ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​លោក ​កឹម សុខា ​នឹង​ដំណើរ​ការ​ឡើង​វិញ​នៅ​សប្តាហ៍​នេះ​ ខណៈ​មេធាវី​ចង់​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី


រូបឯកសារ៖ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

សវនាការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក ​កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ នឹង​បន្ត​ធ្វើ​ឡើង​វិញ​ជា​ធម្មតា​នៅថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ក្រោយ​ផ្អាក​អស់​រយៈពេល​មួយ​សប្តាហ៍​ ដោយសារ​មេធាវី​របស់​រដ្ឋាភិបាលម្នាក់​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ កាលពី​សប្តាហ៍​មុន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ទាំង​លោក​ កឹម សុខា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក ​អ៊ី រិន្ទ​ ប្រាប់ ​VOA ​ នៅ​ថ្ងៃ​ចន្ទ​ថា​តុលាការ​នឹង​បន្ត​សវនាការ​សំណុំ​រឿង​របស់​លោក​ កឹម សុខា ​ជា​ធម្មតា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ ដោយ​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ ដែល​មាន​ជា​ធរមាន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

«គេ​នៅ​តែ​រៀបចំ​វិធានការ​ បែប​បទ​ វិធានការ​រដ្ឋបាល ​វិធានការ​សុខាភិបាល​ដដែល​ ពាក់​ម៉ាស់ ​បាញ់​អាល់កុល​ដដែល​ រក្សា​គម្លាត​អី​ដូច​គ្នា»។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​វីរុស​បំប្លែង​ខ្លួន​ថ្មី ​ប្រភេទ​អូមីក្រុង ​កំពុង​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​ចាន់ ចេន​ មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​ កឹម សុខា​ និយាយ​ថា​ក្រុម​មេធាវី​មាន​ការ​បារម្ភ​អំពី​វីរុស​ ប្រភេទ​អូមីក្រុង ​ដែល​កំពុង​ឆ្លង​រាល​ដាល​យ៉ាង​ច្រើន​ករណី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ។​ប៉ុន្តែ​លោក​ថា​ក្រុម​មេធាវី​នឹង​អនុវត្ត​តាម​គោល​ការណ៍​របស់​ក្រសួង​សុខាភិបាល ​ហើយ​ក៏​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ក្តី​នេះ​ផង​ដែរ។

លោក​មេធាវី​បញ្ជាក់​តាម​សារ​ជា​អក្សរ​ក្នុង​ន័យ​ដើម​ថា៖​ «យើង​គោរព​តាម​គោល​ការណ៍​របស់​ក្រសួង​សុខាភិបាល​ តែ​សហ​មេធាវី ​ក៏​ដូច​ជា​ឯកឧត្តម​ កឹម សុខា​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​គាំទ្រ​ឯកឧត្តម​ កឹម សុខា ​រួមទាំង​សហគមន៍​អន្តរជាតិ​ផង​ដែរ​ នៅ​តែ​ចង់​ឃើញ​តុលាការ​ពន្លឿន​ការកាត់​សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​ឯកឧត្តម​ កឹម សុខា​គឺ​ទម្លាក់​បទ​ចោទ​ប្រកាន់ ​ព្រោះ​ឯកឧត្តម​ កឹម សុខា​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មករា​ បាន​សម្រេច​បើក​សវនាការ​សំណុំ​រឿង​លោក ​កឹម សុខា ​ឡើង​វិញ​ ក្រោយ​ផ្អាក​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ។​

គិត​ចាប់​តាំង​ពី​ខែ​មករា​មក​នោះ​តុលាការ​បើក​សវនាការ​រៀង​រាល់​ព្រឹក​ថ្ងៃ​ពុធ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍។​សវនាការ​ក្នុង​ខែ​មករា​ និង​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​នេះ​ ដំណើរការ​ទៅ​បាន​៣​លើក​ប៉ុន្តែ​មេធាវី​ចុង​ចោទ​ថា ​ តុលាការ​មិន​ទាន់​សម្រេច​សេចក្តី​អ្វី​លើ​លោក ​កឹម សុខា​ នៅ​ឡើយ។ថ្ងៃ​ទី៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២ ​ជា​ថ្ងៃ​សវនាការ​លើក​ទី​៤ ​ត្រូវ​បាន​លើក​ពេល ​ដោយសារ​មេធាវី​ម្នាក់​របស់​តំណាង​រដ្ឋាភិបាល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។​

ក្រុម​មេធាវី​របស់​លោក ​កឹម សុខា ​តែង​តែ​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ក្តី​ និង​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ពួកគេ​ឲ្យ​បាន​ឆាប់។​

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២២​លោក​មេធាវី​ ផែង ហេង ​តំណាង​ឲ្យ​មេធាវី​បួន​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​លោក​ចៅក្រម ​កូយ សៅ​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ដោយ​ស្នើ​សុំ​ពន្លឿន​នីតិវិធី​សវនាការ​សំណុំ​រឿង​របស់​លោក ​កឹម សុខា។​

ក្នុង​លិខិត​នោះ ​ក្រុម​មេធាវី​បាន​ជម្រាប​ចៅ​ក្រម​តាម​ន័យ​ដើម​ថា៖​ «ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​មិន​អាច​សន្មត​ជាមុន​បាន ​និង​ដោយ​មើល​ឃើញ​ថា​ សំណុំ​រឿង​នេះ​បាន​ដេញ​ដោល​ក្នុង​កម្មវិធី​សវនាការ​ជិត​៣០​ដង​រួច​ហើយ ​ ដូច​នេះ ​ដើម្បី​ធានា​នូវ​ការ​គោរព​សិទ្ធិ ​ក៏​ដូច​ជា​យុត្តិធម៌​សម្រាប់​កូនក្តី ​ យើង​ខ្ញុំ​ស្នើ​សុំ​តុលាការ​ពន្លឿន​នីតិវិធី​សវនាការ​ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ជា​ចាំ​បាច់»។​

លោក ​ផែង ហេង​ ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«ចៅក្រម​បកស្រាយ​កាល​លើក​មុន​រួច​ហើយ ​តែ​គេ​នៅ​តែ​ដាក់​មួយ​ពេល​ដដែល»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​លើក​ឡើង​ថា​សវនាការ​លើ​សំណុំ​រឿង​របស់​លោក​ កឹម សុខា ​មាន​រយៈ​ពេល​វែង​ ឬ​ខ្លី​ គឺ​អាស្រ័យ​លើភាព​ស្មុគស្មាញ​នៃ​សំណុំ​រឿង ​និង​ការ​តតាំង​របស់​ភាគី​ទាំង​សងខាង។

«សំណុំ​រឿង​ថា​ វា​ត្រូវ​ការ​រយៈ​ពេល​យូរ។​ សវនាការ​វា​ច្រើន​លើក​មិន​ទាន់​អាច​បញ្ចប់​បាន​ អាហ្នឹង​វា​ជា​រឿង​ធម្មតា ។​ វាអាស្រ័យ​ទៅ​លើ​ភាព​ស្មុគស្មាញ​នៃ​សំណុំ​រឿង​នីមួយៗ ​និង​ការ​តតាំង​គ្នា​រវាង​ដើម​ចោទ ​និង​ចុង​ចោទ ​ដែល​មិន​ព្រម​ទទួល​យក​ការ​ចោទ​ប្រកាន់​នីមួយៗ។ ​ គេ​តតាំង​គ្នា​ បង្ហាញ​ភស្តុតាង​គ្នា​ ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ទៅវិញ​ទៅមក​អាហ្នឹង​ជា​រឿង​ធម្មតា។ ​ អ៊ីចឹង​ process​ [ដំណើរ​ការ] ​ហ្នឹង​វា​ត្រូវ​ការ​ពេល​ ដើម្បី​ឲ្យ​ភាគី​ទាំង​សងខាង​តតាំង​គ្នា​ឲ្យ​អស់​ចិត្ត ​ប្រមូល​ភស្តុតាង ​មូលដ្ឋាន​ផ្លូវ​ច្បាប់ ​ការពារ​ខ្លួន​ឲ្យ​អស់​លទ្ធភាព»។​

គួរ​រម្លឹក​ផង​ដែរ​ថាលោក​ កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៧ ​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ។ ​ក្រោយ​ការ​ចាប់​ខ្លួន ​ ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ​បន្ទាប់​មក ​លោក​ត្រូវ​បាន​ដោះ​លែង​ តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​មាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ ​មិន​ឲ្យ​ទៅ​ក្រៅ​ប្រទេស ​និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។​

មុន​ពេល​លោក​កឹម សុខា​ចូលរួម​សវនាការ​នៅ​ថ្ងៃពុធ​សប្តាហ៍​នេះ​ លោក​កឹម សុខា​ បាន​មក​ត​ទល់​ក្តីក្តាំ​របស់​លោក​ជិត​៣០​លើក​មក​ហើយ។ ចំណែក​ភស្តុតាង​សំខាន់​ដែល​តុលាការ​បាន​ប្រើប្រាស់​ក្នុងការ​បន្ត​ជម្រះ​ក្តី​ក្តាំ​ក្បត់​ជាតិ​របស់​មេដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ ​គឺ​ខ្សែ​អាត់​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ ដែល​គេ​ឃើញ​លោក ​កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣។​នេះ​ជា​ភស្តុតាង​មួយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រើប្រាស់​ផង​ដែរ​ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧៕

XS
SM
MD
LG