ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ថា​លោក កឹម​សុខា​គ្មាន​ចេតនា​ធ្វើ​បដិវត្តន៍​ក្រៅ​ពី​ការ​កៀរគរ​សំឡេង​ឆ្នោត​


រូប​​ឯកសារ៖ លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AFP)
រូប​​ឯកសារ៖ លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ កំពុង​ជិះ​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​កាត់​ក្ដី​លោក​ពី​បទ​ក្បត់ជាតិ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AFP)

​តុលាការ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​បន្ត​បើក​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូងចម្រាស​របស់​មេ​ដឹកនាំ​នយោបាយ​ជំទាស់​គឺ​លោក កឹម​ សុខា​ ដោយ​តុលាការ​បាន​បន្ត​ពិនិត្យ​ភស្តុតាង​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​ផ្តល់​ដោយ​ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​គឺ​លោក កឹម សុខា​ ដែល​បាន​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ ទាំង​លោក ​កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។​ សវនាការ​របស់​លោក ​កឹម សុខា​ ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ធ្វើ​ឡើង​ជាង​៣០​លើក​មក​ហើយ​នោះ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​សួរ​នាំ​សាក្សី​ទេ។

អ្នកស្រី ​ម៉េង សុភារី​ មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​បួនរូប​របស់​លោក កឹម សុខា​ប្រាប់​វីអូអេ​ថា​ក្នុង​សវនាការ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​តុលាការ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​សួរ​នាំ​អំពី​អង្គហេតុ​បន្ត​ទៀត​ទេ​ដោយ​ថា​ តុលាការ​បាន​ចាក់​បញ្ចាំង​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ចំនួន​ពីរ​និង​ឯកសារ​ចំនួន​បី​របស់​មេធាវី​ជន​ជាប់​ចោទដែល​ក្នុង​នោះ​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​ លោក ​កឹម ​សុខា​ បាន​ប្រើប្រាស់​គោល​នយោបាយ​ស្នូល​៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ប្តូរ​យក​សន្លឹក​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​កន្លង​មក។​ នេះ​មាន​ន័យ​ថា​លោក​កឹមសុខា​មិន​បាន​យក​កាំភ្លើង​ឬ​អាវុធ​ទៅ​ប្តូរ​យក​ការ​ធ្វើ​បដិវត្តន៍​ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«គោល​បំណង​របស់​ឯកឧត្តម ​កឹម សុខា​ គឺ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត។​ ដូច្នេះ​សកម្មភាព​ទាំង​ឡាយ​ក៏​ដូច​ជា​ភស្តុតាង​ផ្សេងៗ​ដែល​យើង​បាន​ជូន​គឺ​យើង​ចង់​បញ្ជាក់​និង​ចង់​បង្ហាញ​ថា​ឯក​ឧត្តម ​គឹម សុខា​ ពិត​ជា​មាន​បំណង​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​សង្វៀន​នយោបាយ​មួយ​ដែល​ស្រប​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ពិត​ប្រាកដ​មែន​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ឬ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ»។​

រូប​ឯកសារ៖ អ្នកស្រី ម៉េង សុភារី មេធាវី​ការពារ​ក្តី​លោក កឹម សុខា និយាយ​ជាមួយ​អ្នកកាសែត នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី ម៉េង សុភារី មេធាវី​ការពារ​ក្តី​លោក កឹម សុខា និយាយ​ជាមួយ​អ្នកកាសែត នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា​ រូប​នេះ​លើក​ឡើង​ទៀត​ថាបើ​សិន​លោក​ កឹម ​សុខា​ចង់​ធ្វើ​បដិវត្តន៍​មែន​នោះ​លោក ​កឹម សុខា​ នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​និង​មិន​ខិតខំ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ក៏​នឹង​មិន​ព្យាយាម​ដើរ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​នោះ​ដែរ​គឺ​លោក​ទំនង​ជា​នឹង​ទៅ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រោក​ឈរ​ធ្វើ​បដិវត្តន៍។​ហេតុ​ដូច្នេះ​អ្នកស្រី​ថា​មិន​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​មក​បញ្ជាក់​ថា​ លោក​កឹម សុខា​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​បដិវត្តន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ឡើយ។​

បើ​តាម​អ្នកស្រី​ ម៉េង សុភារី​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នឹង​បន្ត​បង្ហាញ​ឯកសារ​ភស្តុតាង​ចំនួន​៨​ទៀត​ដែល​ផ្តល់​ដោយ​ក្រុម​ស្មាក្តី​របស់​លោក​ កឹម សុខា​ នៅ​ក្នុង​សវនាការ​ដែល​គ្រោង​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​ កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧​តាម​ការ​ចោទ​ពី​បទ​ក្បត់​ជាតិ។​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ ​បន្ទាប់​មក​លោក​ត្រូវ​បាន​ដោះលែង​តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​មាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​មិន​ឲ្យ​ទៅ​ក្រៅ​ប្រទេស​និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​គឺ​លោក ​អំ សំអាត​ បាន​ផ្តល់​ការ​កត់​សម្គាល់​ថា​សំណុំ​រឿង​លោក​កឹម​សុខា​ជា​សំណុំ​រឿង​ប្រវត្តិសាស្ត្រ​ដោយ​លើក​ហេតុផល​ថា​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​មើល​ឃើញ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​មួយ​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​គឺ​បទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ថា​សំណុំ​រឿង​ក្បត់ជាតិ​នេះ​នឹង​អាច​បន្ត​ទៅ​តាម​នីតិវិធី​ដោយ​គ្មាន​ពេល​កំណត់​ ខណៈ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​សួរ​ដេញ​ដោល​សាក្សី​នៅ​ឡើយ​ ហើយ​ថា​ លោក​កឹម សុខា​អាច​ខកខាន​មិន​បាន​ចូល​ដឹកនាំ​សកម្មភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​កំពុង​ខិត​ជិត​ចូល​មក​ដល់​នេះ​ទេ។​

យ៉ាង​ណាក៏​ដោយ​លោក​ អំ សំអាត ​មាន​សុទិដ្ឋិនិយម​ថា​ អ្នក​នយោបាយ​ខ្មែរ​អាច​បែរ​មក​រក​តុ​ចរចា​ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ផ្តល់​សម្បទាន​នយោបាយ​ទៅ​វិញ​ទៅ​មក​ឈាន​ទៅ​បញ្ចប់​សំណុំ​រឿង​នយោបាយ​ខាង​លើដែល​មាន​ជាប់​ហេតុផល​នយោបាយដូច​ការ​ដោះស្រាយ​កាលពី​ពេល​មុនៗ​និង​វិលមក​រក​ការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជា​ធិបតេយ្យ​និង​តម្កល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ៕​

XS
SM
MD
LG