ការធ្លាក់ចុះប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងគណបក្សរបស់លោក និងការចាញ់ឆ្នោតក្នុងការបោះឆ្នោតក្នុងទីក្រុងតូក្យូផងនោះ បានធ្វើឱ្យជំហរនៃបំណងលោកក្នុងការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសជួបនឹងភាពប្រថុយប្រថាន បើទោះជាការកាន់កាប់អំណាចរបស់លោករក្សានៅដដែលក៏ដោយ។
នៅក្នុងវេទិកាប្រទេសជប៉ុនសម្រាប់ការសិក្សាយុទ្ធសាស្ត្រធ្វើឡើងក្នុងទីក្រុងតូក្យូ លោក Grant Newsham អ្នកវិភាគសន្តិសុខតំបន់បាននិយាយថា៖ “ខ្ញុំមិនដឹងសោះថារឿងនេះវាផុតបាត់ទៅ ហើយ ប៉ុន្តែវាទំនងមិនដូចនឹងអ្វីដែលវាកើតឡើងកាលពីប៉ុន្មានសប្ដាហ៍មុននេះសោះ”។
រឿងអាស្រូវនានាដែលនាំឲ្យខូចខាត
រហូតមកដល់ពេលថ្មីៗនេះ លោក Abe ដែលបានចូលកាន់តំណែងតាំងពីឆ្នាំ២០១២ ធ្លាប់បានទទួលប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំងលើកំណែទម្រង់គាំទ្រសេដ្ឋកិច្ចធុរកិច្ចរបស់លោកដែលបានធ្វើឱ្យសេដ្ឋកិច្ចនឹងថ្កល់អស់រយៈពេលជាយូរមកហើយនោះ ងើបឡើងវិញ។ គណបក្សប្រជាធិបតេយ្យសេរី(LDP)បែបអភិរក្សនិយមរបស់លោក និងគណបក្សសម្ព័ន្ធភាពដែលដឹកនាំប្រទេសបានក្ដោបក្ដាប់សំឡេងភាគច្រើននៃសភាទាំងពីររបស់ប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថា Diet។
ក៏ប៉ុន្តែប្រជាប្រិយភាពរបស់មេដឹកនាំប្រទេសជប៉ុនថ្មីៗនេះបានធ្លាក់ចុះមកត្រឹម៣៦ភាគរយក្នុងការបោះឆ្នោតថ្នាក់ជាតិ នេះដោយសារតែលោកត្រូវរងការចោទប្រកាន់ថាបាន ជួយមិត្តភក្តិម្នាក់ក្នុងការបានដីទំនេរ និងទទួលការយល់ព្រមក្នុងការបង្កើតមហាវិទ្យាល័យបសុពេទ្យ ហើយភរិយារបស់លោកបានបរិច្ចាគថវិកាសម្ងាត់ដល់សាលាមត្តេយ្យជាតិនិយមជ្រុលដែលរងការចោទប្រកាន់ថាបានបំផុសជំនឿស៊ុបហួសហេតុប្រឆាំងនឹងជនជាតិចិន និងកូរ៉េ។ លោកនាយករដ្ឋមន្រ្តីបានបដិសេធលើការចោទប្រកាន់ទាំងនេះ ប៉ុន្តែមិត្តភក្តិនិយម និងអំពើពុករលួយបានបំផ្លាញកេរ្តិ៍ឈ្មោះគាត់ជាសាធារណៈ។
លោក Koichi Nakano សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ បាននិយាយថា៖ " ហេតុផលចម្បងដែលប្រជាជនលែងគាំទ្រលោក Abe ទៀតគឺដោយសារប្រជាជនមិនបានមើលឃើញពីភាពស្មោះត្រង់របស់លោក"។
ការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញ
ប្រជាជនជប៉ុននៅបន្តបាក់បែកគ្នាលើសំណើរបស់លោក Abe ក្នុងការកែប្រែមាត្រា៩ នៃរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី២ ដែលមានខ្លឹមសារហាមប្រាមប្រទេសជប៉ុនចូលរួមក្នុងសង្គ្រាមដោះស្រាយជម្លោះអន្តរជាតិនានា។
ក្រុមអភិរក្សនិយម ចង់បន្ធូរការរឹតបន្តឹងលើយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងនានាដែលអាចកើតមានពីប្រទេសផ្សេងៗតួយ៉ាងប្រទេសចិន និងកូរ៉េខាងជើងដែលប្រទេសទាំងនេះកំពុងបង្កើនកម្លាំងយោធា និងសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ សហរដ្ឋអាមេរិកគាំទ្រប្រទេសជប៉ុនឱ្យដើរតួសំខាន់ក្នុងការរក្សាសន្តិសុខក្នុងតំបន់។
ក្រុមអ្នកគាំទ្រឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយម មានគំនិតថាការលុបចោលមាត្រា៩ដែលរឹតបន្តឹងការប្រើប្រាស់កម្លាំងយោធានឹងអនុញ្ញាតឲ្យប្រទេសជប៉ុនចូលខ្លួនក្នុងជម្លោះអន្តរជាតិនានា ភាគច្រើនការចូលរួមគាំទ្រកងយោធាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រទេសចិន និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីដែលទទួលរងការឈឺចាប់ក្នុងរបបកាន់កាប់ដោយជប៉ុនអំឡុងសង្គ្រាមលោកលើកទី២ ក៏បានប្រឆាំងរាល់ការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសមួយនេះដែរ។
សំណើរបស់លោក Abe គឺជាការសម្របសម្រួលមួយដែលអាចរក្សាវាក្យខ័ណ្ឌនៃមាត្រា៩ ដោយលុបចោលឃ្លាថា សិទ្ធិធ្វើសង្គ្រាម ប៉ុន្តែបន្ថែមឃ្លាថា ផ្ដល់សិទ្ធិអំណាចឱ្យមានកងកម្លាំងយោធាស្វ័យការពារសម្រាប់ប្រទេស។
អ្នកវិភាគកិច្ចការយោធាមួយចំនួនបាននិយាយថា ការកែប្រែរដ្ឋធម្មនុញ្ញដែលស្នើដោយលោក Abe គឺជារឿងតូចតាច ហើយក៏ជាការគាំទ្រមួយដ៏សំខាន់ដល់ការជំរុញឱ្យមានការបង្កើនការចំណាយលើផ្នែកយោធាជប៉ុន ដើម្បីដោះស្រាយនឹងការគំរាមកំហែងដែលកំពុងតែកើនឡើងក្នុងតំបន់។
ក្នុងខែឧសភា លោក Abe បាននិយាយថាលោកចង់ឲ្យមាត្រា៩នៃរដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មត្រឹមឆ្នាំ២០២០។ គណបក្សសម្ព័ន្ធភាពរបស់គាត់អាចនឹងមានសំឡេង២ភាគ៣គាំទ្រក្នុងការអនុម័ត ប៉ុន្តែ ការកែប្រែរដ្ឋធម្មនុញ្ញក៏តម្រូវឱ្យមានការបោះឆ្នោតប្រជាមតិគាំទ្រទូទាំងប្រទេសដែរ ដែលអាចនឹងធ្វើឲ្យលោក Abe ទំនងជាអាចនឹងធ្លាក់សំឡេងក្នុងពេលបច្ចុប្បន្ននេះ។
លោក Newsham បាននិយាយថា៖ "ខ្ញុំគិតថាគាត់មិនមានឱកាសអាចសម្រេចករណីនេះក្នុងពេលនេះឡើយ គាត់នឹងធ្វើឲ្យខ្ជះខ្ជាយកម្លាំងនយោបាយខ្លះៗ ប្រសិនបើគាត់ចង់សម្រេចបំណងសំខាន់របស់គាត់នោះ។ ខ្ញុំគិតថា វានឹងអាចក្លាយជាកំហុសមួយ”។
ដៃគូប្រជែង
បន្ទាប់ពីបានទទួលជ័យជំនះក្នុងការបោះឆ្នោតថ្នាក់រាជធានីក្នុងខែកក្កដានេះ គណបក្សរបស់លោក Yuriko Koike អភិបាលក្រុងតូក្យូ ដែលមានឈ្មោះថា Tomin First No Kai ឬTokyoites First លើគណបក្ស LDP របស់លោក Abe លោកអភិបាលក្រុង ត្រូវបានគេមើលឃើញកាន់តែច្រើនឡើងថាជាដៃគូប្រជែងលេចធ្លោសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៨។
គណបក្សរបស់លោកអភិបាលក្រុងឈ្នះ៧៩ អាសនៈក្នុងចំណោម១២៧អាសនៈក្នុងសភាថ្នាក់រាជធានី ដែលធ្វើឲ្យអាសនៈរបស់គណបក្ស LDP ចុះពី៥៧ មកត្រឹម ២៣អាសនៈ។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលក្រុង Koike គឺជាអតីតរដ្ឋមន្រ្តីការពារជាតិរបស់គណបក្ស LDP និងក៏ជាអ្នកគាំទ្រគោលនយោបាយសេដ្ឋកិច្ចអភិរក្ស និងសន្តិសុខជាតិដែរ។
គណបក្សប្រជាធិបតេយ្យសេរី ដែលបានកាន់អំណាចចាប់ពីឆ្នាំ២០០៩ ដល់២០១២ មិនបានធ្វើឲ្យមានការប្រែប្រួលនយោបាយសំខាន់អ្វីឡើយ បើទោះជាលោក Abe ត្រូវរងការចោទប្រកាន់រឿងអាស្រូវនានា ការគាំទ្ររបស់លោកលើការបង្កើនសកម្មភាពយោធានិងករណីថាមពលនុយក្លេអ៊ែរបន្ទាប់ពីមានគ្រោះឧប្បត្តិហេតុនុយក្លេអ៊ែរ Fukushima។
លោក Robert Dujarric នាយកវិទ្យាស្ថានសិក្សាសហសម័យអាស៊ី ឬ Institute of Contemporary Asia Studies នៃសាកលវិទ្យាល័យ Temple ក្នុងទីក្រុងតូក្យូ បាននិយាយថា៖“ការប្រឆាំងលើករណីនេះដូចជាស្លាប់បាត់ហើយ អញ្ចឹងសម្រាប់គោលបំណងជាក់ស្ដែង គឺគ្មានទេ វាមិនមានអ្វីផ្សេងទៀតឡើយ“។
រហូតមកដល់ពេលនេះ លោក Abe ត្រូវបានគេទាយទុកថានឹងក្លាយជាប្រធានគណបក្ស LDPសម្រាប់រយៈពេល៣ឆ្នាំ និងជានាយករដ្ឋមន្ត្រី ប៉ុន្តែដំណើរទំនងនេះអាចនឹងមិនស្ថិតស្ថេរឡើយ។ ស្របពេលដែលសំឡេងភាគច្រើនលើសលុបរបស់គណបក្សលោកលើករណី Diet រហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ ក្រុមអ្នកវិភាគបាននិយាយថា តំណែងរបស់លោក Abe មិនផ្តល់ផលអាក្រក់ភ្លាមៗឡើយ បើទោះជារដ្ឋាភិបាលរបស់លោកប្រឹងប្រែងជំរុញរបៀបវារៈអភិរក្សរបស់លោកឆ្ពោះទៅមុខក៏ដោយ៕
ប្រែសម្រួលដោយ កោះ សុគន្ធី