ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ផ្តល់​ពេលវេលា​ដល់​រដ្ឋបាល​​លោក​ Trump ដល់​យប់​ថ្ងៃ​ពុធ​នេះ​ដើម្បី​ផ្តល់​ថវិកា​ជំនួយ​បរទេស


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​ជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ចៅក្រម​សហព័ន្ធ​ម្នាក់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump ផ្តល់​ថវិកា​ជំនួយ​បរទេស​ដល់​បុគ្គលិក​ជាប់​កិច្ចសន្យា​និង​អង្គការ​ទទួល​ជំនួយ​ឥតសំណង​នៅ​កំណត់​ម៉ោង ១១:៥៩យប់ថ្ងៃ​ពុធ​នេះ ដោយ​និយាយ​ថា​មិន​មាន​សញ្ញា​ថា​រដ្ឋបាល​នេះបាន​ចាត់វិធានការ​ណាមួយ​ដើម្បី​អនុ វត្ត​ទៅតាម​បទ​បញ្ជា​ពី​ដំបូង​របស់​លោក​ប្រធានាធិបតី​ដែល​ថា​ថវិកា​ទាំង​នោះ​ត្រូវ​បាន​បង្កក​នោះ​ទេ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បទបញ្ជា​ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សវនការ​តាម​ទូរស័ព្ទ​មួយ​នៅ​ក្នុង​បណ្តឹង​ដែល​បាន​ធ្វើ​ឡើង​ដោយ​បណ្តា​អង្គការដែល​មាន​កិច្ចសន្យា​ជាមួយ​និង​ទទូល​ជំនួយ​មកពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឬ USAID ​និង​ក្រសួង​ការបរទេស។ បទបញ្ជា​នោះអនុវត្ត​ដល់​ការងារ​ដែល​បាន​ធ្វើ​មុន​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ នៅពេល​ដែល​ចៅក្រម​រូប​នោះ​បាន​ចេញ​បទបញ្ជាដើម្បី​ទប់ជា​បណ្តោះ​អាសន្ន​កាលពី​ដំបូង​របស់​លោក។​

វា​ជា​លើក​ទី៣​ដែល​លោក Ali បាន​បញ្ជា​ឱ្យ​ពួក​មន្ត្រី​រដ្ឋបាល​បញ្ចេញ​ថវិកា​បរទេស​ដែល​ត្រូវ​បាន​ផ្អឹបបន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជា​ឱ្យ​ផ្អាក​ជំនួយ​បរទេស​ទាំង​អស់​រយៈពេល ៩០ថ្ងៃ ដែល​ធ្វើ​ឱ្យ​កិច្ច​ខំ​ប្រឹងប្រែង​ជំនួយ​មនុស្សធម៌​សា​កល​លោក​ចូល​ក្នុង​ភាពច្របូក​ច្របល់។

ដើម​បណ្តឹង​នៅ​ក្នុង​បណ្តឹង​នោះ​បាន​និយាយ​ថា​ពួកគេ នឹង​ត្រូវ​បិទទ្វា​ទាំង​ស្រុង ប្រសិនបើពួកគេមិន​បាន​ទទួល​ប្រាក់​នៅពេល​ឆាប់ៗនេះ​ទេ។ ពួកគេ​ចោទប្រកាន់​ថា​រដ្ឋបាល​របស់​លោក Trump បាន​រំលោភ​ច្បាប់​សហព័ន្ធ​និង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការបដិសេធ​ពុំព្រម​ផ្តល់​ថវិកា​និង​នៅ​ក្នុង​ការរំលាយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឬ USAID។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​បរទេស​នេះ​កាលពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ថា​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​ លើកលែង​តែបុគ្កលិក​សំខាន់ៗ នឹង​ត្រូវ​ដាក់​ឱ្យ​ឈប់​ពីការងារ​ហើយ​ថាមុខងារ​ចំនួន១ពាន់៦រយ​កន្លែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​លុបចោល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG