ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រោងចក្រ​អគ្គិសនី ​Fukushima ងាយរងគ្រោះដោយសារ​រលកយក្ស​នៅ​ជប៉ុន​​


នេះ​ជា​រូប​ភាព​យក​ចេញ​ពី​វីដេអូ​មួយ​ដែល​បាន​បង្ហាញ​ដោយ​ប៉ូលិស Miyagi Prefectural Police។ ទឹក​ហូរ​យ៉ាងលឿន​ចូល​ក្នុង​ទន្លេ​ Sunaoshi ក្រុង Tagajo ខេត្ត Miyagi prefecture កាល​ពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៦។
នេះ​ជា​រូប​ភាព​យក​ចេញ​ពី​វីដេអូ​មួយ​ដែល​បាន​បង្ហាញ​ដោយ​ប៉ូលិស Miyagi Prefectural Police។ ទឹក​ហូរ​យ៉ាងលឿន​ចូល​ក្នុង​ទន្លេ​ Sunaoshi ក្រុង Tagajo ខេត្ត Miyagi prefecture កាល​ពី​ថ្ងៃទី​២២ វិច្ឆិកា ២០១៦។

រលកយក្ស​ស៊ូណាមិតូច​មួយ​និង​ការរញ្ជួយដី​ដែល​មានកម្លាំង​កម្រិត​៧,៤ បានកើត​មានឡើង​នៅ​ប្រទេស​ជប៉ុន​កាលពីព្រឹក​ថ្ងៃ​អង្គារនៅ​តំបន់​ឆ្នេរ​ភាគ​ឦសាន​ប្រទេស​។ ការរញ្ជួយដី​ក្នុង​សមុទ្រ​ដែលបាន​បង្ក​ឱ្យ​មាន​រលក​យក្សស៊ូណាមិ​កម្រិត​តូចមួយ​នេះ​គឺ​ជាការសាកល្បង​ដល់​ជញ្ចាំង​រលក​ថ្មី​ដែល​បាន​សាងសង់​ឡើង​នៅជុំ​វិញ​រោងចក្រ​អគ្គិសនី​ដើរដោយថាមពល​នុយក្លេអ៊ែរ​ Fukushima ដែល​ជា​កន្លែង​ទទួល​រង​គ្រោះមហន្តរាយ​ដោយ​សារធាតុ​នុយក្លេអ៊ែរ​អាក្រក់​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្រ្ត។

ការរញ្ជួយដី​នេះ​បាន​កើតមានឡើង​នៅ​ព្រឹក​ព្រលឹម​នៅក្នុង​ខេត្ត ​Fukushima ​ដោយ​ហើយ​ចាប់​ផ្តើម​ចេញ​ពី​ក្នុង​សមុទ្រដែល​នៅ​ចម្ងាយ​ប្រហែល​១០គីឡូម៉ែត្រ​ពីច្រាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ឧត្តុនិយម​របស់​ជប៉ុន។

មជ្ឈមណ្ឌល​ព្រមានពី​រលកយក្ស​ស៊ូណាមិ​នៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ឱ្យ​ដឹង​ថា​ដំបូង​រលក​ស៊ូណាមិ​ត្រូវបាន​គេ​វាស់​ឃើញ​មាន​កម្ពស់​៩០សង់ទីម៉ែត្រ​។ បន្ទាប់​មក​រលកនោះ​បាន​ថយ​កម្លាំង​ចុះ​វិញ។ នៅក្នុង​រយៈ​ប្រហែល​មួយម៉ោង​កន្លះ​ក្រោយ​ពី​ការរញ្ជួយដី​នោះ​មក​ក៏​កើត​មាន​រលក​មួយ​ទៀត​កម្ពស់​១.៤ម៉ែត្រ ដែល​ធំល្មម​នឹង​អាច​បង្ក​ឱ្យ​មាន​ទឹក​ជំនន់។​

ទូរទស្សន៍​ជប៉ុន​បាន​បង្ហាញ​ឱ្យ​ឃើញ​រលក​យក្ស​ស៊ូណាមិ​ហូរចូលក្នុង​ទន្លេ​នៅ​កន្លែង​មួយ​ចំនួន​ហើយ​មាន​ទូក​នេសាទខ្លះ​បាន​ក្រឡាប់​នៅឯកំពង់ផែ​ Higashi-Matsushima។

ការរងរបួស​និង​ការខូចខាត​កើតមានកម្រិត​តិចតួច​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​នានា។

ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ត្រូវ​បាន​គេ​ជម្លៀសចេញ​ទៅ​ទី​ខ្ពស់​ៗបន្ទាប់ពី​សំឡេង​ស៊ីរ៉ែន​ព្រមាន​ពី​រលកយក្ស​ស៊ូណាមិ​បាន​បន្លឺឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​ហើយ​កប៉ាល់​ជាច្រើន​បាន​ចាក​ចេញ​ទៅ​សមុទ្រ​ដើម្បី​គេចចេញ​ពី​កម្ពស់​ទឹក​សមុទ្រ​ដែល​ជន់ឡើង​នេះ៕

XS
SM
MD
LG