ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​សកម្ម​ជន​ថា ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​មិន​ខ្លាំង​ល្មម​គ្រប់​គ្រាន់​ទេ


រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកដល់​តាម​ទូក
រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកដល់​តាម​ទូក

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែលបាន​ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន ​បាន​ស្តីបន្ទោស​ពួក​យោ​ធា​មីយ៉ាន់​ម៉ា​​ចំពោះ​យុទ្ធ​នាការ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​និង​រាលដាល​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។

​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីពេលថ្មី​ៗ​នេះ បានជៀសវៀង​មិន​ហៅ​យុទ្ធនាការ​ប្រើប្រាស់​អំពើហិង្សា​ដ៏​ខ្លាំង ​ទ្រង់​ទ្រាយ​ធំនិង​រាលដាល​ប្រឆាំង​នឹង​ក្រុម​ជន​ជាតិ​ភាគ​តិច​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ទេ។​

ពួក​សកម្ម​ជន​បាន​រិះគន់​ការ​ស៊ើបអង្កេត​ជា​យូរយារ​ណាស់​មក​ហើយ​របស់​ក្រសួង​ការបរ​ទេស​សហរដ្ឋ​អាមេរិក​អំពី​យុទ្ធ​នាការ​ខាង​យោ​ធា​របស់​មីយ៉ាន់​ម៉ា​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​ដោយ​និយាយថា ​សហរដ្ឋ​អាមេរិកត្រូវ​តែ​ប្រកាន់​ជំហរ​កាន់​តែ​រឹងមាំ​ឡើង​ទៅលើ​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍។

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែលបាន​ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន ​បាន​ស្តីបន្ទោស​ពួក​យោ​ធា​មីយ៉ាន់​ម៉ាចំពោះ​យុទ្ធ​នាការ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​និង​រាលដាល​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។

របាយការណ៍​ដែល​ផ្អែក​លើ​កិច្ច​សម្ភាសន៍​ជាមួយ​ជន​ភៀសខ្លួន​ជនជាតិ​ភាគតិច​រ៉ូហ៊ីង​យ៉ា​ជាង​១​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​បង់ក្លា​ដែស​ដែល​ជា​ប្រទេស​ជិត​ខាង បាន​ប្រមូល​ចង​ក្រងការ​ពណ៌​នា​ពីការ​ធ្វើ​ទារុណ​កម្ម ​ចាប់​រំលោភ​និង​ការ​សម្លាប់​មនុស្ស​ដ៏​ច្រើន​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់​ម៉ា។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​បាន​ប្រាប់​ពួក​អ្នក​ស៊ើបអង្កេតរបស់​ក្រ​សួង​ការបរទេសថា ក្នុង​ករណី​ខ្លះ ​ទាហាន​មីយ៉ាន់​ម៉ា​បាន​បោះ​ទារក​និង​កូន​ក្មេង​តូច​ៗ​ចូល​ក្នុង​អណ្តាតភ្លើង​និង​ខ្ទម​ដែល​កំពុង​ឆេះ។​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​ផ្សេង​ទៀត​បាន​និយាយថា ​ពួកគេ​បាន​ឃើញ​ទាហានវះ​យក​គភ៌ពី​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ។

ក្រសួង​ការបរទេសអាមេរិក​បាន​សារភាព​ថា ​យុទ្ធនាការ​ហឹង្សានេះ​មានការ​គ្រោង​ទុក​និងសម្រប​សម្រួល​បាន​យ៉ាង​ល្អ។ក៏ប៉ុន្តែ របាយការណ៍​នោះមិនបាន​កំណត់​ថា អំពើ​ហឹង្សាជាឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ទេហើយ​ក្រសួង​ការ​បរទេស​អាមេរិក​មិនបាន​ផ្តល់​អនុសាសន៍​ឲ្យ​មានចំណាត់​ការ​ជាក់​លាក់​ទេ។

​លោក Maung Zarni ​ជា​សាស្រ្តាចារ្យ​ជន​ជាតិ​អង់គ្លេស​ដើម​កំណើតភូមា​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ថា «ការប្រល័យ​ពូជសាសន៍ជន​ជាតិ​រ៉ូហ៊ីង​យ៉ានៅ​មីយ៉ាន់​ម៉ាសន្សឹមៗ»ឬ«​ The Slow-Burning Genocide of Myanmar’s Rohingya»​បាន​និយាយថា «​ការណ៍​នេះកំពុង​ធ្វើ​ឲ្យ​មានការ​រកាំ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​យើងទាំងអស់​គ្នា​ដែល​មិន​មាន​ប្រទេស​ណា​ផ្សេងអាច​ពឹងពាក់​បាន​ ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មនុស្ស​ជាតិ​និង​មេត្តាធម៌​និង​ស្រប​ទៅ​តាម​គោលការណ៍​សីលធម៌»។

​លោក Zarni ​បាន​និយាយ​ទៀត​ថា «​ការណ៍​នេះ​មិន​ដូចជា​ប្រទេស Rwanda ​ឬ​ទី​កន្លែង​ផ្សេង​ទៀត​ដែល​មនុស្សបាន​ដឹងជាមុន​ថា ​អំពើ​ប្រល័យ​ពូជ​សាសន៍​បាន​កើត​មាន​ឡើង។ការណ៍​នេះ​នៅ​បន្ត​មាន​ឡើង»។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ស្តីបន្ទោស​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ចំពោះការ​មិន​ចាត់​វិធានការ​ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិកត្រូវ​តែ​ធ្វើ​តាម​របាយការណ៍​ដោយ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​អ្នក​ទទួល​ខុសត្រូវ​ទាំង​នោះ។

លោកស្រី Sarah Margon នាយក​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា «របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិកដែល​បញ្ជាក់ពី​អំពើ​ឃោឃៅ​ជា​ប្រព័ន្ធ​នៃ​កិច្ច​ប្រតិបត្តិការ​យោធា​របស់​មីយ៉ាន់​ម៉ា ​ត្រូវ​តែ​នាំឲ្យ​មាន​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក»។

​កាល​ពី​ខែ​សីហា ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មេបញ្ជាការយោធា​និង​ប៉ូ​លិស​មីយ៉ាន់​ម៉ា​៤នាក់​ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​ពួកគេ​នៅ​ក្នុង​អ្វី​ដែល​កាល​នោះ​ក្រសួង​ការបរទេស​អាមេរិកចាត់​ទុកថា«ជា​ការ​បោសសម្អាត​ខាង​ជាតិ​សាសន៍​»​នៅ​ក្នុង​រដ្ឋ Rakhine។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ​របាយការណ៍​នៅពេល​ថ្មី​ៗ​នេះ​មិន​បាន​ប្រើឃ្លា«ការ​បោស​សម្អាត​ខាង​ជាតិ​សាសន៍»​ទេ។​ក៏ប៉ុន្តែ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទូទៅ​មួយ​ក្រសួង​ការបរ​ទេស​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​រក​ឃើញ​នៃ​ការ​ស៊ើបអង្កេត ​«គាំទ្រ​ទាំង​ស្រុង​ការ​សន្និដ្ឋាន​នោះ»ហើយ​ទទូច​ថា ខ្លួននឹង​ផ្តល់​ព័ត៌មាន​អំពី​ការ​រក​ឃើញទាំង​នេះ​សម្រាប់​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិកទៅថ្ងៃ​អនា​គត។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «កិច្ចខំ​ប្រឹងប្រែង​របស់សហរដ្ឋ​អាមេ​រិកកាល​ពី​ពេល​កន្លងមកហើយជាបន្ត​ទៅ​ទៀតនៅតែ​ផ្តោត​លើ​ការស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​ឬសគុល​នៃការ​បោស​សម្អាត​ខាង​ជាតិ​សាសន៍ ​លើក​ទឹក​ចិត្ត​ឲ្យ​ចាត់​វិធានការណ៍​ដែល​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សម្រាប់​មនុស្សទាំងអស់​នៅ​ភូមា​ហើយ​នឹង​អ្នក​ដែល​គ្មាន​ទី​កន្លែង​រស់​នៅ​ក្នុង​ប្រទេស​ភូមា ​ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​ទាំងនោះ​ទទួល​ខុសត្រូវ​ចំពោះឧក្រិដ្ឋកម្ម​ទាំងនោះ»។

ពាក្យ​បោស​សម្អាត​ខាង​ជាតិ​សាសន៍មាន​ទម្ងន់​តិច​ជាង​ពាក្យ​ប្រល័យ​ពូជសាសន៍​ឬឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ។មាន​សេចក្តី​រាយការណ៍​ថា រដ្ឋបាល​របស់​លោក​ត្រាំ​បានខ្វែង​គំនិត​គ្នាអំពី​ថាតើ​ប្រើ​ពាក្យ​ទាំងនោះ​យ៉ាង​ដូចម្តេច ​មួយ​ផ្នែក​ពី​ព្រោះ​តែ​មាន​មនុស្ស​ខ្លះ​ភ័យ​ខ្លាច​ថា ​ការណ៍​នេះ​អាច​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍។

លោក Zarni ជាអ្នក​និពន្ធ​ជាតិ​អង់គ្លេស ​បាន​បញ្ជាក់​ថា ​អន្តរាគមន៍​នោះ​មិនត្រូវ​ធ្វើ​ឡើងតាម​បែបទម្លាក់​គ្រាប់​បែក​ឬ​ការ​បញ្ជូនកង​ថែរក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ទេ។លោក​និយាយ​ទៀត​ថា ផ្ទុយ​ទៅ​វិញ ​ការណ៍​នេះមានន័យថា ​ការ​ដាក់​ពង្រាយអ្នក​សង្កេត​ការណ៍​សិទ្ធិ​មនុស្សជាបណ្តោះ​អាស័ន្ន​ឬ​ទី​ប្រឹក្សា​ខាង​ស៊ីវិលប្រចាំ​នៅ​រដ្ឋាភិ​បាល​មីយ៉ាន់​ម៉ា។

លោក​បាន​និយាយថា «​មិន​មាន​នរណាមួយ​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ខាង​យោធា​ទេ។ក៏ប៉ុន្តែ មនុស្ស​ចង់​បាន​យន្តការ​អន្តរជាតិ​មួយ​ដើម្បី​ផ្តល់​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​នៅ​ខាង​ក្នុង​ប្រទេសនិង​សម្រាប់អ្នក​ដែល​វិត្រឡប់​មក​កាន់​មាតុភូមិ​វិញ។​ទាំងអស់​នេះជា​អ្វី​ដែល​ចាំ​បាច់​ពិភាក្សា ​មិនមែនមែនគ្រាន់​តែបន្លាច​មនុស្ស​ដោយ​ប្រើ​គ្រាប់​បែក​នោះ​ទេ»។

បេសកកម្ម​ស្វែងរក​ការពិត​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​សីហា ​បាន​ផ្តល់​អនុសាសន៍ថា គេ​ត្រូវ​តែ​ស៊ើបអង្កេតពួក​ឧត្តមសេនីយ​មីយ៉ាន់​ម៉ាចំពោះ​ការ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹងមនុស្ស​ជាតិ។បេសកកម្ម​ស្វែង​រក​ការ​ពិត​របស់​អង្គការ​សហ​ប្រជាជាតិបាន​ប្រាប់​ឲ្យ​ដឹងថា ការកាក់ស្មាន​ថា មនុស្ស​ស្លាប់​ប្រហែល​ជា១ម៉ឺននាក់​នោះ​ជាការ​ស្មានទាប។ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាង៧សែន​២ម៉ឺន​៥​ពាន់​នាក់​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ។

រដ្ឋាភិបាល​ដែល​ត្រួតត្រា​ដោយ​ពួក​យោធា​របស់មីយ៉ាន់​ម៉ា បាន​ច្រាន​ចោល​ពី​ការជឹះ​ជាន់​សង្កត់​សង្កិន​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។រដ្ឋាភិបាល​យោធា​មីយ៉ាន់​ម៉ា ​បាន​អះ អាង​ថា ​ខ្លួនធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹងការ​វាយ​ប្រហារ​ជាបន្តបន្ទាប់​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធរ៉ូហ៊ីងយ៉ា​ទៅលើ​ស្ថានីយ​ប៉ូលិស។

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​បានត្អូញ​ត្អែ​ជាយូរណាស់​មក​ហើយ​ពី​ការ​រើសអើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា ​រួមមាន​ការបដិសេធពីការ​មិនផ្តល់​សញ្ជាតិ​ដល់​ពួកគេ​ផង៕

ប្រែ​សម្រួល​ដោយ​ ​ជឹង ​ប៉ូជីន

XS
SM
MD
LG