ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ាក់ រំពឹង​សេចក្តី​ប្រកាស​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​របស់​អាមេរិក


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់ លោក Fuad Hussein នៅពេល​លោក​ទៅដល់​ទីក្រុង​អាថែន ដើម្បី​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​សមភាគី​ក្រិក​របស់​លោក​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់ លោក Fuad Hussein នៅពេល​លោក​ទៅដល់​ទីក្រុង​អាថែន ដើម្បី​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​សមភាគី​ក្រិក​របស់​លោក​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ាក់​ បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សមាជិក​នៃ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អ៊ីរ៉ាក់​រំពឹង​ថា ​នឹង​សម្រេច​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​សុក្រ​ជាមួយ​រដ្ឋបាលលោក​ប្រធានាធិបតី ​Joe Biden​ ដើម្បី​បញ្ចប់​បេសក​កម្ម​ប្រយុទ្ធ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​អ៊ីរ៉ាក់។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយវីអូអេភាសា​ឃឺដ ​ រដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ាក់​លោក​ Fuad Hussein ​បាន​ពិភាក្សា​អំពី​លក្ខណៈ​កិច្ច​សហ​ប្រតិបត្តិ​ការ ​ដែល​ស្នើ​ឡើង​រវាង​ប្រទេស​លោក​ និង​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ នៅ​ពេល​មាន​កិច្ច​ព្រមព្រៀង ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។​

លោក​ប្រាប់​វីអូអេ​ថា ​«តាម​គំនិត​របស់​ខ្ញុំ យើង​មាន​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​សុក្រ​ ​បន្ទាប់​មក​នឹង​ត្រូវ​ប្រកាស​ថា​ កង​កម្លាំង​ប្រយុទ្ធ​របស់​អាមេរិក​ នឹង​មិន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ទៀត​ទេ។​ ប៉ុន្តែ​ពួកគេ​មិន​នៅ​តាម​របៀប​ណា​ ​ហើយ​ពេលណា​ពួក​គេ​ចាក​ចេញ​ គឺ​ទាក់ទង​ទៅ​នឹង​ការ​កំណត់​ពេល​វេលា ព្រមព្រៀង​ដោយ​ភាគី​ទាំងពីរ​ ហើយនឹង​បញ្ហា​បច្ចេក​ទេស​ និង​បញ្ហា​ផ្សេង​ទៀតទាក់ទង​នឹង​សន្តិសុខ​របស់​កង​កម្លាំង»។ ​

កិច្ច​ពិភាក្សា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កំពុង​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនកិច្ច​ប្រជុំ​នៅថ្ងៃ​ចន្ទ​រវាង​លោក​ប្រធានាធិបតី Joe Biden​ និង​នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់លោក​ Mustafa al-Kadhimi ​នៅសេតវិមាន។​ លោក​ទាំងពីរ​មាន​ផែនការ​ពិភាក្សា​លើ​ប្រធាន​បទ​ជាច្រើន​ រួមមាន​កិច្ច​សហ​ប្រតិបត្តិការ​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច​ សន្តិសុខ​ និង​វប្បធម៌។​

លោក ​Hussein ​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Antony Blinken ​នៅ​ថ្ងៃសុក្រ។ មន្ត្រី​អ៊ីរ៉ាក់​បាន​ប្រាប់​វីអូអេ​ថា កិច្ច​ពិភាក្សា​របស់​លោក​ទាំងពីរ​«នឹង​ផ្តោត​លើ​បញ្ហា​ជាច្រើន​រួមមាន​ប្រេង ​ ថាមពល​ អគ្គិសនី ​ ​ឧស្ម័ន​ វប្បធម៌ សុខភាព​ ​យោធា​ និង​សន្តិសុខ​ ហើយនឹង​ហិរញ្ញ​វត្ថុ»។

កាលពី​ដើម​សប្តាហ៍​ គ្រាប់បែក​អត្តឃាត​មួយ​បាន​ផ្ទុះ​នៅ​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​ដោយ​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៣៤​នាក់។​ ការ​វាយ​ប្រហារ​ដែល​ប្រកាស​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នេះ គឺ​ជា​អំពើ​ហិង្សា​ដែល​កងកម្លាំង​អ៊ីរ៉ាក់​បណ្តុះ​បណ្តាល​ និង​បំពាក់​សម្ភារៈ​ដោយ​សហ​រដ្ឋ​អាមេរិក​ កំពុង​ព្យាយាម​ទប់ស្កាត់៕​

Jeff Seldin និង ​Rikar Hussein​ រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ

XS
SM
MD
LG