ឧត្តមសេនីយ៍យោធាសហរដ្ឋអាមេរិកលោក Austin Miller ដែលដឹកនាំកងទ័ពអាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាននឹងចុះចេញពីតួនាទីរបស់លោកនៅថ្ងៃចន្ទដើម្បីជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏យូរបំផុតរបស់អាមេរិក ខណៈពេលដែលក្រុមឧទ្ទាមតាលីបង់កំពុងរុលទៅមុខយ៉ាងខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Miller នឹងក្លាយជាឧត្ដមសេនីយ៍យោធាអាមេរិកផ្កាយ៤ចុងក្រោយនៅអាហ្វហ្គានីស្ថាននៅក្នុងពិធីមួយក្នុងទីក្រុងកាប៊ុល ដែលនឹងប្រព្រឹត្តទៅមុនថ្ងៃប្រកាសបិទបញ្ចប់ជាផ្លូវការនូវបេសកកម្មយោធាអាមេរិកក្នុងអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហាខាងមុខដែលជាថ្ងៃដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានដាក់ចេញសម្រាប់ថ្ងៃចុងក្រោយនៃការដកកងកម្លាំងយោធាអាមេរិកទាំងអស់ចេញពីសង្គ្រាមដែលមានរយៈពេល២ទសវត្សរ៍នេះនៅក្នុងប្រទេសនេះ។
ទោះបីជាពិធីនេះជាការបង្ហាញពីអត្ថន័យខ្លះៗនៃការបញ្ចប់សង្គ្រាមសម្រាប់យុទ្ធជនជើងចាស់អាមេរិកដែលធ្លាប់បានបំពេញបេសកកម្មក្នុងអាហ្វហ្គានីស្ថានក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាគេនឹងទទួលបានជោគជ័យក្នុងការធានាដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានមួយដែលគាំទ្រដោយប្រទេសលោកខាងលិចនោះឬយ៉ាងណានោះ ស្របពេលដែលក្រុមឧទ្ទាមតាលីបង់កំពុងធ្វើការវាយប្រហារ និងកាន់កាប់ទឹកដីជាច្រើនកន្លែងថែមទៀតដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្គ្រាមនេះកើតមានឡើង។
ឧត្តមសេនីយ៍យោធាម៉ារីនអាមេរិកលោក Kenneth McKenzie ដែលទីបញ្ជាការដ្ឋានកណ្តាលរបស់លោកស្ថិតក្នុងរដ្ឋ Floridaជាអ្នកត្រួតពិនិត្យកងកម្លាំងអាមេរិកក្នុងតំបន់សង្គ្រាមមួយចំនួន ដែលរួមមានប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី បានធ្វើដំណើរតាមយន្តហោះទៅកាន់រដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានដើម្បីបញ្ជាក់ពីការជួយឧបត្ថម្ភរបស់អាមេរិកក្នុងពេលអនាគតដល់កងកម្លាំងសន្តិសុខរបស់ប្រទេសនេះ។
លោកបានបញ្ជាក់យ៉ាងដូចនេះថា៖ «យើងទទួលស្គាល់ថា ការជួយឧបត្ថម្ភរបស់អាមេរិកក្នុងពេលខាងមុខនឹងមានភាពខុសគ្នាខ្លាំងពីអតីតកាល។ ខ្ញុំមិនអាចប្រាប់បានថាវាមានភាពខុសគ្នាប៉ុណ្ណានោះទេ ក៏ប៉ុន្តែយើងនឹងតែជួយពួកគេ»។
ទោះបីជាយ៉ាងនេះក្តី លោកបានថ្លែងដោយប្រុងប្រយ័ត្នថា បើតាមទស្សនៈរបស់លោក ក្រុមតាលីបង់ ហាក់ដូចជាកំពុងស្វះស្វែងរកដំណោះស្រាយយោធាមួយលើសង្គ្រាមនេះដែលអាមេរិកបានព្យាយាមមិនបានជោគជ័យដើម្បីបញ្ចប់វាតាមតាមរយៈកិច្ចព្រមព្រៀងសនិ្តភាពមួយរវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះ។
លោកបន្តទៀតថា ទីរួមខេត្តមួយចំនួនរបស់អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែលោកកត់សម្គាល់ថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលគាំទ្រដោយអាមេរិកមានការតាំងចិត្តដើម្បីតស៊ូប្រយុទ្ធយ៉ាងខ្លាំងសម្រាប់ទីរួមខេត្តទាំងនោះ។ ទោះបីលោកឧត្តមសេនីយ៍ Miller ចុះចេញពីតំណែងជាមេបញ្ជាការដឹកនាំកម្លាំងប្រយុទ្ធក្នុងអាហ្វហ្គានីស្ថានក្តី ក៏លោកឧត្ដមសេនីយ៍ McKenzie អាចបញ្ជាការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុមតាលីបង់ផងដែរ រហូតដល់ថ្ងៃទី៣១ ខែសីហាខាងមុខដើម្បីគាំទ្រដល់កងកម្លាំងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
ប៉ុន្តែបន្ទាប់ពីពេលនោះ ការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនៅក្នុងអាហ្វហ្គានីស្ថានគឺផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ក្រុមអាល់ខាយដា (al Qaida) និងក្រុមរដ្ឋឥស្លាមវិញ៕