អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ក្រុមជនជាតិចិនដែលបានបង្ហោះវីដេអូព្រមានចង់បង្កអន្តិសុខក្នុងខេត្តព្រះសីហនុមិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ។ នេះបើតាមការផ្សាយលើគេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃពុធនេះ។
មន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញនិងខេត្តព្រះសីហនុកាលពីថ្ងៃច័ន្ទនេះឲ្យដឹងថា ក្រុមសមត្ថកិច្ចចិនកំពុងបន្តស៊ើបអង្កេតតាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូគំរាមចង់បង្កអសន្ដិសុខនៅខេត្តព្រះសីហនុ។
ជនជាតិចិនមួយក្រុមដែលមួយចំនួនមានដងខ្លួនទទេ គ្មានអាវ និងមានចាក់សាក់លើដងខ្លួនផង បានបង្ហោះវីដេអូខ្លីមួយនិងនិយាយជាភាសាចិនដោយគំរាមថា នឹងបង្កចលាចលនៅក្នុងខេត្តព្រះសីហុន។
វីដេអូនេះត្រូវបានគេចែកចាយបន្តជាច្រើន។ ក្រុមជនជាតិចិននេះអះអាងថា ពួកខ្លួនមកពីទីក្រុង ឆុងឈីង (Chong Qing)។ បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ក្រុមជនជាតិចិនដែលអគ្គស្នងការនគរបាលជាតិហៅថា ជាក្រុមសង្គមងងឹតចិននោះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ។ ហើយវីដេអូរបស់ពួកគេនោះគឺជាវីដេអូចាស់៕