ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកមាន​តួនាទីកាន់​តែធំ​ឡើង​នៅ​ក្នុង​ជម្លោះ​រវាង​​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន


រូបឯកសារ៖ ក្រុមអ្នកតវ៉ាជនជាតិកូរ៉េខាងត្បូងទាមទារការសុំទោសពីប្រទេសជប៉ុនចំពោះការធ្វើទាសកម្មផ្លូវភេទដោយយោធាជប៉ុនអំឡុងពេលសង្រ្គាមលោកលើកទីពីរ។
រូបឯកសារ៖ ក្រុមអ្នកតវ៉ាជនជាតិកូរ៉េខាងត្បូងទាមទារការសុំទោសពីប្រទេសជប៉ុនចំពោះការធ្វើទាសកម្មផ្លូវភេទដោយយោធាជប៉ុនអំឡុងពេលសង្រ្គាមលោកលើកទីពីរ។

ជា​ប្រពៃ​ណី ​សហរដ្ឋ​អាមេរិកមាន​ការស្ទាក់​ស្ទើរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នានា​​ដែល​ទាក់​ទិន​នឹង​ជម្លោះ​ប្រវត្តិសាស្រ្ត​រវាង​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ដែល​ប្រទេស​ទាំង​២​​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នៅពេល​ដែល​ជម្លោះ​ពាណិជ្ជកម្មបាន​ទាក់ទិន​នឹងភាពតាន​តឹង​ខាង​ប្រវត្តិសាស្រ្តឆ្ពោះ​ទៅកាន់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ពេញ​ទំហឹង​រវាង​ជប៉ុន​និង​កូរ៉េខាង​ត្បូង មាន​សញ្ញាណ​ថា ​សហរដ្ឋ​អាមេរិកនឹង​ចាប់​ផ្តើម​តួនាទី​សម្រប​ស​ម្រួល​ដ៏​ធំមួយ។

អ្នកការទូត​អាមេរិក​ម្នាក់​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង ដែល​បាន​បំ​ពេញ​ទស្សន​កិច្ច​ប្រទេស​ជប៉ុន​នៅ​ដើម​សប្តាហ៍​នេះ ​បាន​ជួប​កាល​ពី​ថ្ងៃ​ពុធ​ជាមួយ​ក្រុម​មន្រ្តី​កំពូល​ៗ​របស់​កូរ៉េខាង​ត្បូង​ក្នុង​រដ្ឋ​ធានី​សេអ៊ូល ​ដែល​នៅ​ទី​នោះ ​លោក​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដ៏​ឆាប់​រហ័ស​ដល់​ជម្លោះ​នោះ។

លោក David Stillwell ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុកកិច្ច​ការ​អាស៊ី​ខាង​កើត​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​បាន​និយាយ​ថា «សហរដ្ឋ​អា​មេរិក​ជាមិត្ត​និង​សម្ព័ន្ធ​មិត្ត​ដ៏ជិតស្និទ្ធ​របស់​ប្រទេស​ទាំង២ ​នឹង​ធ្វើ​អ្វី​ៗដែល​ខ្លួន​អាច​ដើម្បីគាំទ្រ​ការ​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ទាំង២​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។

វិបត្តិ​នេះ ​បាន​ផ្ទុះឡើង​នៅ​ដើម​ខែនេះ​នៅពេល​ដែល​ជប៉ុន​បាន​រឹតត្បិត​ការនាំ​ចេញ​ឧបករណ៍បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ទៅ​កូរ៉េខាង​ត្បូង។​ ឧបករណ៍​ទាំង​នោះ ​ត្រូវ​គេ​ប្រើ​ដើម្បី​ផលិតឈីប (Chip) និង​អេក្រង់​ទូរស័ព្ទ Smartphone និង​គ្រឿង​អេឡិចត្រូ​និក​ផ្សេង​ៗ​ទៀត​ដែល​មាន​សារៈ​សំខាន់​ដល់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ការ​នាំ​ទំនិញ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង។

​ក្នុង​ការរឹតត្បិតការ​ផ្តល់​សំភារៈ រដ្ឋាភិបាល​ក្រុង​តូក្យូបាន​លើកហេតុផល​ពី​មូល​ហេតុ​សន្តិសុខ​ជាតិ។ ក៏ប៉ុន្តែ ​ចំណាត់​ការ​នេះត្រូវ​បាន​គេមើលឃើញ​ជាទូទៅ​ថា ​ជាការ​សង​សឹក​ចំពោះការ​សម្រេច​នៅ​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង ​ដែល​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុនសង​ប្រាក់ជំងឺ​ចិត្ត​ដល់​ពល​រដ្ឋ​កូរ៉េ​ដែល​ត្រូវ​គេ​បង្ខំ​ធ្វើ​ការ​ក្នុង​អំឡុង​នៃ​ការត្រួតត្រា​តាម​បែប​អណានិគម​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កូរ៉េ។

ជា​ប្រពៃ​ណី ​សហរដ្ឋ​អាមេរិកមាន​ការស្ទាក់​ស្ទើរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នានាដែល​ទាក់​ទិន​នឹង​ជម្លោះ​ប្រវត្តិសាស្រ្ត​រវាង​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ដែល​ប្រទេស​ទាំង​២ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន៕

XS
SM
MD
LG