នៅឯផ្សារលក់ត្រីមួយកន្លែងតាមបណ្ដោយច្រាំងទន្លេសាប ការលក់ដូរនៅពេលព្រឹកព្រលឹមៗគឺមានភាពមមាញឹក ដោយសារតែអ្នកទិញបានសម្រុកទិញត្រីក្នុងតម្លៃមួយថោកសមរម្យបំផុត។ ប៉ុន្តែ នៅពេលរសៀលវិញ គឺខុសពីនេះ។ នេះបើតាមការបញ្ជាក់របស់លោក Man Mat ដែលជាអ្នកលក់ត្រីអាយុ ២៩ ឆ្នាំ។
ទិន្នផលត្រីរបស់អ្នកចាប់ត្រីពីក្នុងទន្លេសាប និងទន្លេមេគង្គ សម្រាប់លក់មានការធ្លាក់ចុះ។ លោក Man Mat បានរិះគន់លើបញ្ហាជាច្រើន ដែលបណ្ដាលឲ្យមានការធ្លាក់ចុះនូវទិន្នផលត្រី ដែលក្នុងនោះមានដូចជាការនេសាទខុសច្បាប់ដោយប្រើសំណាញ់ឆក់ត្រី ការនេសាទហួសកំណត់ ការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួតជាដើម។
ប៉ុន្តែ លោក Man Mat បានបន្ថែមទៀតថា បញ្ហាធំបំផុតដែលប៉ះពាល់ដល់ការនេសាទត្រីដើម្បីលក់របស់លោក គឺដោយសារការសាងសង់ទំនប់វារីអគ្គិសនី ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឡាវ។
លោក Man Mat ដែលជាជនជាតិខ្មែរឥស្លាម និងជាកូនប្រុសរបស់អ្នកនេសាទត្រី បាននិយាយយ៉ាងដូច្នេះថា៖ «ទិន្នផលត្រីមានការធ្លាក់ចុះជាបន្តបន្ទាប់។ ឪពុករបស់ខ្ញុំ ឥឡូវនេះ ចាប់ត្រីបានតែពី ៥ ទៅ ១៥ គីឡូក្រាមតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ កាលពីលើកមុន គាត់ចាប់បានពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុងមួយថ្ងៃ។ ក្នុងរយៈពេល ១០ ឆ្នាំ ទៅមុខទៀត នឹងគ្មានត្រីនៅសេសសល់ឡើយ»។
បញ្ហានេះ កើតឡើង នៅពេលដែលរដ្ឋាភិបាលឡាវសម្រេចចិត្តសាងសង់ទំនប់វារីអគ្គិសនី Xayaburi ដែលមានទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១២ ទោះបីជាមានការតវ៉ាខ្លាំងក្លាជាសាធារណៈពីអ្នកវិទ្យាសាស្ត្រ និងអ្នកបរិស្ថានក៏ដោយ។
អាជ្ញាធរឡាវក៏បានប្រកាសផងដែរថា ខ្លួននឹងបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនី Don Sahong មួយទៀត ក្នុងទឹកប្រាក់ ៣០០ លានដុល្លារអាមេរិក នៅតំបន់ Siphandone ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ដែលនៅទីនោះជាទីជម្រករបស់ត្រី Dolphin មកពីទន្លេ Irrawaddy ដែលកំពុងរងការគំរាមកំហែង។
កាលពីខែមុន រដ្ឋាភិបាលឡាវក៏បានសម្រេចបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីទី ៣ របស់ខ្លួន នៅតាមបណ្ដោយចរន្តទឹកនៃភូមិ Pak Beng ស្ថិតនៅភាគខាងជើងប្រទេសឡាវ ក្នុងទឹកប្រាក់ចំនួន ១,៨៨ ពាន់លានដុល្លារអាមេរិក ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីលក់អគ្គិសនីទៅឲ្យប្រទេសជិតខាងខ្លួន ជាពិសេសប្រទេសចិន៕