អាជ្ញាធរជប៉ុនកំពុងព្យាយាមសម្រេច ថាត្រូវធ្វើយ៉ាងណាជាមួយនឹងទឹកកខ្វក់រាប់ម៉ឺនតោន ដែលកំពុងស្តុកនៅក្នុងរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលបានខូចខាតដោយសារតែការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១។
ប្រតិបត្តិករនៃរោងចក្រនោះ គឺក្រុមហ៊ុន TEPCO កំពុងតែសិក្សាថាតើ វាមានសុវត្ថិភាពឬទេ ក្នុងការបង្ហូរទឹកកង្វក់នេះចូលទៅមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែអ្នកវិទ្យាសាស្ត្រចង់ឲ្យមានការវិភាគយ៉ាងល្អិតល្អន់ទៅលើកម្រិតនៃសារធាតុវិទ្យុសកម្មនៅក្នុងទឹកកខ្វក់នោះ។
ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ អាងស្តុកទឹកធំៗមានចំនួនកើនឡើង នៅជុំវិញ រោងចក្របាក់បែក Fukushima Daiichi។ គេប៉ាន់ស្មានថា អាងទឹកទាំងនោះផ្ទុកទឹកកង្វក់ដែលមានជាតិវិទ្យុសកម្ម Tritiumជាង ៧សែន ៥ម៉ឺនតោន។
បណ្ដាញសារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រុមហ៊ុន TEPCO ដែលជាម្ចាស់រោងចក្រនេះ មានគម្រោងនឹងបង្ហូរទឹកកង្វក់នោះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែការណ៍នេះជំរុញឲ្យមានការតវ៉ាពីក្រុមអ្នកការពារបរិស្ថាន និងអ្នកនេសាទក្នុងស្រុក។ ក្រុមហ៊ុន TEPCO បានឲ្យដឹងថាខ្លួនមិនទាន់ធ្វើការសម្រេចចិត្តនោះទេ។
លោក Takahiro Kimoto អ្នកគ្រប់គ្រងទូទៅផ្នែកថាមពលនុយក្លេរអ៊ែរនៃក្រុមហ៊ុន TEPCO បាននិយាយថា៖ «ជម្រើសមួយគឺបង្ហូរទឹកកខ្វក់ដែលមានជាតិវិទ្យុសកម្ម Tritiumទៅក្នុងទឹកសមុទ្រ។ យ៉ាងណាក៏ដោយ យើងមានជម្រើសផ្សេងទៀតដូចជារំហួតវា ប៉ុន្តែយើងមិនទាន់សម្រេចចិត្តជ្រើសរើសជម្រើសណាមួយដើម្បីកម្ចាត់ទឹកកខ្វក់នេះ។ ដោយសារតែវាអាចប៉ះពាល់ដល់បរិស្ថាន និងព្រោះតែមានពាក្យចចាមអារ៉ាមអំពីគ្រោះថ្នាក់ដែលនឹងប៉ះពាល់ដល់មនុស្ស និងបរិស្ថាន យើងកំពុងតែពិភាក្សាជាមួយអ្នកពាក់ព័ន្ធនានាមុននឹងសម្រេចចិត្តលើដំណោះស្រាយចុងក្រោយ»។
ក្រុមហ៊ុន TEPCO ចង្អុលបង្ហាញថារោងចក្រថាមពលនុយក្លេអ៊ែរជុំវិញពិភពលោកបញ្ចេញជាតិវិទ្យុសកម្ម Tritiumទៅក្នុងបរិស្ថាន។
វាត្រូវបានចាត់ទុកជាជាតិវិទ្យុសកម្មដែលមិនសូវគ្រោះថ្នាក់។ នេះបើតាមការលើកឡើងរបស់លោក Ken Buesseler អ្នកជំនាញផ្នែកវិទ្យុសកម្មក្នុងសមុទ្រ នៃវិទ្យាស្ថានស្រាវជ្រាវពីមហាសមុទ្រ Woods Holeនៅក្នុងរដ្ឋ Massachusetts។
លោក Buesseler បានប្រាប់ VOA តាម Skype ថា៖ «មានបាតុភូតធម្មជាតិនៅក្នុងកាំរស្មីដែលធ្វើឲ្យខូចស្រទាប់បរិយាកាស។ ហើយបាតុភូតច្រើនបំផុតកន្លងមកគឺការសាកល្បងអាវុធក្នុងទសវត្សឆ្នាំ ១៩៦០។ ដូច្នេះអ្នកកំពុងតែនិយាយពីការបង្កការខូចខាតបន្ថែមទៅលើអ្វីដែលខូចខាតស្រាប់ទៅហើយ។ ប្រសិនបើវាត្រូវបានគេបញ្ចេញទាំងអស់ក្នុងពេលមួយថ្ងៃ នោះវានាំឲ្យខូចខាតខ្លាំងណាស់ដល់មហាសមុទ្រ។ តែបើបញ្ចេញម្ដងបន្តិចៗរយៈពេលច្រើនឆ្នាំ នោះវាមិនសូវបង្កគ្រោះថ្នាក់ច្រើនទេ»។
ប្រព័ន្ធបន្សុទ្ធជាតិវិទ្យុសកម្ម ហៅថា ALPS ត្រូវបានបង្កើតឡើងដើម្បីកម្ចាត់ជាតិវិទ្យុសកម្មអ៊ីសូតូមដែលបង្កគ្រោះថ្នាក់ចេញពីទឹកកខ្វក់។ លោក Buesseler និយាយថាការត្រួតពិនិត្យបន្ថែមគឺជាការចាំបាច់។
«តាមយោបល់ខ្ញុំ និយាយដោយឯករាជ្យ ខ្ញុំចង់ដឹងអំពីកម្រិតសារធាតុទាំងអស់ក្នុងអាងនីមួយៗ មិនមែនចង់ដឹងត្រឹមតែ Tritium ដែលធាតុវិទ្យុសកម្មច្រើនជាងគេបំផុតក្នុងអាងនោះទេ ។ យើងត្រូវដឹងអំពីកម្រិតនៃសារធាតុផ្សេងៗដូចជា Cesium និងស្រ្តូទីន ដែលមាននៅក្នុងទឹកនោះ»។
ក្នុងពេលច្រើនឆាំ្នទៅមុខទៀត អាជ្ញាធរប្រឈមមុខនឹងកិច្ចខំប្រឹងប្រែងយកឥន្ធនៈនុយក្លេអ៊ែរចេញ។ មនុស្សយន្តបានថតវីដេអូអំពីអ្វីដែលទំនងជាបំពង់ឥន្ធនៈដែលបានរលាយនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រមួយនៃម៉ាស៊ីនរ៉េអាក់ទ័រទាំងនោះ។
លោក Takahiro បាននិយាយថា៖ «ក្នុងអំឡុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ យើងសង្ឃឹមថានឹងបញ្ចេញគម្រោងការធំមួយស្ដីពីគោលនយោបាយទៅថ្ងៃអនាគត និងវិធីដែលយើងនឹងប្រើដើម្បីយកឥន្ធនៈនេះចេញ»។
រដ្ឋាភិបាលជប៉ុនប៉ាន់ស្មានថា ការចំណាយលើការសម្អាតសរុប រួមទាំងសំណង និងការកម្ចាត់ជាតិវិទ្យុសកម្ម និងការធ្វើឲ្យវាមានសុវត្ថិភាពឡើងវិញ នឹងត្រូវចំណាយប្រាក់ដល់ទៅ 190 ពាន់លានដុល្លារ និងប្រើរយៈពេលយ៉ាងតិចបំផុត ៤០ ឆ្នាំ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា