ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក លើកឡើង​អំពី​ការប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេស៦


រូបឯកសារ៖ បុរស​ម្នាក់ កាន់​ទង់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD)​ នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បុរស​ម្នាក់ កាន់​ទង់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD)​ នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

កាល​ពី​ថ្ងៃ​ចន្ទ​ទី១២ ខែកក្កដា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកលោក Antony Blinken បាន​ចេញផ្សាយរបាយការណ៍​ប្រចាំ​ឆ្នាំអំពី​ការ​បញ្ចៀសមិន​ឱ្យ​មានការ​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ។

លោក Blinken បានមានប្រសាសន៍​ថា «ជា​លើក​ដំបូងក្នុង​ឆ្នាំ​នេះ​ របាយការណ៍​នេះរៀបរាប់ល្អិតល្អន់អំពីអំពើ​ឃោរឃៅដែល​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេសជាក់លាក់​មួយ​ចំនួន​ដែល​មានរួមប្រទេសមីយ៉ាន់ម៉ា អេត្យូពី ចិន ​និង​ស៊ីរី។ ប្រទេសទាំង​នេះ ​នាំឲ្យ​មានការ​ប្រឈម​យ៉ាង​លំបាក​ក្នុងគោលនយោបាយ​ការ​បរទេសនៅ​ក្នុងរបៀបវារៈ​របស់​យើង»។

លោក Blinken បាន​បន្ថែម​ថា «យើងនឹង​ប្រើ​វិធានការ​ទាំងអស់​ដែល​យើង​មានដោយ​មានរួមបញ្ចូល​វិស័យការទូត​ ជំនួយបរទេស ការស៊ើប​អង្កេត​ក្នុង​បេសកកម្មស្វែង​រកការពិត វិធានការណ៍​ហិរញ្ញវត្ថុ ​និង​ការទាក់ទងនឹងរបាយការណ៍​ដូច​រាយការណ៍​នេះ ដើម្បី​ឱ្យ​គេ​បានដឹង​ឮច្រើន​ និង​អនុញ្ញាតឱ្យ​យើងរៀបចំ​ឱ្យ​មាន​ការដាក់សម្ពាធ​ និង​ការ​ឆ្លើយ​តប​របស់​អន្តរជាតិ»។

កាលពី​ខែ​មករា លោក Blinken បាន​បញ្ជាក់ថា​ ​អាជ្ញាធរ​ចិន​ បានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ និង​អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​លើក្រុម​ជនអំបូរ​ Uyghur ក្នុង​តំបន់ Xinjiang។ ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក ​នៅ​តែរឹតត្បិតទិដ្ឋាការសម្រាប់ពួកមន្ត្រី​ចិន​ដែល​អាមេរិក​ជឿ​ថា​ ​ទទួល​ខុសត្រូវ​ក្នុងការ​ឃុំឃាំង​និង​រំលោភពួក​ជន​ភាគ​តិចកាន់​សាសនា​អ៊ីស្លាម។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​ ចក្រភព​អង់​គ្លេស ​និងប្រទេស​កាណាដា​ បាន​ដាក់​ទណ្ឌកម្ម​មន្ត្រីចិន​ពីរ​នាក់ដែល​ទាក់​ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ក្រុមហ៊ុន​ចិន​រាប់​សិប ក៏​ត្រូវ​បានបញ្ចូល​ក្នុងបញ្ជី​របស់​សហរដ្ឋ​អាមេរិក ដោយសារ​មុខនាទីរបស់​ពួក​គេក្នុង​ការរំលោភ​សិទ្ធិ​មនុស្សក្នុង​តំបន់ Xinjiang។

អ្នក​ជំនាញខ្លះបាន​និយាយ​ថា ​ការបញ្ចៀសមិន​ឱ្យ​មានការ​ប្រល័យ​ពូជសាសន៍​ មិនត្រឹមតែជា​ការ​ទទួលខុស​ត្រូវខាង​សីលធម៌​តាម​រយៈច្បាប់​អន្តរជាតិ តែប៉ុណ្ណោះទេតែថែមទាំង​ជា​កាតព្វកិច្ច​មួយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ផង។ អ្នកជំនាញ​ទាំងនោះ​កត់សម្គាល់ថា​ មានការ​កម្រិត​ខ្លះ។

លោក Gregory Stanton ដែល​ជា​ប្រធានស្ថាបនិកអង្គការ​ឃ្លាំ​មើល​ការ​ប្រល័យ​ពូជសាសន៍ Genocide Watch បាន​និយាយ​ប្រាប់​វីអូអេថា «អំពើប្រល័យ​ពូជសាសន៍ជា​ឧក្រិដ្ឋកម្ម​តាម​យុត្តាធិការសាកល​ក្នុង​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក។ ទោះ​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ត្រូវ​បានធ្វើ​នៅទី​ណាក៏​ដោយ ​ក៏ពួក​អ្នក​ប្រព្រឹត្តល្មើសអាច​ត្រូវកាត់​ទោស​ក្នុង​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ដែរ»។

លោក Stanton បាន​បន្ថែម​ថា​ តែពួក​អ្នក​ប្រព្រឹត្ត​ល្មើសទាំង​នេះ «ចាំបាច់ត្រូវ​តែ​មាន​វត្តមានក្នុង​សហរដ្ឋ​អាមេរិក ពី​ព្រោះតុលាកាអាមេរិកាំង​មិនកាត់ទោស​មនុស្ស​ដោយ​កំបាំង​មុខ​ទេ»។

«អនុសញ្ញា​ចែង​អំពី​ការ​ប្រល័យ​ពូជសាសន៍ឆ្នាំ​១៩៤៨ ដែល​សហរដ្ឋ​អាមេរិក​បានផ្តល់​សច្ចានុម័តកាលពី​ឆ្នាំ១៩៨៨ តម្រូវ​ឱ្យ​រដ្ឋទាំង​អស់បញ្ចៀស​កុំ​ឱ្យ​មានការ​ប្រល័យ​ពូជ​សាសន៍ ​និង​ដាក់​ទណ្ឌកម្មលើ​ក្រុម​អ្នកប្រព្រឹត្ត​ល្មើស»។ នេះ​បើតាម​សម្តីប្រាប់​វីអូអេ​របស់​លោក Tom Dannenbaum ដែល​ជាសាស្ត្រាចារ្យ​ជំនួយខាង​ច្បាប់​អន្តរជាតិនៅ​មហា​វិទ្យាល័យ Fletcher នៃសាកល​វិទ្យាល័យ Tuffs ។

លោក Dannenbaum បានបន្ថែមថា «​តែ​កាតព្វកិច្ចក្នុង​ការបញ្ចៀសការ​ប្រល័យ​ពូជសាសន៍មិន​មានរួមបញ្ចូលអំណាចប្រើកម្លាំង​យោធា​នៅ​ប្រទេសក្រៅ​ដើម្បី​បំពេញ​កិច្ចការនេះ​ទេ»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG