តុលាការជប៉ុនបានបង្គាប់ឲ្យក្រុមហ៊ុនថាមពលមួយបញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ដែលនេះជាសេចក្តីសម្រេចមួយដែលបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe ក្នុងការស្តារថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសឡើងវិញចាប់តាំងពីគ្រោះមហន្តរាយបានកើតឡើងនៅ Fukushima កាលពីឆ្នាំ២០១១មក។
តុលាការក្នុងសង្កាត់ Otsu បានចេញដីកាបង្គាប់មួយទៅលើក្រុមហ៊ុន Kansai Electric ដែលពាក់ព័ន្ធនឹងម៉ាស៊ីនរ៉េអាក់ទ័រលេខ៣និងលេខ៤នៅរោងចក្រថាមពលនុយក្លេអ៊ែរ Takahama ដែលស្ថិតនៅប៉ែកខាងលិចទីក្រុងតូក្យូ។
ចៅក្រមបានលើកឡើងពីក្តីកង្វល់អំពីការបំពាក់ឧបករណ៍កាន់តែទំនើបនៅក្នុងរោងចក្រនុយក្លេអ៊ែរនោះ និងផែនការសង្គ្រោះបន្ទាន់នានា។ ដីកាបង្គាប់នោះគឺស្របទៅនឹងការអះអាងរបស់ប្រជាជនដែលថា គ្រោះមហន្តរាយដូចនៅ Fukushima អាចបង្កជាហានិភ័យដល់បឹង Biwa ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់តំបន់នេះ។
ក្រុមហ៊ុន Kansai បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមបញ្ឈប់ដំណើរការនេះទៅលើម៉ាស៊ីនរ៉េអាកទ័រលេខ៣នៅថ្ងៃព្រហស្បតិ៍ ដែលគេទើបតែចាប់ផ្តើមដំណើរការឡើងវិញកាលពីខែមករាកន្លងទៅនេះ ដែលពីមុនមកក្រុមហ៊ុននេះធ្លាប់បានប្តេជ្ញាថានឹងមិនអនុវត្តទៅតាមដីកាបង្គាប់នោះទេ។
ម៉ាស៊ីនរ៉េអាក់ទ័រលេខ៤បានឈប់ដំណើរការកាលពីខែមុន ដោយសារបញ្ហាបច្ចេកទេសមួយចំនួន ហើយត្រូវបានតុលាការបង្គាប់មិនឲ្យដំណើរការដដែល។
លោក Abe បានគាំទ្រឲ្យដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ ដើម្បីជាប្រភពថាមពលសំខាន់នៅក្នុងប្រទេសដែលមិនសម្បូរធនធានមួយនេះ។ រាល់រោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសត្រូវបានបិទ បន្ទាប់ពីមានគ្រោះមហន្តរាយនៅ Fukushima មក ដែលបានកើតឡើងនៅពេលដែលមានការរញ្ជួយដីមួយកាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១១។
គ្រោះមហន្តរាយនៅពេលនោះបានបង្កឲ្យមានគ្រោះ tsunami ដ៏ធំមួយដែលបានប៉ះពាល់ដល់រោងចក្រនោះនិងបំផ្លាញដល់ប្រព័ន្ធកម្តៅរបស់រោងចក្រនោះ រហូតធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៦បានរលាយ។
នោះគឺជាគ្រោះថ្នាក់នុយក្លេអ៊ែរដែលធំបំផុតនៅក្នុងពិភពលោកចាប់តាំងពីគ្រោះថ្នាក់នៅ Chernobyl កាលពីឆ្នាំ១៩៨៦មក៕