សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលការស្នើសុំរបស់លោក កឹម សុខា ទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសអាល្លឺម៉ង់ តែបានអនុញ្ញាតឱ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះបានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តីឱ្យលោកកឹម សុខា។
បើតាមការអញ្ជើញរបស់អង្គការ Global Solutions Summit លោក កឹម សុខានឹងចូលរួមធ្វើជាវាគ្មិន ហើយចូលរួមពិភាក្សាជាក្រុមតូចៗផ្សេងទៀតនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែមីនានេះ។
មេធាវីមួយរូបដែលការពារក្តីឱ្យលោក កឹម សុខា គឺ លោក ចាន់ ចេន បានប្រាប់សន្និសីទព័ត៌មាន បន្ទាប់ពីសវនាការលើកទី៣៤របស់លោក កឹម សុខា នៅព្រឹកថ្ងៃពុធថា ក្រុមមេធាវីការពារក្តីលោកកឹម សុខា បានស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះព្យួរការរឹតត្បិតកូនក្តីមិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស ដូចដែលបានសម្រេចដោយចៅក្រមស៊ើបសួរ។
លោកចាន់ ចេនបន្ថែមថា៖ «ក៏ប៉ុន្តែបើយើងយោងតាមលិខិតរបស់អគ្គលេខាធិការរបស់ Global Solutions Summit ហ្នឹង គឺគេអញ្ជើញ ឯកឧត្តម កឹម សុខា ទៅផ្ទាល់ ទៅធ្វើគេហៅថា បឋកថា មានន័យថានិយាយផ្ទាល់នៅទីក្រុងបែរឡាំងផង និងនិយាយជាលក្ខណៈក្រុមតូចៗផង ដូច្នេះតុលាការគាត់បានអនុញ្ញាតឱ្យត្រឹមកម្រិតឯកឧត្តម កឹម សុខា បានធ្វើវីដេអូ ការប្រជុំអនឡាញ»។
នៅក្នុងសាលសវនាការ តំណាងអយ្យការបានផ្តល់ការពន្យល់ទៅក្រុមប្រឹក្សាជំនុំជម្រះថាក្រុមមេធាវីការពារក្តីរបស់លោក កឹម សុខា ដែលនៅជាប់បម្រាមរបស់តុលាការមិនឱ្យចាកចេញពីប្រទេសនិងធ្វើនយោបាយនោះ បានខកខានមិនបានដាក់ពាក្យស្នើសុំតុលាការពាក់ព័ន្ធនឹងការប្រជុំនៅប្រទេសអាល្លឺម៉ង់ព្រោះលោក កឹម សុខា ត្រូវបានគេអញ្ជើញតាំងពីចុងខែកុម្ភៈ តែទើបដាក់សំណើនៅថ្ងៃទី២១ខែ មីនាកន្លងទៅថ្មីៗនេះ។ នេះបើតាមមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ប្រាប់វីអូអេថា តំណាងអយ្យការក៏បានលើកហេតុផលមួយចំនួនទៀតនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ការប្រជុំអាចត្រូវបានគេរៀបចំឡើងច្រើនទម្រង់ ពោលគឺអាចធ្វើឱ្យមានការចូលរួមដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធអនឡាញ។
លោកនិយាយថា៖ «អយ្យការគេលើកហេតុផលរឿងសម័យកាលនេះ សម័យកាលកូវីដនេះ គឺគេមានវិធីក្នុងការប្រជុំដោយមានអនឡាញ ហើយក្នុងកិច្ចប្រជុំហ្នឹង គេមានបញ្ជាក់ពីការប្រជុំដោយ hybrid មានន័យថា កូនកាត់អនឡាញ ហើយនិងផ្ទាល់ ហើយអ៊ីចឹងក្នុងហ្នឹង តុលាការដោយសារតែឃើញមានការប្រជុំដាក់ភ្ជាប់អនឡាញដែរ អ៊ីចឹងតុលាការសម្រេចអនុញ្ញាតឱ្យលោក កឹម សុខា ចូលរួមតាមអនឡាញទៅវិញ ដោយមិនឱ្យគាត់ចេញទៅក្រៅប្រជុំបានទេ ទៅប្រជុំនៅប្រទេសអាល្លឺម៉ង់ហ្នឹងបានទេ»។
បើតាមលោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីបួនរូបរបស់លោក កឹម សុខា កិច្ចប្រជុំនោះ ក៏នឹងមានការចូលរួមពីមេដឹកនាំប្រទេស G 7 និង G 20 និងមានការធ្វើបទបង្ហាញ និងពិភាក្សា ទាក់ទិនស្ថានការណ៍សាកលលោក។
គួររម្លឹកឡើងវិញផងដែរថា អតីតអនុប្រធានទីមួយនៃរដ្ឋសភាគឺលោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ កន្លងមក ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ដ៏ចម្រូងចម្រាសនោះ។
កាលពីដើមខែមីនា ឆ្នាំ២០២២នេះ លោក កឹម សុខា បានប្រាប់សន្និសីទព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញថា តុលាការគ្មានភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់លោកពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» និងថា លោកមិនបានប្រព្រឹត្តអំពើណាមួយដែលបង្កមហន្តរាយដល់ប្រទេសជាតិទេ។ ដូច្នេះលោកស្នើតុលាការឱ្យទម្លាក់ចោលបទចោទមកលើរូបលោក ដើម្បីអនុញ្ញាតឱ្យលោកមានឱកាសចូលរួមធ្វើនយោបាយក្នុងពេលបោះឆ្នោតខាងមុខ។
ដោយឡែកនៅក្នុងសវនាការកាលពីព្រឹកថ្ងៃពុធនេះ អ្នកសង្កេតការណ៍ការជម្រះក្តីក្តាំរបស់លោក កឹម សុខា បានកត់សម្គាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ ដែលបានបិទផ្លូវមិនឱ្យប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ចូលរួមឃ្លាំមើលសវនាការក្រោយៗទៀត ក្រោមហេតុផលថា អ្នកស្រីក៏ជាសាក្សីម្នាក់ក្នុងសំណុំរឿងនេះដែរ។
អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃពុធថា អ្នកស្រីបានបំពេញនីតិវិធីសព្វគ្រប់ក្នុងនាមជាសាក្សី បន្ទាប់ពីតុលាការបានកោះហៅអ្នកស្រីតាំងពីឆ្នាំ២០១៨ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺអ្នកស្រីត្រូវបានតុលាការស្នើសុំឱ្យចាកចេញពីបន្ទប់សវនាការ កាលពីព្រឹកថ្ងៃពុធនេះ បើទោះជាកន្លងមកអ្នកស្រីបានចូលរួមឃ្លាំមើលសវនាការនេះ ដោយមានការអនុញ្ញាតពីតុលាការ ក្នុងនាមជាថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលក៏ដោយក្តី។
មេដឹកនាំអង្គការសិទ្ធិមនុស្សរូបនេះបន្ថែមថាការចែករំលែកព័ត៌មានពីបន្ទប់សវនាការរបស់លោក កឹម សុខា ទំនងជាហេតុផលមួយស្ថិតក្នុងការសម្រេចរបស់តុលាការដែលហាមមិនឱ្យអ្នកស្រីបានបន្តឃ្លាំមើលសវនាការបន្តទៅមុខទៀត។
អ្នកស្រី ចក់ សុភាព ពន្យល់ថា៖ «ខ្ញុំគិតថាហេតុផលមួយទៀត ដែលពាក់ព័ន្ធនឹងការលើកឡើងអំពីវត្តមានរបស់ខ្ញុំ នៅក្នុងបន្ទប់ជំនុំជម្រះហ្នឹង គឺដោយសារកន្លងមក បន្ទាប់ពីធ្វើការសង្កេតការណ៍រួចហើយហ្នឹង គឺខ្ញុំតែងតែធ្វើការចែករំលែកព័ត៌មានទៅតាមទិដ្ឋភាពជាក់ស្តែង ដែលកើតឡើងនៅក្នុងអង្គជំនុំជម្រះនោះសម្រាប់សាធារណជនលោកបានដឹងឮ...ហើយក៏មាន ប្រហែលជាអាចមានការមិនសប្បាយចិត្តណាមួយនឹងការដែលខ្ញុំចែករំលែកនេះ ក៏អាចជាហេតុផលមួយដែរ»។
បន្ទាប់ពីសវនាការលើកទី៣៤នេះ តុលាការនឹងបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃពុធទី៣០ ខែមីនា សប្តាហ៍ក្រោយ៕