ការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាខ្លួនបានចាប់ខ្លួននាយកប្រតិបត្តិជាច្រើននាក់មកពីសាខារបស់ក្រុមហ៊ុនថាមពលដែលគ្រប់ គ្រងដោយរដ្ឋ PT Pertamina ចំពោះការចោទប្រកាន់ពីបទពុករលួយលើការនាំចូលប្រេងដែលបានធ្វើឱ្យខាតបង់ប្រាក់របស់ប្រទេសជិត ១២ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ជនសង្ស័យ ៧នាក់ រួមមានយ៉ាងតិចណាស់ក៏មន្ត្រីរបស់ក្រុមហ៊ុន Pertamina ៤នាក់ដែរត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។
ពួកគេបានរងការចោទប្រកាន់ពីការធ្វើការជាមួយគ្នានៅរវាងឆ្នាំ២០១៨និង២០២៣ ដើម្បីនាំចូលប្រេងឆៅមកពីក្រុមហ៊ុនផ្គត់ផ្គង់បរទេសដែលមានតម្លៃថ្លៃជាងប្រភពក្នុងស្រុកដូចដែលបានកំណត់ដោយច្បាប់ឥណ្ឌូនេស៊ី។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា«នៅពេលដែលប្រៀបធៀបទៅនឹងតម្លៃផលិត ផលប្រេងឆៅក្នុងប្រទេស តម្លៃរបស់ទំនិញដែលត្រូវនាំចូលនោះបានបង្ហាញនូវតម្លៃខុសគ្នាយ៉ាងខ្លាំង»
ការិយាល័យអគ្គរដ្ឋអាជ្ញានោះបាននិយាយថា«ដោយសារតែសកម្មភាពរំលោភច្បាប់ ប្រទេសនេះបានរងការខាតបង់ចំនួនដល់១១ពាន់៨៥០លានដុល្លារសហរដ្ឋអាមេរិក»។
ពួកជនសង្ស័យប្រឈមមុខការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ ប្រសិនបើរកឃើញថាមានទោសហើយនឹងផាកពិន័យរហូតដល់៦ម៉ឺន១ពាន់ដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Pertamina បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួន នឹងគោរពការស៊ើបអង្កេតនេះ។
កាលពីឆ្នាំ២០២៣ អតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ត្រូវជាប់ពន្ធនាគារ១៥ឆ្នាំ បន្ទាប់ពីរកឃើញទោសពីបទពុករលួយនៅក្នុងរឿងក្តីមួយដែលបានធ្វើឱ្យប្រទេសខាតបង់ជាង ៥រយលានដុល្លារសហរដ្ឋអាមេរិក៕
វេទិកាបញ្ចេញមតិ