ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​អាស៊ាន​នឹង​ផ្ដោត​លើ​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង


ទង់ជាតិ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេ​តាំង​បង្ហាញ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
ទង់ជាតិ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេ​តាំង​បង្ហាញ​នៅ​មុន​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

គេ​មិន​រំពឹង​ថា នឹង​មិន​មាន​ដំណោះស្រាយ​ការទូត​ណា​មួយ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​តានតឹង​ពាក់ព័ន្ធ​ការ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឯ​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន ដែល​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នោះ​ទេ ទោះបីជា​កិច្ច​ប្រជុំ​នេះ​ជា​ព្រឹត្តិការណ៍​សាកលលោក​មួយ ដែល​ប្រទេស​សំខាន់ៗ​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នឹង​ចូលរួម​ក៏​ដោយ។

លោក Carlyle Thayer អ្នក​វិភាគ​សន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍ មកពី​សាកលវិទ្យាល័យ Defense Force Academy នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ចិន ប្រទេស​រុស្ស៊ី ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ទៅ​លើ​បញ្ហា​ថា​តើ​នរណា​ជា​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លាំង​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ ទំនង​ជា​អាច​កើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​នោះ»។

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ជើង ចិន រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន បាន​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ខ្លួន​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​ថ្នាក់​តំបន់​ប្រចាំ​ឆ្នាំ​នេះ ដែល​រៀបចំ​ឡើង​ដោយ​សមាគម​អាស៊ាន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​សម្រាប់​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​នេះ ហើយ​បន្ទាប់​មក​លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ដែល​លោក​នឹង​ពិភាក្សា​អំពី «ការ​លុប​បំបាត់​នូវ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ សន្តិសុខ​តាម​សមុទ្រ និង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ជា​ដើម»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​របស់​ក្រសួង​ការបរទេស​អាមេរិក។

លោក Tillerson ធ្លាប់​បាន​និយាយ​ថា លោក​ចង់​ពិភាក្សា​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នៅ​ពេល​ណា​មួយ ប៉ុន្តែ​នៅ​ឯ​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​នេះ លោក​មិន​មាន​គម្រោង​ជួប​ពិភាក្សា​ផ្លូវការ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Ri Yong Ho នោះ​ទេ៕

XS
SM
MD
LG