នៅក្នុងវេទិកាពិភាក្សាស្តីអំពីការស្នើសុំសាងសង់ទំនប់វារីអគ្គិសនីថ្មីរបស់ប្រទេសឡាវឈ្មោះ Pak Beng ដែលធ្វើឡើងនៅពេលខាងមុខនេះ សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថានជំរុញរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធ កុំឲ្យគាំទ្រការស្ថាបនាទំនប់នេះ។ ពួកគេលើកឡើងថា ការសាងសង់នេះនឹងធ្វើឲ្យប៉ះពាល់ផលត្រី ជីវិតនៅក្នុងទឹកទន្លេ និងជីវភាពប្រជាជននៅតាមដងទន្លេ។
ក្នុងវេទិការយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ដល់២៣ ខែកុម្ភៈ ដែលនឹងធ្វើឡើងនៅទីក្រុងហ្លួងប្រាបាងនៃប្រទេសឡាវនិងរៀបចំដោយគណៈកម្មការទន្លេមេគង្គ (MRC) អ្នកធ្វើការលើផ្នែកបរិស្ថាន នឹងមានឱកាសចែករំលែកគំនិតនិងការព្រួយបារម្ភរបស់ពួកគេ ទាក់ទងនឹងទំនប់វារីអគ្គិសនី Pak Beng។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC។
ក្នុងបទសម្ភាសន៍ជាមួយ VOA នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា NGO Forum លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា សង្គមស៊ីវិលបដិសេធមិនឲ្យមានទំនប់នេះទេ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរទៅលើគុណភាពទឹកនៅទន្លេមេគង្គកម្ពុជា។
លោកមានប្រសាសន៍ថា៖
«គាត់ (សង្គមស៊ីវិលដែលធ្វើការលើបរិស្ថាន) អត់គាំទ្រទេ ទាក់ទងនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីហ្នឹង។ គឺមិនគាំទ្រដាច់ខាតចំពោះការអភិវឌ្ឍទំនប់វារីអគ្គិសនី Pak Beng»។
លោក តឹក វណ្ណារ៉ា បានបន្ថែមថា៖
«កាលណា Pak Beng ធ្វើទៀត ឡាវវាធ្វើតទៀត អត់ទាន់ឈប់ទេ ធ្វើតទៅ ធ្វើហើយដូចជារុញទូកបណ្តោយទៀត កម្ពុជាក៏ធ្វើដែរ។ ធ្វើនៅស្ទឹងត្រែង ធ្វើសំបូរ(ទំនប់វារីអគ្គិសនីសំបូរ) អញ្ចឹងទន្លេមេគង្គ នឹងមិនក្លាយជាទន្លេមួយសម្រាប់ផ្តល់សុខមាលភាពឬមួយក៏សុខដុមនីយកម្ម គេហៅថាជាទន្លេមួយប្រកបដោយទំនប់ហើយ ជាទន្លេមួយប្រកបដោយភាពចម្រូងចម្រាសទំនប់វារីអគ្គិសនីហើយ»។
លោក តឹក វណ្ណារ៉ា គ្រោងនឹងជួបជាមួយមន្រ្តីកម្ពុជាដែលចូលរួមវេទិកានេះ មួយសប្តាហ៍ មុនវេទិកានេះ ដើម្បីបង្ហាញពីការបារម្ភរបស់អង្គការសង្គមស៊ីវិល។
ទំនប់វារីអគ្គិសនី Pak Beng ដែលផ្តល់ថាមពលទៅដល់៩១២មេហ្គាវ៉ាត់នេះ មានតម្លៃប្រមាណ១.៨៨០លានដុល្លារអាមេរិក ហើយស្ថិតនៅចម្ងាយប្រហែល១.៥៤០គីឡូម៉ែត្រពីព្រំដែនកម្ពុជាឡាវ។
ប្រសិនបើមានការសាងសង់ ទំនប់នេះនឹងក្លាយជាទំនប់ទីបីក្នុងចំណោមគម្រោងសាងសង់ទំនប់ចំនួន១១របស់ឡាវនៅលើមេទន្លេមេគង្គ។
ខណៈមានការស្នើសុំសាងសង់ទំនប់នេះ ទំនប់ពីរផ្សេងទៀតរបស់ឡាវ គឺទំនប់សាយ៉ាប៊ូរី (Xayaburi) ដែលស្ថិតនៅចម្ងាយប្រមាណ១.២៦០គីឡូម៉ែត្រពីព្រំដែនកម្ពុជានិងទំនប់ដនសាហុង (Don Sahong) ដែលស្ថិតនៅចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីព្រំដែនកម្ពុជាដែរនោះកំពុងបង្កឲ្យមានបញ្ហាចម្រូងចម្រាសនិងក្លាយជាការព្រួយបារម្ភរបស់ប្រជាជនរស់នៅតាមដងទន្លេមេគង្គ។
លោក តឹក វណ្ណារ៉ា បានផ្តល់ជាយោបល់ឲ្យប្រទេសឡាវ ពិនិត្យមើលជម្រើសផ្សេងៗដើម្បីទទួលបានថាមពល ក្រៅពីការស្ថាបនាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«ប្រទេសឡាវ បើយើងមើល ជាទីតាំងភូមិសាស្រ្ត ជាតំបន់ភ្នំ ភាគច្រើន ហើយវាមិនខ្វះទេ កន្លែងអភិវឌ្ឍទំនប់វារីអគ្គិសនី ចាំបាច់មកអភិវឌ្ឍអីនៅលើទួលមេនៃទន្លេមេគង្គ ដែលនាំភាពចម្រូងចម្រាស។ ឡាវទៅធ្វើកន្លែងណាក៏ទទួលបានភ្លើងដូចតែគ្នា។ នេះបើយើងនិយាយពីសមធម៌ឡាវគួរតែគិតគូពីសមធម៌ដែរ»។
ប្រទេសឡាវគ្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីបន្ថែមទៀត ដោយសារការកើនឡើងនៃតម្រូវការនៃការនាំចេញអគ្គិសនីទៅប្រទេសជិតខាង និង ដើម្បីអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។
អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅអាមេរិកគឺ International Rivers កាលពីខែមករា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីការបារម្ភលើទំនប់វារីអគ្គិសនីមួយនេះ។
សេចក្តីប្រកាសព័ត៌នោះឲ្យដឹងថា៖
«ទំនប់វារីអគ្គិសនី Pak Bengនឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ក្នុងប្រទេសថៃនិងពេញតំបន់ទន្លេមេគង្គ រួមបញ្ចូលឥទ្ធិពលនៃគម្រោងវារីអគ្គិសនីដែលមានស្រាប់»។
បើយោងតាមអង្គការអន្តរជាតិមួយនេះ មនុស្សប្រមាណ៦.៧០០នាក់ នឹងត្រូវផ្លាស់ប្តូរទីលំនៅដោយសារការសាងសង់ទំនប់ទាំងនេះ។
លោក សំ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសកម្ពុជាដែលមានមូលដ្ឋាននៅខេត្តក្រចេះ មានប្រសាសន៍ថា បន្ថែមលើទំនប់សាយ៉ាប៊ូរីនិងដនសាហុងរបស់ឡាវទំនប់នេះនឹងប៉ះពាល់ដល់ប្រជាជនកម្ពុជាដែលរស់ក្នុងតំបន់ក្រោមទន្លេមេគង្គ និងទន្លេសាប។
នៅក្នុងវេទិកាខាងមុខនេះ លោកស្នើឲ្យមានការពិភាក្សាគ្នាជាលម្អិតលើផលប៉ះពាល់បរិស្ថាន ដើម្បីធានាដល់និរន្តរភាពទឹកទន្លេ។
លោកមានប្រសាសន៍ថា៖
«ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា មានការអភិវឌ្ឍយ៉ាងខ្លាំង ការអភិវឌ្ឍទំនប់វារីអគ្គិសនីនេះ ខ្លាំងក្លាមែនទែននៅតាមមហាអនុតំបន់ទន្លេមេគង្គ សូម្បីប្រទេសកម្ពុជាយើងក៏គ្រោងមានការសិក្សាជាច្រើនបន្តបន្ទាប់ដែរ។ ក្នុងនាមអង្គការសង្គមស៊ីវិល យើងមានការព្រួយបារម្ភ កាលណាយើងធ្វើទំនប់ច្រើន វាធ្វើឲ្យបាត់បង់ទឹក លំហូរទឹកពីធម្មជាតិ»។
ស្ថានទូតឡាវប្រចាំនៅទីក្រុងភ្នំពេញបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ ដោយបង្វែរសំណួរទៅកាន់អាជ្ញាធរពាក់ព័ន្ធរបស់ឡាវនៅទីក្រុងវៀងចន្ទន៍វិញ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ មានប្រសាសន៍ថាក្រុមជំនាញកម្ពុជានឹងវាយតម្លៃលើទំនប់នេះរហូតដល់ខែឧសភា ឆ្នាំ២០១៧ តាមការជូនដំណឹងរបស់ប្រទេសឡាវដែលមានរយៈពេល៦ខែ។ ទោះជាយ៉ាងណា លោកលើកឡើងថា ទំនប់នេះស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជា ហើយលោកថា កម្ពុជានឹងមិនរងផលប៉ះពាល់ធំដុំ។
លោកប្រាប់ VOA ថា៖
«អញ្ចឹងឥឡូវនេះ មិនទាន់មានជំហរច្បាស់លាស់ទេ ដោយសារតែនៅក្នុងដំណើរការសិក្សាឯកសារហ្នឹង ហើយវាយតម្លៃ មានក្រុមការងារវាយតម្លៃបច្ចេកទេសលើគម្រោងហ្នឹង»។
លោកបញ្ជាក់បន្ថែមថា៖
«ជាការពិតហើយបើសិនយើងមានទំនប់ច្រើននៅតាមដងទន្លេមេគង្គ វានឹងមានផលប៉ះពាល់ទន្លេមេគង្គហើយទៅថ្ងៃក្រោយ។ ក៏ប៉ុន្តែខ្ញុំចង់ជម្រាបថា វានៅឆ្ងាយណាស់ ១.៥៤០គីឡូម៉ែត្រ»។
បើតាមលោក តែ ណាវុធ មន្រ្តីរដ្ឋាភិបាលតាមស្ថាប័នពាក់ព័ន្ធសរុបចំនួន១០នាក់ នឹងចូលរួមវេទិកានេះ ប៉ុន្តែភាគីកម្ពុជានឹងមិនលើកពីបញ្ហាអ្វីនោះទេ។
ក្រោមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ រដ្ឋាភិបាល ដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលសាងសង់ទំនប់វារីអគ្គិសនីនឹងធ្វើតាមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងនោះមានការជូនដំណឹង ការពិភាក្សាមុននិងដំណើរការកិច្ចព្រមព្រៀងនៃការស្ថាបនាទំនប់វារីអគ្គិសនីនេះ។
ទោះជាយ៉ាងណាលោក តែ ណាវុធ មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងនេះ ភាគីពាក់ព័ន្ធនៃគណៈកម្មការទន្លេមេគង្គត្រូវមានការសម្របសម្រួលគ្នាមុននឹងមានការសាងសង់ទំនប់វារីអគ្គិសនី។
លោកបញ្ជាក់ថា៖
«យើងត្រូវតែសម្របសម្រួលគ្នា យើងមិនអាចនិយាយថាទេឬក៏ព្រមនោះទេ»។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព មានប្រសាសន៍ថាជាទូទៅ កម្ពុជាត្រូវការការវាយតម្លៃផលប៉ះពាល់បរិស្ថានពីប្រទេសឡាវជាមុនសិន។
លោកបញ្ជាក់ថា៖
«ជារួម យើងយល់ពីតម្រូវការរបស់ភាគីឡាវ ក៏ប៉ុន្តែយើងស្នើសុំ គេហៅថា ពិនិត្យពិចារណា ហើយជួយសម្រួលកុំឲ្យមានផលប៉ះពាល់ផ្សេងៗដល់បណ្តាប្រទេសដែលនៅខាងក្រោម។ នៅខាងក្រោមនេះ មិនមានតែកម្ពុជាទេ រហូតទៅដល់វៀតណាមផងដែរ។ ជាទូទៅ គឺយើងស្នើសុំឲ្យពិនិត្យពិចារណា ហើយនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានសង្គមឆ្លងដែនឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសឬកាត់បន្ថយផលប៉ះពាល់»។
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបាន អនុញ្ញាតឲ្យក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) របស់សេដ្ឋីម្នាក់គឺលោកឧកញ៉ា គិត ម៉េង សិក្សាលើទំនប់វារីអគ្គិសនីចំនួនបី។ ទំនប់វារីអគ្គិសនី២ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងនិងទំនប់វារីអគ្គិសនីមួយផ្សេងទៀតនៅក្នុងខេត្តក្រចេះ។
លោក តែ ណាវុធ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានឹងពិនិត្យនិងថ្លឹងថ្លែងពីផលប៉ះពាល់នៃទំនប់នេះ។ លោកថា កម្ពុជាត្រូវការអគ្គិសនីសម្រាប់ការប្រើប្រាស់។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ប្រទេសយើងក៏មានគម្រោង ប្រទេសខាងលើ ក៏មានគម្រោង។ រាល់គម្រោង សុទ្ធតែមានផលចំណេញផលខាត ផលប៉ះពាល់វិជ្ជមាននិងផលប៉ះពាល់អវិជ្ជមាន ធ្វើបានភ្លើង ប៉ះពាល់នូវធនធានធម្មជាតិ។ អញ្ចឹងយើងត្រូវតែថ្លឹងថ្លែង»។
ប្រធាននាយកដ្ឋានរដ្ឋបាលជលផល លោក លោក ណៅ ធួក មានប្រសាសន៍ថាតាមការសិក្សា ទំនប់វារីអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែងអាចប៉ះពាល់ត្រីជាង២០ភាគរយ។
លោកបញ្ជាក់ថា៖
«ជាធម្មតាទេ ទំនប់វាមានឥទ្ធិពល ប៉ុន្តែយើងត្រូវតែថ្លឹងថ្លែងថា តើកម្រិតធំឬក៏តូច វាប៉ះពាល់។ យើងសិក្សា អ្វីដែលសំខាន់គឺថារកមើលពីវិធី Mitigate (ធ្វើឲ្យប្រសើរ) វា»។
អ្នកស្រី សាន សន អាយុ៥៥ឆ្នាំ រស់នៅក្បែរទន្លេសេសាន ក្នុងភូមិភ្លុកនៃស្រុកសេសានខេត្តស្ទឹងត្រែង បានត្អូញត្អែរពីកង្វះត្រី ដោយសារការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២។
អ្នកស្រីមានប្រសាសន៍ថា៖
«ត្រីតិចណាស់ ចាប់មិនបានមួយគីឡូផង បានម៉ាស្ល។ ពីមុនរកបានច្រើន»។
អ្នកស្រីបន្ថែមប្រាប់ VOA ថា៖
«ប្រសិនបើមានទំនប់បន្ថែមនៅលើដងទន្លេមេគង្គ ប្រហែលជាពុំមានត្រីទៀតនោះទេ»។
ប្រជានេសាទកម្ពុជាជាច្រើនដែលរស់នៅតាមដងទន្លេមេគង្គនិងទន្លេសាបកំពុងត្អូញត្អែរពីការធ្លាក់ចុះផលត្រី ដោយសារការសាងសង់ទំនប់វារីអគ្គិសនីនានានៅតាមដងទន្លេនេះ៕