គ្រាដែលប្រទេសចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងយោធា កាលពីចុងខែមេសាកន្លងទៅនេះ ប្រទេសកម្ពុជានិងចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបន្ថែមទៀតដែលធ្វើឲ្យប្រទេសទាំងពីរកាន់តែខិតកៀកគ្នា និងស្អិតល្មួតចូលគ្នាមួយកម្រិតថែមទៀត។ នោះគឺកិច្ចព្រមព្រៀងស្តីពីផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិននិងកម្ពុជា។
កិច្ចព្រមព្រៀងនេះសំដៅឲ្យពង្រឹងកិច្ចសហការទ្វេភាគីរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំងឲ្យមានលក្ខណៈ«ពេញលេញពិតប្រាកដស៊ីជម្រៅ និងមានលក្ខណៈខ្ពស់»ក្នុងរយៈពេលប្រាំឆ្នាំទៅមុខដោយរាប់គិតចាប់តាំងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣។
ពិតមែនហើយទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈជាប្រវត្តិសាស្ត្រផងនិងយុទ្ធសាស្ត្រផង។ ក៏ប៉ុន្តែក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយហាក់ដូចជាបានពិចារណាលើការរអិលធ្លាក់របស់ប្រទេសកម្ពុជាទៅក្នុងអន្ទាក់ណាមួយរបស់ប្រទេសចិន ខណៈដែលកម្ពុជាពឹងផ្អែកលើទីក្រុងប៉េកាំងច្រើនដើម្បីទប់ទល់នឹងសម្ពាធមហាអំណាចលោកខាងលិច ដូចជាសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
ប៉ុន្តែប្រទេសជប៉ុនប្រហែលជាអាចដើរតួនាទីសំខាន់ដើម្បីធ្វើឲ្យមានតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត។
កញ្ញា ពេជ្រ ចារ៉ាឌីន អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពពន្យល់ត្រង់ចំណុចនេះ ដោយនិយាយថា តាមរយៈការផ្ដល់ជំនួយដល់ការបោះឆ្នោតសភាឆ្នាំ២០១៨កន្លងទៅ ជប៉ុនមានលទ្ធភាពច្រើនក្នុងការបន្តនិយាយចូលគ្នានឹងរដ្ឋាភិបាលខ្មែរ និងក៏ដូចជាធ្វើសមតុល្យជាមួយឥទ្ធិពលចិននៅកម្ពុជា។
ប្រទេសចិនបានដណ្តើមយកតំណែងទី១ក្នុងការបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជាគឺមានទំហំ៣,៩ពាន់លានដុល្លារនៅឆ្នាំ២០១៨។ ការវិនិយោគពីប្រទេសចិនមានច្រើន ជាពិសេសក្នុងផ្នែកអចលនទ្រព្យ និងកាស៊ីណូ រួមទាំងគម្រោងវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ក្រៅពីនោះប្រទេសចិនក៏មានគម្រោងសាងសង់ព្រលានយន្តហោះនៅជាយទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។
លើផ្នែកនយោបាយវិញ រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងម្តងហើយម្តងទៀតថា ចិននឹងជួយទំនុកបម្រុងកម្ពុជា ដើម្បីដោះស្រាយបញ្ហានានា ជាពិសេសក្នុងពេលដែលសហភាពអឺរ៉ុបលុបចោលការអនុគ្រោះពន្ធគយលើទំនិញកម្ពុជាទាំងអស់លើកលែងតែអាវុធ (EBA)ចូលទៅទីផ្សារអឺរ៉ុប ដើម្បីឆ្លើយតបនឹងការបង្ក្រាបខាងនយោបាយ និងការរំលាយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ។
ដោយឡែកក្នុងផ្នែកយោធាវិញ ប្រទេសកម្ពុជាហាក់ដូចជាបានដោះដៃពីសហរដ្ឋអាមេរិកដែលខ្លួនធ្លាប់សហការធ្វើលំហាត់យោធាជាប្រចាំ ហើយងាកមកចាប់ដៃជាមួយប្រទេសចិនក្នុងកិច្ចការដូចគ្នានេះ។ យោធាចារ្យចិនដើរតួនាទីដ៏សំខាន់ក្នុងការផ្ដល់ការហ្វឹកហ្វឺនដល់នាយទាហានខ្មែរ ដែលកំពុងសិក្សានៅឯវិទ្យាស្ថានកងទ័ពជើងគោក ក្នុងខេត្តកំពង់ស្ពឺ ថែមទាំងមានការបញ្ជូននិស្សិតយោធាកម្ពុជាទៅសិក្សានៅប្រទេសចិនផងដែរ។ ជាងនេះទៅទៀត រដ្ឋាភិបាលក្រុងប៉េកាំងទើបតែបានផ្តល់ជំនួយយោធាចំនួន៩០លានដុល្លារអាមេរិកដល់កម្ពុជា។
រីឯកម្ពុជាវិញបានគាំទ្រស្មារតីពហុភាគីនិយមរបស់ចិនក្នុងរឿងជម្លោះពាណិជ្ជកម្មចិនអាមេរិក។ ហើយកម្ពុជាឈរនៅខាងចិនដោយមិនគាំទ្រការធ្វើអន្តរជាតូបនីយកម្មនៃបញ្ហាសមុទ្រចិនខាងត្បូង ដែលចិនមានជម្លោះជាមួយប្រទេសអាស៊ីអាគ្នេយ៍បួនផ្សេងទៀតដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេនោះទេ។
ហើយកាលចុងខែមេសាឆ្នាំនោះទៀតសោត ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិននិងកម្ពុជាដែលធ្វើឲ្យប្រទេសកម្ពុជាជាប្រទេសដំបូងគេក្នុងការចុះកិច្ចព្រមព្រាងជាមួយមហាអំណាចអាស៊ីមួយនេះ ក្នុងក្របខណ្ឌដែលប្រទេសចិនកំពុងព្យាយាមធ្វើឲ្យមានប្រសិទ្ធភាពលើគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន(Belt and Road Initiative)។
ក្នុងកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជានិងចិននឹងបង្កើតយន្តការសហការគ្នាចាប់តាំងពីកម្រិត«ស្ថាប័នបក្ស និងរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋបាលគ្រប់កម្រិត»។ ក្នុងនោះដែរ កិច្ចសហការនឹងត្រូវផ្តោតលើវិស័យធំៗចំនួនប្រាំ មានជាអាទិ៍វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជន និងពហុភាគី។ បន្ថែមពីនោះទៀត ប្រទេសកម្ពុជានិងចិនក៏បានសន្យាសហការគ្នាគ្រប់ដំណាក់កាលទាក់ទងនឹងបញ្ហានយោបាយអាស៊ី អឺរ៉ុប និងកិច្ចសហការរវាងកម្ពុជាចិនលើឆាកអង្គការសហប្រជាជាតិ។
អ្នកជំនាញបានបង្ហាញក្ដីបារម្ភថា ការពឹងពាក់ពហុវិស័យទៅលើប្រទេសចិនបែបនេះបាននាំឱ្យប្រទេសកម្ពុជាបាត់លំនឹងនយោបាយការបរទេស ខណៈដែលរដ្ឋាភិបាលក្រុងភ្នំពេញកំពុងតែរងគំនាបផ្នែកសេដ្ឋកិច្ចពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោក សេក សុផល អ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកឋិតនៅប្រទេសជប៉ុន កត់សម្គាល់ថា ប្រទេសជប៉ុនក៏មានកង្វល់ទាក់ទងនឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិននេះដែរ។
អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា ការដែលកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ធ្លាក់ក្នុងឥទ្ធិពល ឬបរិបាលកិច្ចផ្ដាច់មុខរបស់ចិន ប្រយោជន៍ជប៉ុននៅតំបន់អាងទន្លេមេគង្គ និងអាស៊ីអាគ្នេយ៍មុខជានឹងរងផលប៉ះពាល់ ហើយការបង្ហាញជំហររបស់កម្ពុជាស្របជាមួយចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងក៏បង្កហានិភ័យដល់ជប៉ុនក្នុងបញ្ហាសមុទ្រចិនខាងកើតដែរ។
«ជប៉ុនគាត់បារម្ភលើបញ្ហាហ្នឹង សេណារីយោបែបហ្នឹង។ គាត់មិនចង់ឱ្យកើតឡើងទេ អ៊ីចឹងគាត់ព្យាយាមប្រើមធ្យោបាយទាក់ទងផ្នែកសេដ្ឋកិច្ច ពង្រីកទីផ្សារដើម្បីបញ្ចៀស ឬក៏ទប់ស្កាត់ យ៉ាងហោចណាស់ធ្វើឱ្យយឺតនៃដំណើរការកើនឡើងនៃឥទ្ធិពលចិន ក្នុងសេដ្ឋកិច្ចកម្ពុជា បែបផ្ដាច់មុខ»។
ដូច្នេះ ចង់ ឬមិនចង់ រដ្ឋាភិបាលទីក្រុងតូក្យូត្រូវតែបង្ហាញតួនាទីមួយដើម្បីធ្វើឲ្យមានលំនឹងឥទ្ធិពលនៃមហាយក្សចិន។ ជាក់ស្តែងក្នុងវិស័យយោធា មានការចូលចតរបស់នាវាចម្បាំងជប៉ុនក្នុងដែនសមុទ្រកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ។ ក្នុងផ្នែកវិនិយោគវិញ ប្រទេសជប៉ុនបានឈរនៅលំដាប់លេខ២បន្ទាប់ពីប្រទេសចិនដោយមានទុនវិនិយោគសរុបចំនួន៨៨២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
មួយវិញទៀតប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសគោលដៅវិនិយោគនាំមុខរបស់ជប៉ុនផងដែរ តាមរយៈគម្រោងបើកផ្លូវថ្មីរបស់រដ្ឋាភិបាលក្រុងតូក្យូ ឬ Japan Inc។ គម្រោងនេះបើកលទ្ធភាពដល់គ្រឹះស្ថានឯកជន និងទុនវិនិយោគគិនជប៉ុនឆ្ពោះមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ស្រដៀងគ្នាទៅនឹងប្រទេសចិនដែរ ប្រទេសជប៉ុនក៏បានផ្តល់ហិរញ្ញប្រទានជាច្រើនលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសង់ស្ពានមិត្តភាពកម្ពុជាជប៉ុនឡើងវិញ ការបោះដៃជួយស្ថាបនាស្ពានអ្នកលឿង និងការផ្ដល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ផ្លូវមួយចំនួនទៀត។ ក្នុងនោះមានការជួសជុលនិងពង្រីកផ្លូវជាតិលេខ៥ដែលជាសរសៃឈាមដ៏សំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់រាជធានីបាងកក ប្រទេសថៃមកទីក្រុងព្រៃនគរ ប្រទេសវៀតណាមដោយឆ្លងកាត់រាជធានីភ្នំពេញរបស់កម្ពុជា។
លោក Bradley Jensen Murg អ្នកជំនាញសេដ្ឋកិច្ចនយោបាយនៅសាកលវិទ្យាល័យ Seattle Pacific សហរដ្ឋអាមេរិកបានលើកឡើងថា ជំនួយជប៉ុនហាក់មានគុណភាព និងតម្លាភាពជាងជំនួយចិន នាពេលកន្លងមក បើទោះបីគេគិតពីបរិមាណចិនហាក់កំពុងនាំមុខក៏ដោយ។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖
«វា[ជំនួយនិងការវិនិយោគរបស់ជប៉ុន]មិនអាចផ្គូផ្គងឱ្យត្រដំត្រសងនឹងគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម(BRI)របស់ចិនបានទេ។ បើគេប្រើប្រាស់ទំហំនៃសាច់ប្រាក់យកមកវាស់វែងតែយ៉ាងណា ការបន្តភាពសកម្មនិងចូលរួមរបស់ជប៉ុន រួមទាំងបណ្ដារដ្ឋផ្ដល់ជំនួយដទៃទៀត អាចផ្ដល់ជាការប៉ះប៉ូវជួសការពឹងពាក់ជ្រុលហួសទៅលើប្រទេសចិន។ ការបន្តចូលរួមរបស់ប្រទេសជប៉ុនមានសារៈសំខាន់ បើសិនគេចង់ចៀសវាងការផ្ដេកផ្ដួល[ទៅលើប្រទេសចិន]»។
កញ្ញា ពេជ្រ ចារ៉ាឌីននៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានឯកភាពជាមួយការលើកឡើងនេះ។
«នៅចំកណ្ដាលនៃការលេងល្បែងដណ្ដើមអំណាចរវាងមហាអំណាចធំៗ(មានចិននិងអាមេរិកជាដើម) ជប៉ុនរក្សាសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាដើម្បីប្រាកដថា យើងមិនដល់ថ្នាក់«លន់តួ»ចំពោះមុខចិននោះទេ»។
ជប៉ុន និងសហភាពអឺរ៉ុបជាតួអង្គម្ចាស់ជំនួយពីរសំខាន់ជាមួយនឹងតួនាទីជួយទំនុកបម្រុងកិច្ចការកំណែទម្រង់ការបោះឆ្នោត តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំឡុងឆ្នាំ២០១៥ដល់ឆ្នាំ២០១៨។ ហើយបើទោះជាសហភាពអឺរ៉ុបប្រកាសដកខ្លួនចេញពីកំណែទម្រង់នៅចុងឆ្នាំ២០១៧ជុំវិញសំណុំរឿងបង្ក្រាបនយោបាយនៅកម្ពុជាក្ដី ជប៉ុនបន្តស្ថិតនៅក្នុងបញ្ជីម្ចាស់ជំនួយក្នុងកំណែទម្រង់ដែលគេជឿថា អាចផ្ដល់ទំនុកចិត្តផ្នែកស្ថាប័នយូរអង្វែងសម្រាប់ធានាស្ថិរភាពនយោបាយនៅក្នុងប្រទេស។
យ៉ាងណាក៏ដោយ ជប៉ុននៅមានប្រៀបខាងអំណាចស្រទន់ដែលចិនទៅវិញទេ ដែលនឹងពិបាកក្នុងការយកតុល្យភាពជាមួយទាក់ទិននឹងការជឿជាក់ និងនិយមទុកចិត្តពីសំណាក់ប្រជាជន និងអ្នកនយោបាយកម្ពុជា។ នេះបើយោងតាមលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
«ដូច្នេះអាហ្នឹងគឺជាអ្វីមួយដែលប្រទេសខាងក្រៅ ជាពិសេសចិន ពិបាកនឹងយកបេះដូងកម្ពុជាណាស់។ ដូច្នេះការប្រកួតប្រជែង ខ្ញុំយល់ថា ទោះជាចិនឈានមុខទាក់ទងនឹងជំនួយ និងក៏ដូចជាការវិនិយោគ ក៏ប៉ុន្តែចិនពិបាកនឹងយកឈ្នះបេះដូងប្រជាជនកម្ពុជាណាស់។ អ៊ីចឹងទេខ្ញុំគិតថា ការប្រកួតប្រជែងវែងឆ្ងាយ សំខាន់ជាងគេគឺឈ្នះបេះដូងប្រជាជន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធមិនឆ្លើយឱ្យចំៗនោះទេអំពីតួនាទីរបស់ជប៉ុនក្នុងការធានាតុល្យភាពជាមួយឥទ្ធិពលរបស់ចិននៅកម្ពុជា។ លោកគ្រាន់តែបញ្ជាក់ថា ជប៉ុនជា«មិត្តប្រវត្តិសាស្ត្រ» ហើយរដ្ឋាភិបាលលោកហ៊ុន សែនកាន់យកនូវគោលនយោបាយការបរទេសពហុប៉ូលនិងទទួលស្វាគមន៍គ្រប់មិត្តបរទេស ដើម្បីធានាកម្ពុជាមិនធ្លាក់ខ្លួនទៅជាសមរភូមិនៃការប្រឡងប្រណាំងភូមិសាស្ត្រនយោបាយនោះទេ។
«ជប៉ុនសំខាន់សម្រាប់កម្ពុជាគឺជាមិត្តមួយល្អ មិត្តដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ជប៉ុនមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជា គោរពនូវសិទ្ធិសម្រេចរបស់កម្ពុជា ទោះស្ថិតនៅក្នុងរបបណាក៏ដោយ ហើយជប៉ុនក៏ជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករដ្ឋបាល និងផ្នែកថ្នល់ ហើយក៏ដូចជាពង្រឹងសក្ដានុពលនៅក្នុងទិសដៅពាណិជ្ជកម្ម ឬក៏សេដ្ឋកិច្ចនេះឯង»។
ក្រោយពីបានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមេសាដើម្បីចូលរួម ក្នុងកិច្ចប្រជុំវេទិកាខ្សែក្រវាត់និងផ្លូវលើកទីពីរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅឯប្រទេសជប៉ុនផងដែរ ក្នុងខែឧសភានេះដើម្បីចូលរួមសន្និសីទអន្តរជាតិស្ដីពីអនាគតទ្វីបអាស៊ី រៀបចំឡើងដោយសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nikkei។
ខណៈដែលស្ថានទូតចិនមិនបានឆ្លើយតបនឹងសំណួរផ្ញើសុំសេចក្ដីបំភ្លឺរបស់ VOA ស្ថានទូតជប៉ុននៅភ្នំពេញក៏មិនបានបរិយាយឱ្យចំផងដែរអំពីតួនាទីរបស់មហាអំណាចមួយនេះ ផ្ដល់ឱ្យកម្ពុជានូវតុល្យភាពនយោបាយការបរទេស។
ក្នុងសំណេរឆ្លើយតបមួយផ្ញើត្រឡប់មកកាន់ VOA លោក Suzuki Hironori មន្ត្រីប្រឹក្សាជាន់ខ្ពស់នៃស្ថានទូតជប៉ុន បានបញ្ជាក់ប្រាប់អំពីតួនាទីរបស់ជប៉ុនក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈផ្លូវសេដ្ឋកិច្ច និងនយោបាយដើម្បីធានាអនាគតប្រព័ន្ធគ្រប់គ្រងរដ្ឋប្រកបដោយប្រជាធិបតេយ្យតាមរយៈជំនួយទៅលើការបោះឆ្នោត និងធានាបរិយាកាសវិនិយោគល្អប្រសើរដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកដាក់ទុនឱ្យបានកាន់តែច្រើនថែមទៀត៕