វិធានការសងសឹករបស់ចិនប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលបន្តមានឡើង បានចោទជាសំណួរអំពីការកម្រិតព្រំដែននៃសមត្ថភាពរបស់ចិនដើម្បីតបតវិញ។
ការសងសឹករបស់រដ្ឋាភិបាលក្រុងប៉េកាំងមិនស៊ីគ្នាទៅនឹងទំហំនៃចំណាត់ការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការដំឡើងពន្ធគយពី ១០ទៅ ២៥ភាគរយ លើទំនិញរបស់ចិនដែលមានតម្លៃ ២រយពាន់លានដុល្លារទេ។
ចិនបានដាក់ពន្ធគយបន្ថែមលើទំនិញជាច្រើនមុខរបស់សហរដ្ឋអាមេរិកដែលមានតម្លៃ ៦០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងមិនរាប់បញ្ចូលទំនិញសំខាន់ៗខ្លះនៅក្នុងពន្ធគយនោះទេ។ ទំនិញទាំងនោះ រួមមាន ផលិតផលដែលទាក់ទិននឹងបច្ចេកវិទ្យា និងគ្រាប់ធញ្ញជាតិខ្លះដូចជា សណ្តែកសៀង។
ផលិតផលភាគច្រើនរបស់អាមេរិក ដែលត្រូវបានយកពន្ធគយបន្ថែម នឹងឃើញពន្ធគយឡើងពី ១៥ទៅ ២៥ភាគរយ ខណៈដែលទំនិញបន្តិបន្តួចនឹងត្រូវយកពន្ធគយ ២៥ភាគរយ។
លោក Zhenyuan Bo ជាអ្នកវិភាគឲ្យក្រុមហ៊ុនពិគ្រោះយោបល់ GRisk ដែលមានទីតាំងក្នុងទីក្រុងប៉េកាំងនិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងចង់ឲ្យមានផលប៉ះពាល់ខាងសេដ្ឋកិច្ចតិចតួចបំផុត ដែលបណ្តាលមកពីការសងសឹកក្នុងការយកពន្ធគយនេះ។ ដូច្នេះ ទំនិញដែលអាចបណ្តាលឲ្យមានការប៉ះពាល់ខ្លាំងនៅក្នុងស្រុក មិនត្រូវរាប់បញ្ចូលក្នុងការយកពន្ធគយនោះទេ»។
ប៉ុន្តែ ចិនកំពុងបង្ហាញសាច់ដុំក្នុងវិធីផ្សេងៗទៀត។ អ្នកទិញទំនិញចិនកំពុងកាត់បន្ថយការនាំចូលសាច់ជ្រូកអាមេរិកក្នុងតម្លៃ ៦ពាន់៥រយលានដុល្លារ។ ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមជ្រូកអាមេរិកាំង ពីព្រោះចិនជាប្រទេសនាំចូលសាច់ជ្រូករបស់អាមេរិកធំទី២៕