រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងមិនចរចាឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយនឹងជប៉ុននោះទេ ដែលកិច្ចព្រមព្រៀងនេះមានគោលបំណងសម្រេចឲ្យបាននូវដំណោះស្រាយចុងក្រោយមួយពាក់ព័ន្ធនឹងបញ្ហាដែលហៅថា «ស្ត្រីកំដរអារម្មណ៍» ដែលស្ត្រីទាំងនោះត្រូវបានទាហានអាណានិគមជប៉ុនបង្ខំឲ្យធ្វើជាទាសករផ្លូវភេទកាលពីសម័យសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានប្រាប់អ្នកសារព័ត៌មាននានានៅក្នុងទីក្រុងសេអ៊ូលនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀង «ដែលមិនអាចប្រឆាំងបាន» ដែលបានអនុម័តក្នុងអំឡុងពេលលោកស្រី Park Geun Hye ធ្វើជាប្រធានាធិបតី។ កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងផ្លូវការមួយរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងរដ្ឋាភិបាលក្រុងតូក្យូ។
នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលជប៉ុនបានយល់ព្រមដាក់ថវិកាចំនួន ៨ លានដុល្លារអាមេរិកចូលទៅក្នុងកញ្ចប់ថវិកាគាំពារជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសុំអភ័យទោសចំពោះទង្វើដែលទាហានជប៉ុនបានប្រព្រឹត្តិនៅក្នុងអំឡុងពេលដែលជប៉ុនត្រួតត្រាលើឧបទ្វីបកូរ៉េនៅចន្លោះឆ្នាំ ១៩១០ និងឆ្នាំ ១៩៤៥។
ប៉ុន្តែ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយកាលពីសប្ដាហ៍មុនថា កិច្ចព្រមព្រៀងនេះមានចន្លោះប្រហោងធ្ងន់ធ្ងរ និងមិនបានដាក់បញ្ចូលនូវទស្សនៈរបស់ស្ត្រីដែលបម្រើនៅក្នុងផ្ទះបនរបស់យោធាជប៉ុននោះទេ។ ការលើកឡើងរបស់លោក Moon Jae In ដូចនេះ គឺស្របទៅតាមការសន្និដ្ឋានរបស់កងកម្លាំងការងារពិសេសដែលលោកបានបង្កើតឡើងឲ្យសិក្សាលើកិច្ចព្រមព្រៀងនេះ។
ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនចរចាកិច្ចព្រមព្រៀងនេះឡើងវិញក៏ដោយ ក៏លោកស្រី Kang Kyung-wha បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រើថវិការបស់រដ្ឋជំនួសថវិកា ៨ លានដុល្លារ ដែលជប៉ុនដាក់បញ្ចូលទៅក្នុងកញ្ចប់ថវិកាគាំពារជនរងគ្រោះ។ លោកស្រីក៏បានជំរុញឲ្យជប៉ុន «ទទួលស្គាល់ការពិតស្របទៅតាមបទដ្ឋានដែលទទួលស្គាល់ជាសាកល» និងបន្តកិច្ចប្រឹងប្រែងជួយអ្នករស់រានមានជីវិតឲ្យទទួលបាននូវសេចក្ដីថ្លៃថ្នូររបស់ពួកគេឡើងវិញ និងព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេ៕