ភ្នំពេញ — កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានចាប់បដិសន្ធិ គឺសមាគមអ្នកកាសែតកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងជាលើកដំបូង ដោយបានកំណត់ទិសដៅរួចជាស្រេច ឲ្យមាននិន្នាការមួយឆ្ពោះទៅគាំទ្រប្រទេសចិន និងគាំទ្រទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន។
កំណើតនៃសមាគមអ្នកសារព័ត៌មានរវាងប្រទេសទាំងពីរ បានបង្ហាញពីរការបោះជំហានថ្មីមួយទៀតក្នុងការសម្លឹងរកការគ្របដណ្តប់លើវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ខណៈដែលសារព័ត៌មានក្នុងស្រុកនាំមុខមួយចំនួនបានបន្ថែមការផ្សាយជាភាសាចិន និងមួយចំនួនទៀតបានប្តូរពីអ្នកវិនិយោគខ្មែរទៅអ្នកវិនិយោគចិនវិញ។
ការរីកចម្រើននៃការវិនិយោគលើវិស័យសារព័ត៌មានរបស់ឈ្មួញចិន និងការបន្ថែមការផ្សាយជាភាសាចិនរបស់សារព័ត៌មានក្នុងប្រទេសកម្ពុជា ធ្វើឡើងក្រោយពីលំហូរយ៉ាងគំហុកនៃការវិនិយោគពីប្រទេសកុម្មុយនិស្តមួយនេះមកកាន់ប្រទេសកម្ពុជា និងក្រោយពីស្ថានីយ៍ទូរទស្សន៍ Nice TV ត្រូវបានបង្កើត។ ទូរទស្សន៍នេះគឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចិន និងក្រសួងមហាផ្ទៃកម្ពុជា។ ទីតាំងនៃទូរទស្សន៍មួយនេះ ស្ថិតនៅក្នុងបរិវេណនៃក្រសួងមហាផ្ទៃតែម្តង។
អ្នកកាសែតមួយចំនួនដែលមកពីស្ថាប័នផ្សេងៗ ក្នុងនោះមានភ្នំពេញប៉ុស្តិ៍ផងដែរ ក៏បានចូលទៅបម្រើការងារនៅទីនោះ។ ពួកគេមិនមានសេរីភាពច្រើនក្នុងការរាយការណ៍ដូចពីមុននោះទេ។
អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Nice TV ត្រូវបានអញ្ជើញឲ្យទៅយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នានា ដែលត្រូវបានរៀបចំដោយស្ថានទូតចិន។ នេះបើយោងតាមអ្នកព័ត៌មានមួយចំនួនដែលនិយាយជាមួយ VOA។
បន្ថែមពីលើទូរទស្សន៍ Nice TV ក៏មានគេហទំព័រព័ត៌មាន Tnaot News ដែលជាឈ្មោះដើមត្នោតរបស់ខ្មែរ បានប្តូរពីក្រោមការគ្រប់គ្រងរបស់ជនជាតិកម្ពុជាទៅក្នុងដៃគ្រប់គ្រងដោយអ្នកជំនួញចិនវិញ។ អ្នកសារព័ត៌មានកម្ពុជាជាច្រើនត្រូវបានជួលឲ្យទៅធ្វើការនៅទីនោះ ហើយពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងមុន បើប្រៀបធៀបនឹងស្ថាប័នចាស់។ ប៉ុន្តែអ្វីដែលសំខាន់ ពួកគេមិនអាចរាយការណ៍ព័ត៌មានទាក់ទងនឹងរឿងនយោបាយបាននោះទេ។
លោក Liao Kai អ្នកគ្រប់គ្រងទូទៅរបស់សារព័ត៌មាន Tnaot News ដែលមករស់នៅស្រុកខ្មែរជាង ១០ ឆ្នាំ បានប្រាប់ VOAនៅកន្លែងធ្វើការរបស់លោកថា សារព័ត៌មានរបស់លោក គឺផ្តោតសំខាន់លើរឿងបែបកម្សាន្ត បច្ចេកវិទ្យា ទេសចរណ៍ ការអប់រំ និងពាណិជ្ជកម្ម។ ប៉ុន្តែមិនមែនរឿងនយោបាយនោះទេ។
«យើងមិនផ្តោតលើនយោបាយនោះទេ»។ លោកបានបន្ថែមថា៖ «ខ្ញុំចង់ឲ្យជនជាតិចិនដែលមកកម្ពុជាយល់ដឹងអំពីវប្បធម៌ខ្មែរ»។
លោកបានបដិសេធផ្តល់ព័ត៌មានទាក់ទងនឹងអ្នកវិនិយោគនៃមុខជំនួញផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ។
ស្ថាប័នសារព័ត៌មាននេះ មានស្ទូឌីយោទូរទស្សន៍ អ្នកកាសែតខ្មែរជាង ២០ នាក់ និងអ្នកយកព័ត៌មានជាជនជាតិចិន ៣ រូបផងដែរ រហូតដល់ពេលនេះ។
សព្វថ្ងៃនេះ មានកាសែតល្បីឈ្មោះចំនួនពីររបស់ចិន ដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជា ក្នុងនោះមាន ជានហ្វា (Jian Hua Daily) និងសារព័ត៌មានពាណិជ្ជកម្ម (Commercial News Cambodia)។
ខណៈដែលប្រទេសកម្ពុជាកំពុងតែរីករាយនឹងការវិនិយោគ និងការចូលមកដល់របស់ជនជាតិចិនជាបន្តបន្ទាប់ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក៏បានចាប់ផ្តើមព័ត៌មានជាភាសាចិនផងដែរ ក្នុងនោះមានសារព័ត៌មានអនឡាញ Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល និងកាសែតខ្មែរថាមស៍ (Khmer Times)។
ដោយមានអ្នកកាសែតខ្មែរពីរនាក់ និងចិនបីនាក់ កាសែត Khmer Times បានចាប់ផ្តើមផ្សាយជាភាសាចិនកាលពីខែមីនា ឆ្នាំ២០១៩ និងជាការបោះពុម្ពផ្សាយមួយសប្តាហ៍ម្តង ដែលមាន ៨ ទំព័រ។
លោក T Mohan ចាងហ្វាងកាសែត បានថ្លែងប្រាប់ VOA នៅក្នុងបន្ទប់ការិយាល័យរបស់លោកថា ទីផ្សារសម្រាប់សារព័ត៌មានជាភាសាចិន គឺសម្រាប់អ្នកចេះដឹង ហើយទីផ្សារនៅតែធំនៅកម្ពុជា។ លោកបញ្ជាក់ថា អតិថិជនរបស់លោក ក៏មានជនជាតិចិនដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុ ដែលជាទីក្រុងកំពុងរីកចម្រើនដោយអ្នកវិនិយោគ និងអ្នករកស៊ីចិន។
«ចិនមកកាន់តែច្រើន ប៉ុន្តែសំណួរសួរថាតើពួកគេប៉ុន្មានអាចអាន និងសរសេរបាន។ វាមិនខុសពីកម្ពុជានោះទេ។ ប្រជាជនកម្ពុជានៅតាមជនបទមិនអាចអាន និងសរសេរបាននោះទេ»។
ទោះជាយ៉ាងណា លោក T Mohan មានប្រសាសន៍ថា ព័ត៌មានជាភាសាចិនមិនផ្តោតលើព័ត៌មាននយោបាយនោះទេ ដោយសារតែព័ត៌មានប្រភេទនេះមាននៅក្នុងកាសែតជាភាសាអង់គ្លេសរួចទៅហើយ។ ម្យ៉ាងវិញទៀត លោកគិតថាជនជាតិចិនដែលមកស្រុកខ្មែរ «មិនអានព័ត៌មាននយោបាយនៅកម្ពុជា ឬនៅក្នុងប្រទេសចិននោះទេ»។ដោយសារតែពួកគេគិតពីការរកប្រាក់ច្រើនជាង។
ឆ្លើយតបនឹងការលើកឡើងមួយចំនួនថា កាសែតខ្មែរថាមស៍មានទំនោរទៅរករដ្ឋាភិបាល ចាងហ្វាងកាសែតរូបនោះ បានការពារស្ថាប័នរបស់លោកថា មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះទេ។
ចំណែកសារព័ត៌មានអនឡាញ Fresh News ដែលតែងតែបញ្ចេញឯកសារផ្លូវការរបស់រដ្ឋាភិបាលមុនគេ ក៏បានដាក់ឲ្យមានព័ត៌មានជាភាសាចិនផងដែរ តាំងពីខែកុម្ភៈ ឆ្នាំមុន។ នេះបើយោងតាមលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់ Fresh News។ មូលហេតុគឺ «ដោយសារមានលំហូរវិនិយោគមកពីប្រទេសចិនកាន់តែច្រើន»និងទំនាក់ទំនងកម្ពុជានិងចិនកាន់តែល្អ។
ប៉ុន្តែលោក លឹម ជាវុត្ថា ហាក់ដូចជាព្យាយាមដាក់ឲ្យមានលំនឹងរវាងការផ្សាយពីចំណុចអវិជ្ជមាននិងចំណុចវិជ្ជមានរបស់ក្រុមជនជាតិចិននៅកម្ពុជា។
«មិនមែនថា យើងផ្សាយពីកិច្ចសហប្រតិបត្តិការទាំងអស់ទេ។ ទង្វើខុសច្បាប់របស់ជនជាតិចិន យើងបានផ្សព្វផ្សាយជាហូរហែ ពីព្រោះវាជាទង្វើមួយខុសច្បាប់នៅកម្ពុជា យើងអត់អាចលាក់បាំងការពិតនូវព័ត៌មានហ្នឹងបានទេ»។
លោក មឿន ឈានណារិទ្ធ សាស្រ្តាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជាមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយចិន មិនផ្តោតលើនយោបាយនោះទេ ដោយពួកគេផ្តោតលើការរកស៊ី ជាជាងផ្តល់ព័ត៌មានឯករាជ្យ និងមានលក្ខណៈប្រកួតប្រជែង។
«អតិថិជនជាគោលដៅរបស់គាត់ គឺប្រហែលជាអ្នកបណ្តាក់ទុនវិនិយោគចិន ក៏ដូចជាពិសេសគឺអតិថិជនជនជាតិចិននៅឯស្រុកគាត់នោះ»។
នៅក្នុងរបាយការណ៍ស្តីអំពីការពង្រីកឥទ្ធិពលចិនលើប្រព័ន្ធផ្សព្វផ្សាយពិភពលោក ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៨ ដែលរកឃើញដោយក្រសួងការពារជាតិអាមេរិក ប្រទេសចិនបានបង្កើតការវិនិយោគដោយផ្ទាល់ និងប្រយោលទៅលើស្ថាប័នព័ត៌មាននៅក្រៅប្រទេស ក្នុងនោះមានការពង្រីកភ្នាក់ងារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋចិន ឈ្មោះថា ស៊ីនហួរ (Xinhua News Agency) ឲ្យបានច្រើន។
របាយការណ៍បានបញ្ជាក់ថា៖ «ការពង្រីកវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនបានបង្ហាញអំពីកិច្ចប្រឹងប្រែងរួមនៃការដឹកនាំមួយ ដើម្បីកែប្រែការគិតអំពីប្រទេស(ចិន) និងលើកតម្កើងការយល់ឃើញរបស់ចិននៅលើប្រធានបទសំខាន់ៗ»។
នៅក្នុងប្រទេសកម្ពុជា សារព័ត៌មានស៊ីនហួរ ក៏ត្រូវបានមើលឃើញថា មានភាពសកម្មក្នុងការសរសេរព័ត៌មានអំពីរឿងល្អៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការចូលរួមរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍នានាដែលរៀបចំដោយរដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកយកព័ត៌មានរបស់ស៊ីនហួ លោក ងួន សុវណ្ណ បានបដិសេធមិនអត្ថាធិប្បាយលើការងាររបស់លោក ដោយបង្វែរសំណួរទៅប្រធានរបស់លោកនៅទីក្រុងប៉េកាំង។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់មានសិទ្ធិនិយាយទេ»។
ការវិនិយោគរបស់ប្រទេសចិនលើវិស័យសារព័ត៌មាន បានធ្វើឲ្យប្រជាធិបតេយ្យរបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគំរាមកំហែង។ នេះបើយោងតាមរបាយការណ៍របស់អ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders)។ របាយការណ៍បានបញ្ជាក់ថា៖ «ទម្រង់នៃការគ្រប់គ្រងព័ត៌មានរបស់រដ្ឋចិន ត្រូវបានយកមកដាក់នៅប្រទេសមួយចំនួនជាសមាជិកអាស៊ាន ដូចជាវៀតណាម និងកម្ពុជា»។
លោក Daniel Bastard នាយកទទួលបន្ទុកផ្នែកអាស៊ីប៉ាស៊ីហ្វិករបស់អ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា៖ «ប្រទេសដូចជាវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឬក៏ថៃ ត្រូវបានជំរុញដោយផ្ទាល់ដោយការគ្រប់គ្រងព័ត៌មានតាមទម្រង់របស់ចិន។ ឧទាហរណ៍ ដូចជាច្បាប់សន្តិសុខតាមបច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាម ជាការចម្លងពីច្បាប់របស់ប្រទេសចិន»។
ស្ថានទូតចិនប្រចាំនៅកម្ពុជាមិនឆ្លើយតបនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េលនោះទេ។
របាយការណ៍ស្តីអំពីការព្យាយាមរបស់ចិនក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពិភពលោកថ្មី ដែលត្រូវបានផ្សព្វផ្សាយដោយអង្គការ Reporters Without Borders ក្នុងខែមីនា បានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាកំពុងតែរៀបចំនូវច្បាប់លម្អិតមួយតាមទម្រង់របស់ចិន បន្ទាប់ពីកម្ចាត់ចោលនូវប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងការរឹតបន្តឹង»។
លោក Cédric Alviani ប្រធានផ្នែកការិយាល័យប្រចាំតំបន់អាស៊ីខាងកើតនៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានថ្លែងប្រាប់ VOA ថា អាជ្ញាធរចិនបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរនូវប្រព័ន្ធផ្សព្វផ្សាយបែបសេរីទៅជាការឃោសនា។
«ពួកគេបានព្យាយាមយ៉ាងសកម្មក្នុងការគាបសង្កត់រាល់សារព័ត៌មានឯករាជ្យ និងជំនួសដោយការឃោសនារដ្ឋ ឬក៏សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ(ចិន)»។
លោក ណុប វី អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយមានប្រសាសន៍ថា លោកបារម្ភអំពីអនាគតនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ខណៈស្ថានភាពមិនមានការផ្លាស់ប្តូររហូតមកដល់ពេលនេះ ចាប់តាំងពីមានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរងឥទ្ធិពលពីអាជ្ញាធរចិន។
«បើសិនជាស្ថានភាពនៃសេរីភាពសារព័ត៌មានវិជ្ជាជីវៈ ឯករាជ្យ នៅតែបន្ត [រឹតត្បិត] ទៅទៀត ខ្ញុំគិតថា វាកាន់តែធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការធានាទៅដល់តម្លាភាព និងការកាត់បន្ថយភាពអវិជ្ជមានពីការរកស៊ីរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជាយើង»។
ក្នុងពិធីសម្ពោធបើកទ្វារសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ជាផ្លូវការ កាលពីថ្ងៃទី៦ ខែឧសភា ទីប្រឹក្សានយោបាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា លោកស្រី ចូវ វិនស៊ីង (ZouWenxing) ចង់ឲ្យសមាគមនេះផ្សាយព័ត៌មានល្អៗអំពីប្រទេសទាំងពីរ។
«យើងរំពឹងថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានវិជ្ជមាន និងការរួមដៃគ្នាប្រឆាំងព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
ការថ្លែងបែបនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ប្រធានាធិបតីចិន លោក ស៊ីជីន ពីង (Xi Jinping) ដែលចង់ឲ្យមាន «ការផ្សព្វផ្សាយព័ត៌មានអំពីចិនឲ្យបានល្អ និងផ្សព្វផ្សាយសំឡេងរបស់ចិនឲ្យបានត្រឹមត្រូវ»។
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន មានលោក សយ សុភាព ខាងភាគីកម្ពុជា និងលោក លីវ សៀវគ័ង (Liu Xiao Guang) ភាគីចិនជាសហប្រធាន។
លោក សយ សុភាព ថ្លែងនៅក្នុងពិធីសម្ពោធសមាគមថា សមាគមនេះត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យរូបភាពការវិនិយោគរបស់ចិន និងទំនាក់ទំនងរវាងប្រទេសទាំងពីរល្អ និងរាយការណ៍ព័ត៌មានវិជ្ជមាន ជាជាងអវិជ្ជមាន។
«សមាគមអ្នកសារព័ត៌មានកម្ពុជាចិន សូមប្តេជ្ញាចូលរួមអនុវត្ត និងគោរពតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យបាន តាមរយៈនៃការខិតខំផ្សព្វផ្សាយព័ត៌មានពិត និងប្រកបដោយវិជ្ជាជីវៈ អំពីការវិនិយោគរបស់ប្រទេសមហាមិត្តចិននៅកម្ពុជា ក៏ដូចជាការនាំផលិតផលគ្រប់ផ្នែកទាំងអស់របស់កម្ពុជាទៅកាន់ប្រទេសចិន»។
ទំនងជាចង់សំដៅទៅរកសហរដ្ឋអាមេរិក លោកសយ សុភាព ថ្លែងថា៖
«ជាការពិតប្រទេសខ្លះមិនសប្បាយចិត្ត និងមិនគាំទ្រចំពោះការវិនិយោគរបស់ចិននៅកម្ពុជាទេ ហើយថែមទាំងវាយប្រហារចំពោះការធ្វើពាណិជ្ជកម្មរបស់ចិននៅកម្ពុជាថែមទៀតផង»។
ស្ថានទូតអាមេរិក និងចិន បានប៉ះពាក្យសម្តីគ្នាកាលពីពេលថ្មីៗនេះ ទៅលើជំនួយ និងការវិនិយោគរបស់ពួកគេមកកម្ពុជា និងយុទ្ធសាស្រ្តជំនួយពីប្រទេសចិនមកកម្ពុជា។ ការប្រឈមដាក់គ្នានេះ នាំឲ្យមានការពិភាក្សានៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងផុសផុល។
អ្នកជំនាញបង្ហាញក្តីបារម្ភថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននេះ នឹងមានឥទ្ធិពលលើអ្នកកាសែតខ្មែរ ដែលនាំឲ្យមិនមានការសរសេររឿងរសើប និងរិះគន់អំពីការវិនិយោគចិននៅប្រទេសកម្ពុជា ខណៈចិនកំពុងតែមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងមានការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ក្នុងនោះគេឃើញមានការបិទកាសែត The Cambodia Daily ការបិទការិយាល័យវិទ្យុអាស៊ីសេរីនៅភ្នំពេញ និងវិទ្យុរាប់សិបទៀត ដែលបានជួលម៉ោងផ្សាយដល់វិទ្យុឯករាជ្យ រួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិកផងដែរ។
អតីតអ្នកកាសែតអាស៊ីសេរី ២ នាក់ក៏ត្រូវបានចាប់ខ្លួន ដោយរងការចោទប្រកាន់ថាផ្តល់ព័ត៌មានដល់បរទេស។ ក្រោយមកពួកគេទាំងពីរនាក់ត្រូវបានដោះលែង តែបទចោទមិនទាន់ត្រូវបានទម្លាក់នៅឡើយទេ។
លោក ណុប វី អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបានថ្លែងថា៖ «ពីមុនមានស្ថាប័នព័ត៌មានមួយចំនួនដែលឯករាជ្យ ដែលផ្តល់សេរីភាពច្រើនដល់អ្នកសារព័ត៌មានធ្វើការហ្នឹង ហើយឥឡូវនេះ គឺស្ថាប័នទាំងអស់នេះគឺមានគំនាបច្រើនទៅដល់អ្នកសារព័ត៌មានហ្នឹង»។
លោក មាស នី អ្នកតាមដានបញ្ហាសង្គម បានថ្លែងថាការណ៍ដែលមន្ត្រីចិននិងអ្នកសារព័ត៌មានលើកគោលការណ៍ផ្សាយព័ត៌មានវិជ្ជមានពីប្រទេសចិន ឬពីទំនាក់ទំនងកម្ពុជាចិនគឺជាវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មានបែបការពារខ្លួន។
លោកមាស នី បន្ថែមថា ការរាយការណ៍អំពីចិននៅតែជាប្រធានបទសំខាន់សម្រាប់ប្រជាជនកម្ពុជា ពីព្រោះប្រទេសចិនមានឥទ្ធិពលលើកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
«រឿងវត្តមានរបស់ចិន វាបានទៅជាចំណុចរសើបសម្រាប់ការពិភាក្សាទិដ្ឋភាពនយោបាយ លែងមានត្រឹមតែសេដ្ឋកិច្ច»។
សន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានលើពិភពលោកឆ្នាំ ២០១៩ របស់អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០១៨ អាក្រក់ជាងឆ្នាំ២០១៧មួយកម្រិត ដោយសារគណបក្សកាន់អំណាចព្យាយាមកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ខ្លួន។ របាយការណ៍ដដែលក៏បានបង្ហាញថា ការរឹតត្បិតសេរីភាពសារព័ត៌មានត្រូវបានពង្រីកនៅកម្ពុជា ដោយសាររងឥទ្ធិពលពីប្រទេសចិនផងដែរ ហើយកម្ពុជាទំនងជាធ្លាក់ទៅក្នុងផ្លូវដូចប្រទេសចិនយ៉ាងគ្រោះថ្នាក់ បន្ទាប់ពីបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
អត្ថបទនេះផលិតឡើងដោយមានការគាំទ្រពីគម្រោងរបស់កម្មវិធី Reporting ASEAN ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយមានការសហការពី Lower Mekong Initiative និង US States department។ Reporting ASEAN រៀបចំដោយ Probe Media Foundation Inc៕