខ្ញុំបង់សំណាញ់ព្រឹកនេះ ហើយបានត្រីតែប៉ុណ្ណឹង»។ លោក ហ៊ាន អ៊ូត បានរៀបរាប់ ស្របពេលដែលចង្អុលទៅកាន់ចៅរបស់គាត់ ដែលកំពុងយួរត្រីបន្តិចបន្តួច ល្មមទុកគ្រាន់ធ្វើនុយប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ខ្ញុំក៏បានឮមកថា ឡាវកំពុងតែសាងសង់ទំនប់វារីអគ្គិសនីទី ៣ កាត់ទន្លេមេគង្គ។ តែប៉ុណ្ណឹងចប់ហើយ គ្មានត្រីទៀតទេ ហើយចៅៗរបស់ខ្ញុំនឹងទៅធ្វើអ្វីផ្សេង ស្របពេលដែលពួកគេទៅសាលារៀន»។
យុទ្ធសាស្ត្ររបស់ឡាវ
យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍មិនខ្វល់ឡើយ។ ឡាវមានគម្រោងលក់ វារីអគ្គិសនីឲ្យទៅប្រទេសជិតខាងតាមរយៈការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ សរុបចំនួន ១១ កាត់ទន្លេមេគង្គ និង ១២៣ ទៀតទូទាំងប្រទេស ក្នុងដំណើរឆ្ពោះទៅកាន់ការធ្វើឲ្យប្រទេសក្រីក្រដាច់ស្រយាលមួយនេះ ក្លាយជា «អាគុយប្រចាំតំបន់អាស៊ី»។
ប្រទេសឡាវក៏ព្យាយាមសម្រាលដល់ការបារម្ភពីការញាស់កូនត្រី ដោយកសាងផ្លូវត្រីហែល ដើម្បីឲ្យត្រីអាចហែលទៅពងកូននៅខ្សែទឹកខាងលើបាន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ មិនជឿថាការសាងសង់ផ្លូវត្រីហែលនេះមានប្រសិទ្ធភាពនោះទេ ដោយលើកឡើងថាមិនមានភស្តុតាងគ្រប់គ្រាន់។
ការណ៍នេះធ្វើឲ្យមានការពឹងផ្អែកយ៉ាងធំធេងទៅលើការចិញ្ចឹមត្រី។
យោងតាមអត្រាកំណើននៅក្នុងព្រឹត្តិបត្រព័ត៌មានស្ដីពី វប្បធម៌ និងការចាប់ត្រី បានឲ្យដឹងថា កំណើនវារីវប្បកម្មនៅក្នុងតំបន់អាងទន្លេមេគង្គ មានការកើនឡើងលឿនជាងបីដងនៃល្បឿនមធ្យមជាសកល។ ទិន្នផលនៃកសិដ្ឋានចិញ្ចឹមត្រី បានផ្ដល់ផលសរុបជាទឹកប្រាក់ប្រមាណ ៥,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៥ កើនឡើងពី ៤,៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១០។ វាមានចំនួនតិចជាង ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០០៣។
ការណ៍នេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នៅផ្សារត្រីក្នុងស្រុកមួយកន្លែងនៅច្រាំងចំរេះ កន្លែងដែលវារីវប្បកម្មកំពុងរីកចម្រើនខ្លាំង ខណៈពេលដែលអ្នកនេសាទតាមបែបប្រពៃណីកំពុងជួបការលំបាក៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា