ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅថ្ងៃសុក្រនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសំណើរបស់ប្រទេសឡាវដើម្បីស្ថាបនាទំនប់វារីអគ្គិសនីថ្មីមួយទៀតដែលមានឈ្មោះថាប៉ាក់ បេង (Pak Beng)។ ពួកគេលើកឡើងថាទំនប់នេះ នឹងប៉ះពាល់លំហូរទឹកនិងធនធានជលផលនៅកម្ពុជា។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថាសម្ព័ន្ធទន្លេមេគង្គដែលមានសមាជិកបណ្ដាញជាតិចំនួន៥២អង្គការកាលពីថ្ងៃព្រហស្បតិ៍ បានដាក់សំណើទៅគណៈកម្មាធិការជាតិទន្លេមេគង្គ ដើម្បីបង្ហាញក្ដីបារម្ភរបស់ពួកគេលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីថ្មីនេះ។ លោកមានប្រសាសន៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ។
លោកបន្តថា ផលប៉ះពាល់នៃទំនប់ពីររបស់ឡាវ មិនទាន់មានការសិក្សាឲ្យច្បាស់លាស់នៅឡើយទេ ហើយមកដល់ពេលនេះ ប្រទេសឡាវស្នើសុំការស្ថាបនាទំនប់វារីអគ្គិសនីមួយផ្សេងទៀត។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ក្រុមសង្គមស៊ីវិលនឹងបង្ហាញការព្រួយបារម្ភ គោលជំហរនិងសំណើសុំបដិសេធនៃការអភិវឌ្ឍទំនប់វារីអគ្គិសនី ប៉ាក់ បេង ទៅគ្រប់ភាគីពាក់ព័ន្ធ។
«អញ្ចឹងយើងនឹងផ្ញើជូននូវការសិក្សាកន្លងមកដែលបង្ហាញពីផលប៉ះពាល់និងបទពិសោធន៍កន្លងមក ហើយនិងគោលជំហរទៅដល់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្ដមរដ្ឋមន្ត្រីពាក់ព័ន្ធ បន្ទាប់មកយើងធ្វើការជាមួយសភាជាតិយើងដែលជាតំណាងប្រជាជនហើយនិងអន្តរសភានៅក្នុងតំបន់ទន្លេមេគង្គ»។
ទំនប់វារីអគ្គិសនី ប៉ាក់ បេង ដែលផ្ដល់ថាមពលក្នុងបរិមាណ៩១២មេហ្គាវ៉ាត់នេះ មានតម្លៃប្រមាណ ១៨៨០លានដុល្លារអាមេរិក ហើយស្ថិតនៅចម្ងាយប្រហែល១៥៤០គីឡូម៉ែត្រពីព្រំដែនកម្ពុជា~ឡាវ។
ខណៈគម្រោងសាងសង់ទំនប់ថ្មីនេះកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយនេះ ទំនប់ពីរផ្សេងទៀតរបស់ឡាវ គឺទំនប់សាយ៉ាប៊ូរី (Xayaburi) ដែលស្ថិតនៅចម្ងាយប្រមាណ១២៦០គីឡូម៉ែត្រពីព្រំដែនកម្ពុជានិងទំនប់ដនសាហុង (Don Sahong) ដែលស្ថិតនៅចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីព្រំដែនកម្ពុជាដែរនោះ កំពុងបង្កឲ្យមានបញ្ហាចម្រូងចម្រាស និងក្លាយជាការព្រួយបារម្ភរបស់ប្រជាជនរស់នៅតាមដងទន្លេមេគង្គនិងសហគមន៍អន្តរជាតិ។
ប្រសិនបើមានការសាងសង់មែន ទំនប់វារីអគ្គិសនីប៉ាក់ បេង នេះ នឹងក្លាយជាទំនប់ទីបីក្នុងចំណោមគម្រោងសាងសង់ទំនប់ចំនួន១១របស់ឡាវនៅលើទន្លេមេនៃទន្លេមេគង្គ។
សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺលោក អឿង ចន្ថា ដែលសិក្សាលើធនធានទឹក មានប្រសាសន៍នៅក្នុងសន្និសីទនេះថា គួរតែមានការសិក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀត មុននឹងការស្ថាបនាទំនប់នេះ។
លោកស្នើឲ្យរដ្ឋាភិបាលឡាវរង់ចាំពី៥ទៅ១០ឆ្នាំទៀត ដើម្បីមើលផលប៉ះពាល់នៃទំនប់វារីអគ្គិសនីដែលកំពុងមានស្រាប់ មុនឈានទៅដល់ការស្ថាបនាទំនប់ផ្សេងទៀត។
លោកសម្ដែងការព្រួយបារម្ភពីលំហូរទឹកមិនគ្រប់គ្រាន់នៅរដូវប្រាំង កំណកកករល្បាប់នៅទន្លេមេគង្គ សុវត្ថិភាពនៃការធ្វើទំនប់ និងផលប៉ះពាល់ដល់ធនធានជលផលផ្សេងៗ។
លោក អឿង ចន្ថា មានប្រសាសន៍ថា៖
«ខ្ញុំសូមធ្វើយ៉ាងម៉េចឲ្យមានការសិក្សាទាំងបច្ចេកទេស ក៏ដូចជាសង្គមនិងសេដ្ឋកិច្ចឡើងវិញឲ្យបានច្បាស់លាស់ ដើម្បីថាតើផលវិបាកយើងអាចជៀសបាន យើងកាត់បន្ថយបាន។ ហើយការចែកផលប្រយោជន៍រវាងប្រទេសហ្នឹងនៅក្នុងតំបន់ទន្លេមេគង្គហ្នឹងមានសមធម៌គ្នា»។
អង្គការទន្លេអន្តរជាតិ (International Rivers )ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីការបារម្ភអំពីទំនប់វារីអគ្គិសនីមួយនេះ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា៖
«ទំនប់វារីអគ្គិសនី ប៉ាក់ បេង នឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ក្នុងប្រទេសថៃនិងពេញតំបន់ទន្លេមេគង្គ រួមនឹងការប៉ះពាល់នៃគម្រោងវារីអគ្គិសនីដែលមានស្រាប់»។
បើយោងតាមអង្គការអន្តរជាតិមួយនេះ មនុស្សប្រមាណ៦៧០០នាក់ នឹងត្រូវផ្លាស់ប្ដូរទីលំនៅដោយសារការសាងសង់ទំនប់ទាំងនេះ។
អ្នកសម្របសម្រួលបណ្ដាញប្រជានេសាទបឹងទន្លេសាប លោក ឡុង សូចែត មកពីខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ទន្លេមេគង្គជាប្រភពទឹកនិងធនធានត្រីដ៏សំខាន់មួយសម្រាប់បឹងទន្លេសាប។
លោកបង្ហាញក្ដីបារម្ភថា ទំនប់នេះអាចប៉ះពាល់ទឹកនិងធនធានជលផលនៅកម្ពុជា។ លោកស្នើឲ្យប្រទេសជាសមាជិកនៃទន្លេមេគង្គដាក់សម្ពាធលើប្រទេសឡាវ កុំឲ្យមានការសាងសង់ទំនប់នេះ។
«សម្រាប់ខ្ញុំក្នុងនាមឲ្យសហគមន៍ដែលរស់នៅក្នុងដងទន្លេមេគង្គ ក៏ដូចជាទន្លេសាបដែរក្នុងប្រទេសកម្ពុជា គឺមិនគាំទ្រឲ្យមានការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើដងទន្លេមេនៃទន្លេមេគង្គទេ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ក៏ដូចជាការចិញ្ចឹមជីវិត។ នេះគឺសំណូមពរ ក៏ដូចជាក្ដីព្រួយបារម្ភផងដែរ»។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ ថ្លែងប្រាប់ VOAថាក្រុមជំនាញកម្ពុជា នឹងវាយតម្លៃលើផលប៉ះពាល់នៃទំនប់នេះរហូតដល់ខែឧសភា ឆ្នាំ២០១៧ តាមការជូនដំណឹងរបស់ប្រទេសឡាវដែលមានរយៈពេល៦ខែ។
ទោះជាយ៉ាងណា លោកលើកឡើងថា ទំនប់នេះស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជា ហើយលោកថា កម្ពុជានឹងមិនរងផលប៉ះពាល់ធំដុំនោះទេ។
លោកស្នើឲ្យសង្គមស៊ីវិលស្ដាប់ការបង្ហាញរបស់ភាគីឡាវពីការសិក្សាគម្រោងនេះជាមុនសិននៅក្នុងវេទិកាពិភាក្សាមួយដែលនឹងធ្វើឡើងនៅទីក្រុងហ្លួងប្រាបាងនៃប្រទេសឡាវនៅសប្ដាហ៍ក្រោយនេះ។
«ទៅស្ដាប់មើលគម្រោងហ្នឹងវាយ៉ាងម៉េច គេសិក្សាបានដល់ត្រឹមណា មានបញ្ហាអី។ បញ្ហាអីទៅតាមក្បួនច្បាប់ទម្លាប់។ យើងទៅស្ដាប់យកព័ត៌មានហ្នឹងទាំងអស់គ្នា»។
លោកបញ្ជាក់ថា ក្រោយពីវេទិកានេះ កម្ពុជានឹងបើកឲ្យមានការពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធក្នុងខែមីនាខាងមុខនេះ មុននឹងផ្ដល់ការឆ្លើយតបជាផ្លូវការចុងក្រោយទៅភាគីឡាវ។
ប្រទេសឡាវ គ្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីបន្ថែមទៀត ដោយសារការកើនឡើងនៃតម្រូវការនៃការនាំចេញអគ្គិសនីទៅប្រទេសជិតខាង និងដើម្បីអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។
លោក តឹក វណ្ណារ៉ា បានផ្ដល់ជាយោបល់ឲ្យប្រទេសឡាវ ពិនិត្យមើលជម្រើសផ្សេងទៀតដើម្បីទទួលបានថាមពល ក្រៅពីការស្ថាបនាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ៕