មនុស្សជិត២សែននាក់នៅតែស្ថិតនៅក្រោមបទបញ្ជាឲ្យជម្លៀសចេញកាលពីថ្ងៃចន្ទនៅរដ្ឋ California ភាគខាងលិចសហរដ្ឋអាមេរិក ខណៈដែលពួកអាជ្ញាធរបានព្យាយាមជួសជុលផ្លូវទឹកសម្រាប់គ្រាមានអាសន្ននៅឯទំនប់ទឹកដ៏ខ្ពស់បំផុតរបស់ប្រទេសអាមេរិកដើម្បីកុំឲ្យវាធ្លាយ និងកុំឲ្យមានទឹកជន់ខ្លាំងដែលមិនអាចទប់ទល់បាន។
ភាពចំាបាច់ភ្លាមៗដែលបាននាំឲ្យមានការជម្លៀសមនុស្សចេញហាក់ដូចជាចុះថយ វិញហើយ ក៏ប៉ុន្តែពួកមន្រ្តីបានវាយតម្លៃរកវិធីជួសជុលផ្លូវទឹកដែលទឹកហៀរចេញនៅទំនប់ Oroville នេះ មុនពេលសម្រេចថាតើទំនប់នោះមានសុវត្ថិភាពដែលអាចឲ្យមនុស្សវិលត្រឡប់ទៅផ្ទះរបស់ខ្លួននៅក្នុងសហគមន៍ដាច់ស្រយាលនានាដែលស្ថិតនៅចម្ងាយ២៤០គីឡូម៉ែត្រភាគឦសាន្តទីក្រុង San Francisco ដែរឬទេ។
លោក Kory Honea ប៉ូលិសសង្កាត់ Butte បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថ៖ «ឥឡូវនេះ មិនមានទឹកនៅក្នុងផ្លូវទឹកសម្រាប់គ្រាអាសន្នទេ ប៉ុន្តែបើទោះជាវាមានស្ថិរភាពចំពោះស្ថានការណ៍ជាក់ស្តែងក៏ដោយ នៅមានភាពមិនប្រាកដប្រជាយ៉ាងច្រើន។ យើងមិនទាន់សម្រេចនៅឡើយថាតើវាមានសុវត្ថិភាពដល់តំបន់ដែលមនុស្សរស់នៅដែរឬអត់ទេ»។
ទំនប់ដែលមានប្រវែង២៣៥ម៉ែត្រ ដែលរាំងខ្ទប់បឹង Oroville មិនបានបាក់ទេ។ ពួកអាជ្ញាធរបានបញ្ចេញទឹក២៨៣០ម៉ែត្រគីបក្នុងមួយវិនាទីពីផ្លូវទឹកដ៏សំខាន់មួយនេះកាលពីថ្ងៃអាទិត្យ ដើម្បីបន្ថយទឹកនៅក្នុងអាងស្តុកទឹក ដោយមិនឲ្យហូរចូលព្រែកជីកសម្រាប់គ្រាអាសន្ន។ ពួកមន្រ្តីកំពុងព្យាយាមបញ្ចុះកម្រិតទឹក ១៥ ម៉ែត្រនៅក្នុងទំនប់ទឹកនោះមុនមានព្យុះកាន់តែច្រើនថែមទៀតដែលគេបានព្យាករណ៍ថានឹងប៉ះពាល់តំបន់នោះនៅថ្ងៃពុធខាងមុខនេះ។
ភាពអាសន្ននេះបណ្តាលមកពីព្យុះរដូវត្រជាក់។ វាបានធ្វើឲ្យមានភាពធូស្រាលដល់រដ្ឋដែលមនុស្សរស់នៅច្រើនបំផុតបន្ទាប់ពីការរាំងស្ងួតអស់រយៈពេល៤ឆ្នាំ ក៏ប៉ុន្តែកម្រិតទឹកនៅខាងក្រោយទំនប់នេះបានបង្ខំឲ្យពួកមន្រ្តីប្រើប្រាស់ផ្លូវទឹកសម្រាប់គ្រាអាសន្នជាលើកដំបូងនៅក្នុងរយៈពេលជិត៥០ឆ្នាំនេះ។ ការជម្លៀសមនុស្សបានត្រូវបញ្ជាបន្ទាប់ពីវិស្វករបានប្រទះឃើញរន្ធនៅក្នុងផ្លូវទឹកសម្រាប់គ្រាអាសន្ន។
បន្ថែមពីនោះ មានការសឹកច្រោះដែលមិនធ្លាប់មានមួយនៅក្នុងផ្លូវទឹកដ៏សំខាន់ ដោយសារការធ្លាក់ភ្លៀងយ៉ាងខ្លាំងដែលបានធ្វើឲ្យស្នាមប្រេះប្រវែង៦០ម៉ែត្រនិងជម្រៅ៩ម៉ែត្រ ទោះយ៉ាងនោះក៏ដោយ ពួកអាជ្ញាធរបាននិយាយថាស្នាមដូចជារូងនោះបានបញ្ចប់ហើយ។
លោក Jerry Brownអភិបាលរដ្ឋ California បាននិយាយថា៖ «វាជាការបញ្ជាក់យ៉ាងច្បាស់ថា កាលៈទេសៈនេះមានភាពស្មុគ្រស្មាញនិងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រដ្ឋកំពុងបង្គាប់ឲ្យបញ្ជូនបុគ្គលិកនិងធនធានសំខាន់ៗដើម្បីដោះស្រាយស្ថានភាពដ៏ធ្ងន់ធ្ងរនេះ»។
ការជម្លៀសនោះបានធ្វើឲ្យកកស្ទះនៅតាមផ្លូវចេញចូលនានានៅក្នុងតំបន់នោះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកមន្រ្តីបានព្រមានពួកគេពីលទ្ធភាពនៃការបាក់ផ្លូវទឹកសម្រាប់គ្រាអាសន្ន ដោយបានបញ្ជាឲ្យជម្លៀសមនុស្សចេញពីសហគមន៍នានានៅក្នុងជ្រលងនៅក្រោមទំនប់ទឹកថា ការជម្លៀសនេះមិនមែនជាការហាត់សមទេ។
លោក Greg Levias អ្នកស្រុកនៅតំបន់នោះ បាននិយាយនៅពេលដែលលោកបានចាកចេញជាមួយប្រពន្ធ កូនប្រុស២នាក់និងឆ្កែរបស់គាត់ ៣សប្តាហ៍បន្ទាប់ពីរើទៅកាន់សហគមន៍ផ្សេងទៀតថា៖ «ខ្ញុំមានការរន្ធត់ចិត្តណាស់»។
បឹង Oroville ដើរតួនាទីដ៏សំខាន់នៅក្នុងបណ្តាញចែកចាយទឹករបស់រដ្ឋាភិបាល California ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់តំបន់កសិកម្មដ៏ធំល្វឹងល្វើយនៅផ្នែកភាគកណ្តាលនៃរដ្ឋស្ថិតតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកនេះ និងផ្គត់ផ្គង់ទឹកសម្រាប់អ្នកស្រុកនិងពាណិជ្ជកម្មនៅផ្នែកខាងត្បូងដែលមានមនុស្សរស់នៅច្រើនកុះករ៕