ប្រភពព័ត៌មានសន្តិសុខអ៊ីរ៉ាក់ថា គ្រាប់រ៉ុក្កែតជាច្រើន ត្រូវបានបាញ់សំដៅស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការវាយប្រហារចុងក្រោយជាបន្តបន្ទាប់លើទីកន្លែងយោធា និងទីកន្លែងការទូតអាមេរិក ប៉ុន្មានថ្ងៃថ្មីៗនេះ។
គ្រាប់រ៉ុក្កែតទាំងនោះ មិនបានធ្លាក់ចំស្ថានទូតសហរដ្ឋអាមេរិកទេ គឺធ្លាក់នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់បៃតង ដែលមានការការពារដ៏រឹងមាំនៅក្នុងរដ្ឋធានីបាកដាដ។
ក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃពុធថា រ៉ុក្កែត១៤គ្រាប់ ត្រូវបានបាញ់លើទីតាំងបុគ្គលិកយោធាសហរដ្ឋអាមេរិកនៅក្នុងខេត្ត Anbar នៅភាគខាងលិច។
វរសេនីយ៍ឯកសហរដ្ឋអាមេរិក លោក Wayne Marotto អ្នកនាំពាក្យក្រុមចម្រុះ បាននិយាយថា គ្រាប់រ៉ុក្កែតបានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Ain Al-Assad ហើយថា មនុស្ស២នាក់ បានរងរបួសស្រាលៗ។
លោក Yehia Rasool អ្នកនាំពាក្យក្រសួងការពារប្រទេសអ៊ីរ៉ាក់ បានហៅការបាញ់គ្រាប់រ៉ុក្កែតនេះថា ជា«ការវាយប្រហារភេរវកម្ម» ហើយបាននិយាយទៀតថា «សត្រូវរបស់អ៊ីរ៉ាក់កំពុងវាយប្រហារសន្តិសុខ អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអ៊ីរ៉ាក់»។
សហរដ្ឋអាមេរិកបន្ទោសការវាយប្រហារនេះ លើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕
អត្ថបទនេះ មានរួមបញ្ចូលព័ត៌មានពី AFP និង Reuters