យ៉ាងហោចណាស់រ៉ុក្កែតចំនួន ១០ គ្រាប់ត្រូវបានបាញ់សំដៅទៅលើមូលដ្ឋានយោធាមួយនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ ដែលមានកងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់របស់យោធាអ៊ីរ៉ាក់និងក្រុមកងទ័ពចម្រុះ។ គេនៅមិនទាន់ដឹងទេថាតើមានអ្នកស្លាប់ ឬអ្នករងរបួសឬក៏អត់នោះទេ។
អ្នកនាំពាក្យក្រុមកងទ័ពចម្រុះលោកវរសេនីយ៍ឯក Wayne Marotto បាននិយាយថា គ្រាប់រ៉ុក្កែតទាំងនោះត្រូវបានបាញ់ចំមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងខេត្ត Anbar នៅវេលាម៉ោង៧និង២០នាទីព្រឹក។ នៅមិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
យោធាអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះមិនបានបង្កឱ្យមានការខាតបង់គួរឱ្យកត់សម្គាល់នោះទេ ហើយថា កងកម្លាំងសន្តិសុខបានរកឃើញជើងទម្រសម្រាប់បាញ់រ៉ុក្កែតទាំងនោះ។
នេះគឺជាការវាយប្រហារលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅរបស់កងជីវពល ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់-ស៊ីរីកាលពីសប្តាហ៍មុនមក ដែលបានសម្លាប់កងជីវពលម្នាក់ និងបង្កការភ័យខ្លាចទៅលើលទ្ធភាពនៃការសងសឹកទៅវិញទៅមក។ ការភ័យខ្លាចចំពោះការសងសឹកគ្នាទៅវិញទៅមកនេះកើនឡើងខ្លាំងកាលពីឆ្នាំមុន ក្រោយពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្ដមសេនីយ៍អ៊ីរ៉ង់លោក Qassim Soleimani នៅខាងក្រៅអាកាសយានដ្ឋានក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។
ការវាយប្រហារនៅថ្ងៃពុធតម្រង់គោលដៅទៅលើមូលដ្ឋានដដែលដែលអ៊ីរ៉ង់បានវាយប្រហារដោយកាំជ្រួចមីស៊ីលកាលពីខែមករាឆ្នាំមុនក្នុងការសងសឹកចំពោះការសម្លាប់លោក Soleimani។ កងកម្លាំងយោធាសហរដ្ឋអាមេរិករាប់សិបនាក់បានរងរបួសនិងរងការប៉ះទង្គិចជាខ្លាំងក្នុងការវាយប្រហារកាលពីលើកមុននោះ៕