លោក Steve Sandford បានសាកសួរជនភៀសខ្លួនការ៉េនអំពីបញ្ហាប្រឈមនានាដែលអាចនឹងកើតមានឡើងសម្រាប់ការរស់នៅប្រកបដោយនិរន្តភាពនិងសន្តិភាពនាពេលអនាគត។
នៅក្នុងភូមិ Lay Kay Kaw ដែលជាភូមិថ្មីមានលេចចេញនូវសញ្ញាយ៉ាងច្បាស់ថា ការអភិវឌ្ឍជាច្រើននៅតែត្រូវការជាចាំបាច់សម្រាប់អ្នកតាំងទីលំនៅថ្មី។ ប៉ុន្តែផ្លូវនានាទៅកាន់តំបន់នេះមិនមែនជាការព្រួយបារម្ភធំជាងគេនោះទេព្រោះអ្នកតាំងលំនៅថ្មីនៅតែខ្វះខាតសេចក្តីត្រូវការជាមូលដ្ឋាន។
លោក Saw Pataya ប្រធានភូមិ Lay Kay Kaw មានប្រសាសន៍ថា៖
«បញ្ហាចម្បងនៅក្នុងភូមិនាពេលបច្ចុប្បន្ននេះគឺការផ្គត់ផ្គង់ទឹក។ យើងមានបញ្ហាជាមួយនឹងប្រព័ន្ធទឹក ដូចជាបំពង់បង្ហូរទឹកធ្លាយ ឬបណ្តាញទឹកខូច»។
មានជនភៀសខ្លួនចម្រុះជនជាតិមកពីរដ្ឋការ៉េនចំនួន៣ ពាន់នាក់និងជនភៀសខ្លួនក្នុងស្រុកដែលរស់នៅក្នុងផ្ទះមានតម្លៃថោក។ ប៉ុន្តែការជួយទ្រទ្រង់មនុស្ស ចំនួន៩០០គ្រួសារដែលមានឱកាសការងារធ្វើតិចតួចគឺជាក្តីបារម្ភសម្រាប់មនុស្សជាច្រើន រួមទាំងលោក Woh Soe ជាអតីតជនភៀសខ្លួន។
លោក Woh Soe ជនភៀសខ្លួនដែលទើបមកដល់កាលពីពេលថ្មីៗបានបញ្ជាក់ថា៖
«នៅទីនេះវាពិបាកក្នុងការទទួលបានការងារអចិន្រ្តៃយ៍។ ការងារដែលរកបានមានតែមួយគត់គឺការងារធ្វើមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ យើងត្រូវស្វែងរកការងារដោយខ្លួនឯង»។
ជនភៀសខ្លួនជាច្រើនគឺជាកសិករ មុនពេលពួកត្រូវផ្លាស់ទីលំនៅ ហើយឥឡូវនេះ ដោយសារគ្មានដីស្រែ ពួកគេគ្មានការងារធ្វើទេ។
អ្នកស្រី Naw La Gee អតីតកសិករមកពីរដ្ឋការ៉េន បាននិយាយថា៖
«ឥឡូវនេះកូនប្រុសរបស់ខ្ញុំមានការងារធ្វើ ប៉ុន្តែកាលពីមុនកូនខ្ញុំមិនអាចរកការងារធ្វើបានទេ។ ខ្ញុំមានបងប្អូនជីដូនមួយពីរនាក់ទៀតដែលនឹងមកតាំងទីលំនៅនៅភូមិនេះឆាប់ៗនេះ ប៉ុន្តែខ្ញុំមិនដឹងថា តើការងារអ្វីខ្លះដែលពួកគេអាចរកបាននៅទីនេះ? ការងារទាំងនោះពិបាករកណាស់សម្រាប់ពួកគេ»។
ការសិក្សាថ្មីមួយបានបង្ហាញថា ចាប់តាំងពីបទឈប់បាញ់ត្រូវបានធ្វើឡើងនៅទីនេះ ការរឹបអូសយកដីធ្លីកំពុងតែកើនឡើង ហើយមានអាជីវកម្មប្រមាណជិត ៥០%ជាប់ពាក់ព័ន្ធនឹងយោធា។
លោក Padoh Mahn Batun ប្រធាននាយកដ្ឋានរុក្ខាប្រមាញ់នៅតំបន់ការ៉េន បានបញ្ជាក់ថា៖
«មានវិនិយោគិនជាច្រើន រួមនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលចង់ធ្វើអាជីវកម្មនៅក្នុងតំបន់របស់យើងនិងបង្កើតរោងចក្រជាច្រើន។ ពួកគេនិយាយថា ពួកគេនឹងបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនក្នុងស្រុក ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងដីធ្លីរបស់យើងនិងបង្កើតការងារសម្រាប់មនុស្សគ្រប់គ្នា?»
ខណៈថវិកាសម្រាប់ជំរុំជនភៀសខ្លួននិងការផ្គត់ផ្គង់ស្បៀងអាហារបានធ្លាក់ចុះនៅតាមបណ្តោយព្រំដែនប្រទេសថៃការរំពឹងអំពីការវិលត្រឡប់ទៅរកអនាគតប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាភូមានៅតែជាសំណួរដែលត្រូវចោទសួរដដែល៕