ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីមានព្រះរាជឱង្កាគាំទ្រដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនឬ Belt and Road Initiative។
ព្រះរាជឱង្កានេះធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីចិនលោកស៊ី ជិនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
ព្រះមហាក្សត្រខ្មែរមានព្រះរាជឱង្កាបន្ថែមថា ប្រទេសកម្ពុជា«ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញគំនិតផ្តួចផ្តើមផ្លូវក្រវាត់ជាមួយរបស់ប្រទេសចិន»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរបស់ចិន ឬហៅថា CGTN។
ព្រះបាទនរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទដើម្បីចូលរួមសន្និសីទស្ដីពីកិច្ចសន្ទនាអរិយធម៌អាស៊ីដែលមានរយៈពេល៧ថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន។ សន្និសីទនេះចូលរួមដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីប្រទេសចំនួន៤៧។
ក្នុងជំនួបជាមួយលោកស៊ី ជិនពីងដដែលនោះ ព្រះមហាក្សត្រ នរោត្តម សីហមុនីបានសម្តែងការដឹងគុណចំពោះ «ការគាំទ្ររបស់ចិនដ៏រឹងមាំនិងយូរអង្វែងដល់កម្ពុជា» ហើយព្រះអង្គបានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមរួចជាស្រេចដើម្បីពន្លឿនការអនុវត្តគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម។
គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន Belt and Road Initiative គឺជាគម្រោងតភ្ជាប់ផ្លូវសេដ្ឋកិច្ចដែលផ្តួចផ្តើមដោយប្រទេសចិន។ គម្រោងនេះនឹងភ្ជាប់ទំនាក់ទំនងប្រទេសជាង៧០ក្នុងតំបន់អាស៊ី អឺរ៉ុបនិងអាហ្វ្រិក។
ស្របពេលដែលកម្ពុជាបានបង្ហាញជំហរគាំទ្រគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន ឬ BRI លោក Michael McCaul សមាជិកជាន់ខ្ពស់ពីខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាការកិច្ចការបរទេសសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា បានផ្តល់ការកត់សម្គាល់អំពីឥទ្ធិពលរបស់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនយ៉ាងដូច្នេះថា៖
«គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនកំពុងដាក់ប្រជាជាតិដែលកំពុងអភិវឌ្ឍន៍ជាច្រើនឲ្យស្ថិតក្នុងអន្ទាក់បំណុលរបស់ចិន ដែលប្រទេសទាំងនោះនឹងមិនអាចគេចរួចឡើយ។ កិច្ចខិតខំនេះ ក៏កំពុងនាំទៅដល់ដំណើរផ្សងព្រេងថ្មីមួយរបស់ចិន និងការដាក់ពង្រាយពេញទីនៃកងទ័ពហើយបានពង្រីកអំណាចក្នុងប្រទេសជាច្រើន»។
របាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក ដែលមានចំណងជើងថា Grading China's Belt and Road ឬ«ការឲ្យពិន្ទុលើក្រវាត់ផ្លូវពាណិជ្ជកម្មចិន» ដែលចេញផ្សាយកាលពីដើមខែមេសា បានបញ្ជាក់ឲ្យដឹងថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ក្រៅពីមូលហេតុសេដ្ឋកិច្ចគឺវានឹងត្រូវប្រើ«ជាឧបករណ៍ស្នូលដើម្បីពន្លឿនមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ចិន»។
ក៏ប៉ុន្តែបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ បានប្រាប់ VOA តាមសារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនងសង្គមមួយថា គម្រោង BRI ផ្តល់ឱកាសច្រើនជាងហានិភ័យដល់ប្រទេសកម្ពុជា ហើយគម្រោងនេះផ្តល់នូវសក្តានុពលច្រើនសម្រាប់កម្ពុជាដើម្បីទាញយកជាប្រយោជន៍ ប្រសិនបើគុណភាព និងតម្លាភាពនៃគម្រោង BRI នេះ ត្រូវបានធ្វើឲ្យប្រសើរឡើងនោះ។
ដំណាលគ្នានឹងការគាំទ្រដោយប្រទេសកម្ពុជាដល់គម្រោងរបស់ប្រទេសចិន ប្រធានាធិបតីចិន លោក Xi Jinping ក៏បានអំពាវនាវឲ្យប្រទេសទាំងពីរកម្ពុជានិងចិន«អនុវត្តផែនការសកម្មភាពដើម្បីកសាងសហគមន៍មួយ»។
ផែនការសកម្មភាពនេះបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទរវាងកម្ពុជានិងចិនពីកម្រិតមូលដ្ឋានដល់កម្រិតថ្នាក់ដឹកនាំនយោបាយ និងពាណិជ្ជកម្ម៕