មេដឹកនាំនយោបាយជំទាស់លោកកឹម សុខា កាលពីព្រឹកថ្ងៃពុធ បានប្រាប់សន្និសីទព័ត៌មានមួយនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញថា លោកមិនមានផែនការណាមួយនាំបរទេសចូលមកឈ្លានពានកម្ពុជា ដូចការចោទប្រកាន់របស់តុលាការនោះទេ។
ការអត្ថាធិប្បាយរបស់លោកកឹម សុខា យ៉ាងដូច្នេះ ធ្វើឡើងនៅមុនពេលលោកចូលរួមសវនាការជុំទី៣៣របស់លោកក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស ដែលបានធ្វើឲ្យអ្នកនយោបាយរូបនេះបាត់បង់សិទ្ធិធ្វើនយោបាយបួនឆ្នាំមកហើយ។
ថ្លែងទៅកាន់អ្នកកាសែតនៅឯគេហដ្ឋានរបស់លោក លោកកឹម សុខានិយាយថា លោកមិនបានរួមគំនិតជាមួយបរទេស ដូចអ្វីដែលជាការចោទរបស់តុលាការពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»ទេ និងថា រហូតមកដល់ពេលនេះ គ្មានភស្តុតាងបញ្ជាក់ថាប្រទេសមួយណា ដែលលោករួមគំនិតជាមួយ ដើម្បីមកឈ្លានពានកម្ពុជាដែរ។ លោកលើកឡើងថា៖
«អ្វីដែលលើសពីហ្នឹងទៅទៀតហ្នឹង គឺអត់មានប្រព្រឹត្តអី ដែលនាំឲ្យមហន្តរាយដល់ប្រទេសជាតិដូចអត់ដែលមាននាំ។ ខ្ញុំអត់ដែលមាននាំបរទេសណាមកឈ្លានពាន។ នេះគឺជាចំណុចរហូតមកដល់ថ្ងៃនេះ។ អីចឹងខ្ញុំគិតថា វាគ្រប់គ្រាន់ល្មម ដើម្បីពេលវេលានេះ វាហួសពេលហើយ។ វាច្រើនពេកទៅហើយ ដើម្បីទម្លាក់ចោទមកលើខ្ញុំ តុលាការ!»។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានពន្យល់ថា ភស្តុតាងដែលតុលាការយកមកប្រើ ដែលរួមមានរូបភាព ឬសំឡេងបង្ហាញពីទំនាក់ទំនងលោកជាមួយបរទេសនោះ គឺមិនអាចយកជាដើមទុនមកចោទលោកពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសទេ ដោយថា ការទំនាក់ទំនងរបស់លោកជាមួយភ្ញៀវបរទេសកន្លងមកគឺជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងការងារស្របច្បាប់ ហើយក៏គ្មានការលាក់បាំងផងដែរ។
លោកកឹម សុខា អះអាងថា បើសិនមានការអូសបន្លាយពេល ធ្វើឲ្យលោកខកខានមិនបានចូលរួមសកម្មភាពនយោបាយក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនោះ ការបោះឆ្នោតអាចនឹងត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតដែលមិនមានលក្ខណៈសេរី និងយុត្តិធម៌។ លោកប្រាប់អ្នកកាសែតបន្ថែមថា៖
«ទាំងអស់គ្នាដឹងថា ខ្ញុំជាមេដឹកនាំ គណបក្សប្រឆាំងដ៏ធំនៅកម្ពុជាដែលមានសក្តានុពល ការប្រកួតប្រជែងគ្នាតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ហើយការបោះឆ្នោត ឃុំសង្កាត់ត្រូវចុះឈ្មោះចុះបញ្ចូលក្នុងបញ្ជីសប្តាហ៍នេះហើយ។ ហើយមកដល់ថ្ងៃនេះហើយ អត់ទាន់មានដំណោះស្រាយ។ បើសិនជាអត់មានដំណោះស្រាយ គឺបង្ហាញច្បាស់ណាស់ គឺមានចេតនាមិនចង់ឲ្យមេដឹកនាំ ឬគណបក្សដែលមាន ដែលជាគូប្រកួតពិត ដែលជាជម្រើសពិតរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតចូលរួមបោះឆ្នោត។ អីចឹងការបោះឆ្នោតហ្នឹង គឺពិបាកនឹងទទួលស្គាល់ ពិបាកនឹងគិតថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ច្បាស់ណាស់!»។
អតីតអនុប្រធានទីមួយនៃរដ្ឋសភាគឺលោក កឹម សុខា កំពុងរងការចោទប្រកាន់អំពីការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ កន្លងមក ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នោះ ។
នៅក្នុងសវនាការមុនៗ ក្រុមប្រឹក្សាជំនុំជម្រះ បានដាក់បង្ហាញភស្តុតាងជាច្រើនដែលរួមមានឃ្លីបវីដេអូ រូបថត ឯកសារព័ត៌មានជាវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលភស្តុតាងទាំងនោះ មានខ្លះបង្ហាញពីសកម្មភាពនៃការចាប់ផ្តើមរៀបចំបង្កើតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ សកម្មភាពដឹកនាំបាតុកម្មរបស់លោកកឹម សុខានិងសហស្ថាបនិកគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោកសម រង្ស៊ីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
ប៉ុន្តែភស្តុតាងសំខាន់មួយដែលតំណាងអយ្យការយកមកចោទប្រកាន់លោកកឹម សុខា គឺការថ្លែងសារ នយោបាយរបស់លោកនៅប្រទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ អំពីការទទួលបានយុទ្ធសាស្ត្រនយោបាយពីសំណាក់សាស្ត្រាចារ្យនៅប្រទេសលោកសេរី ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការក្តោបក្តាប់របស់គណបក្សប្រជាជនកម្ពុជាជាង៣ទសវតរ្ស៍មកហើយ។ នេះជាភស្តុតាងមួយដែលត្រូវបានតុលាការកំពូលប្រើប្រាស់ផងដែរដើម្បីរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សកាន់អំណាចលោកសុខ ឥសានបានទេ ដើម្បីឆ្លើយតបទៅនឹងការថ្លែរបស់លោកកឹម សុខា អំពីភាពត្រឹមត្រូវនៃការបោះឆ្នោត បើគ្មានវត្តមានគណបក្សជំទាស់មួយដែលគួរឲ្យទុកចិត្តបាននោះ។
ដោយឡែកនៅក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ លោកកឹម សុខា មិនបានឡើងផ្តល់ការអត្ថាធិប្បាយនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះទេ ហើយលោកនឹងត្រូវបន្តមកចូលរួមសវនាការនៅថ្ងៃទី៩ ខែមីនាសប្តាហ៍ក្រោយទៀត។ នេះបើតាមស្មាក្តីមួយរូបក្នុងចំណោមស្មាក្តីបួនរូបរបស់លោកកឹម សុខា។
អ្នកស្រី ម៉េង សុភារី ប្រាប់ក្រុមអ្នកកាសែតនៅក្រៅសាលាដំបូងរាជធានីភ្នំពេញថា គិតមកត្រឹមសវនាការលើកទី៣៣នេះ ក្រុមមេធាវី បានដាក់ភស្តុតាងចំនួន៧៨ ហើយការតតំាងក្តីនឹងនៅបន្តទៅមុខទៀត បើទោះបីជាសំណុំរឿងលោក កឹម សុខា ត្រូវគេជឿយ៉ាងទូលំទូលាយថាជាសំណុំរឿងនយោបាយនោះ។ អ្នកស្រីនិយាយថា៖
«រឿងក្តីនេះ គឺជារឿងក្តីរបស់អ្នកនយោបាយ។ ហើយជាទម្លាប់របស់ខ្មែរយើង តាំងពីដើមមក យើងឃើញថា ការដោះស្រាយរវាងអ្នកនយោបាយ និងអ្នកនយោបាយ គឺអ្នកនយោបាយជាអ្នកដោះស្រាយហើយ។ ហើយចំណែកយើងខ្ញុំ ដែលជាអ្នកច្បាប់ហ្នឹង គឺយើងដើរតាមនីតិវិធី គឺជារឿងជំហានមួយដែលត្រូវធ្វើទៅតាមនីវិធីហើយ។ ប៉ុន្តែ ខ្ញុំក៏មានជំនឿជឿជាក់ដែរថា អ្នកនយោបាយនិងធ្វើការជជែកពិភាក្សាគ្នាដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា»។
យោងតាមអ្នកស្រីម៉េង សុភារី ក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃពុធនេះ បានបង្ហាញភស្តុតាង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៣ និងបាតុកម្មរបស់គណបក្សសង្គ្រាះជាតិ ដែលធ្វើឡើងដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យឈានទៅស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ ដែលត្រូវបានកត់ត្រាទុកក្នុងរបាយការណ៍របស់អង្គការលីកាដូ អង្គការតម្លាភាព និងអង្គការមួយចំនួនទៀត ដែលធ្វើការក្នុងកិច្ចការបោះឆ្នោត និងពីភាគីគណបក្សសង្គ្រោះជាតិ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញលោកប្លង់ សុផល តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែលោកមិនមានការឆ្លើយតបគិតត្រឹមរសៀលថ្ងៃពុធនេះ។
គិតមកត្រឹមសវនាការលើកទី៣៣នេះ សាក្សីមិនត្រូវបាននាំយកមកសួរនាំនៅចំពោះមុខតុលាការទេ។ យ៉ាងណាក៏ដោយ មេធាវីការពារក្តីលោកកឹម សុខា គឺអ្នកស្រី ម៉េង សុភារី អះអាងថា ក្រុមមេធាវីរបស់លោកកឹម សុខា នឹងនៅបន្តចូលរួមទៅតាមនីតិវិធីរបស់តុលាការ និងក៏មិនមានភាពនឿយណាយនឹងការឡើងមកតតាំងក្តីក្នុងសំណុំរឿងដែលជាប់ហេតុផលនយោបាយនៅតុលាការក្រុងផងដែរ៕