រដ្ឋមន្រ្តីការបរទេសជប៉ុនបានកោះហៅលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ ពីព្រោះតែកូរ៉េខាងត្បូងមិនបានចូលក្នុងតុលាការសម្របសម្រួលដើម្បីដោះស្រាយជម្លោះអំពីការធ្វើពលកម្មដោយការបង្ខំក្នុងសម័យសង្គ្រាមលោកលើកទី២។
កាលពីឆ្នាំទៅ តុលាការកូរ៉េខាងត្បូងបានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងប្រាក់ជំងឺចិត្តចំពោះការបង្ខំឲ្យពលរដ្ឋកូរ៉េខាងត្បូងធ្វើការដោយបង្ខំក្នុងសង្គ្រាមលោកលើកទី២។
ជប៉ុនបានផ្តល់ពេលវេលាដល់កូរ៉េខាងត្បូងរហូតដល់ពាក់កណ្តាលយប់ថ្ងៃព្រហស្បតិ៍ដើម្បីឆ្លើយតបទៅនឹងសំណើសម្រាប់ការសម្របសម្រួលនេះ។
ជម្លោះដ៏យូរអង្វែងបានធ្វើឲ្យជប៉ុនកាត់បន្ថយការនាំចេញឧបករណ៍បច្ចេកវិទ្យាជាន់ខ្ពស់របស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ជាចំណាត់ការមួយដែលអាចមានផលប៉ះពាល់លើឧស្សាហកម្មទូរស័ព្ទ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ពីជំនួបនៅថ្ងៃសុក្រនេះរវាងអ្នកការទូតប្រទេសទាំង២ ដែលបានធ្វើឡើងនៅក្នុងបរិយាកាសតានតឹង។ លោក Taro Kono រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រាប់លោក Nam Gwan-pyo ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថា កូរ៉េខាងត្បូងបានរំលោភច្បាប់អន្តរជាតិដោយមិនចូលក្នុងតុលាការសម្របសម្រួលនោះ៕