ប្រទេសជប៉ុននិយាយថា ប្រទេសកូរ៉េខាងជើងនៅតែដាក់ឱ្យមាន «ការគំរាមកំហែងធ្ងន់ធ្ងរ និងដែលនឹងកើតមានឡើង» តទៅទៀតដល់សន្តិសុខជាតិរបស់ផងខ្លួន ទោះណាជាមានសកម្មភាពខាងការទូតជាច្រើនកាលពីពេលថ្មីៗនេះរបស់របបគ្រប់គ្រងនេះទៅកាន់ពិភពលោកខាងក្រៅក៏ដោយ។
ការស្ទង់ប៉ាន់មើលនេះជាការសន្និដ្ឋានរបស់ឯកសារស្តីពីគោលនយោបាយការពារប្រទេសប្រចាំឆ្នាំរបស់ប្រទេសជប៉ុនដែលបានត្រូវបោះពុម្ពផ្សាយនៅថ្ងៃអង្គារនេះ។ កងយោធាជប៉ុនបានកត់សម្គាល់ថាប្រទេសកូរ៉េខាងជើងបានពិសោធន៍នុយក្លេអ៊ែរបីដង និងបានបាញ់បង្ហោះពិសោធន៍កាំជ្រួចមីស៊ីលផ្លោងជាង៤០គ្រឿងចាប់តាំងពីឆ្នាំ២០១៦មក ហើយកាំជ្រួចមីស៊ីល ខ្លះបានហោះពីលើប្រទេសជប៉ុន។
រដ្ឋាភិបាលក្រុងតូក្យូបាននិយាយថា ពួកគេគ្រោងនឹងទិញរ៉ាដាការពារដែនអាកាសធុន Aegis Ashore ផលិតដោយស.រ.អា.ពីរគ្រឿងដើម្បីបង្កើនកិច្ចការពាររបស់ខ្លួនប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងតូក្យូបាននិយាយថា កង្វល់របស់ខ្លួនគឺថា «គ្មានការផ្លាស់ប្តូរទេនៅក្នុងការទទួលស្គាល់ជាមូលដ្ឋានរបស់ខ្លួនអំពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង»។
ឯកសារស្តីពីគោលនយោបាយការពារប្រទេសក៏បានសម្តែងកង្វល់ដែរអំពីការបង្កើនកម្លាំងយោធានៃប្រទេសចិនដោយមានរួមបញ្ចូលការពង្រីកការទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងកើតផងដែរ៕