កំណត់និពន្ធ៖ ថវិកាគឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍។ លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំនៅសហរដ្ឋអាមេរិក ឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងក្រសួងដែលត្រូវចាយក្នុងការធ្វើគម្រោងចំណាយឲ្យបានត្រឹមត្រូវ និងតាមទិសដៅអថ៌ភាពសម្រាប់ការអភិវឌ្ឍន៍ ដើម្បីទទួលបានលទ្ធផលពីការចាត់ចែងថវិកាជាតិដ៏មានប្រសិទ្ធភាព។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយលោក ហេង ឌីណា ជុំវិញបញ្ហានេះ។
VOA៖ តើប្រាក់ចំណូលថវិកាជាតិរបស់កម្ពុជាក្នុងមួយឆ្នាំមានទឹកប្រាក់ចំនួនប្រហែលប៉ុន្មាន? តើប្រាក់ចំណូលថវិកាជាតិនេះមានប្រភពពីណាខ្លះ?
លោក ហេង ឌីណា៖ សម្រាប់ឆ្នាំ២០១៤ ចំណូលរដ្ឋដែលប្រមូលបានក្នុងប្រទេសមានចំនួនជាង២៦០០រយលានដុល្លារ ឬប្រហែល១៥ភាគរយនៃផសស។ ហើយតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ចំណូលឆ្នាំ២០១៥នេះអាចនឹងកើនដល់២៩០០លានដុល្លារ។ ចំណូលក្នុងស្រុកភាគច្រើនបានមកពីអគ្គនាយកដ្ឋានពន្ធដា និង អគ្គនាយកដ្ឋានគយ។ ចំណូលសារពើពន្ធសំខាន់ៗមានដូចជា ពន្ធលើចំណេញអាករលើតម្លៃបន្ថែម និងពន្ធ និងអាការលើការនាំចូល។
ក្រៅពីនេះ យើងក៏មានចំណូលមិនមែនសារពើពន្ធ ដូចជា ផលទុនពីការលក់ជួលទ្រព្យសម្បត្តិ និងសេវាសាធារណៈជាដើម។ សូមជម្រាបថា សម្រាប់ថវិកាជាតិ ប្រទេសយើងក៏ទទួលបានឧបត្ថមទន និងឥណទានពីដៃគូអភិវឌ្ឍសម្រាប់ចំណាយមូលធនដូចជា ផ្លូវ ស្ពាន ថ្នល់ កំពង់ផែ ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែរ។
VOA៖ តើការចំណាយថវិកាជាតិមានលក្ខណៈយ៉ាងដូចមេ្តចដែរ?តើចំណូលក្នុងស្រុកអាចទប់ទល់នឹងការចំណាយដែរឬទេ?
លោក ហេង ឌីណា៖ យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០១៥ ចំណាយថវិកាជាតិគ្រោងសម្រាប់ឆ្នាំ២០១៥នេះ មានចំនួនសរុប៣៨០០លានដុល្លារ គឺខ្ពស់ជាងចំណូលរដ្ឋក្នុងស្រុក (២៩០០លានដុល្លារ) ដោយសារកម្ពុជាយើងត្រូវការវិនិយោគខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងសក្តានុពលសេដ្ឋកិច្ច។ នេះមានន័យថា កម្ពុជាយើងត្រូវការហិរញ្ញប្បទានក្រៅប្រទេសបន្ថែម (លុយបន្ថែម ឬប្រាក់កម្ចីបរទេស)ចំនួន៩០០លានដុល្លារ ដើម្បីបំពេញការចំណាយនេះ។ សូមជម្រាបថា ចំណាយមានពីរប្រភេទ គឺចំណាយចរន្ត និងចំណាយមូលធន។ ចំណាយចរន្តមានជាចម្បងគឺ ការចំណាយលើប្រាក់ខែមន្ត្រីរាជការ មធ្យោបាយ និងសេវា និងចំណាយផ្សេងៗសម្រាប់ការងាររដ្ឋបាល។ ចំណាយមូលធនមានជាចម្បងគឺ ការចំណាយលើការសាងសង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចប្រើប្រាស់សម្រាប់រយៈពេលយូរឆ្នាំ និងចំណាយទូទាត់ប្រាក់កម្ចី ដែលប្រទេសកម្ពុជាជំពាក់បណ្តាប្រទេសផ្សេងៗ។ កន្លងមក ចំណូលក្នុងស្រុកអាចគ្រប់គ្រាន់សម្រាប់ចំណាយចរន្តហើយ អាចសល់ខ្លះសម្រាប់ទប់ចំណាយមូលធនមួយផ្នែក។ សម្រាប់ឆ្នាំ២០១៥នេះ ចំណាយចរន្តគ្រោងមានចំនួន២ពាន់៣២០លាន ឬ៦០ភាគរយនៃចំណាយថវិកាជាតិសរុប ហើយចំណាយមូលធនគ្រោងមានចំនួន១ពាន់៤៤០លាន ឬ្៤០ភាគរយនៃចំណាយថវិកាជាតិសរុប។
VOA៖ តើវិស័យណាខ្លះដែលទទួលបានភាគធំនៃការចំណាយឆ្នាំ២០១៥នេះ? តើការចំណាយនេះអាចផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍យ៉ាងដូចម្តេចខ្លះ?
លោក ហេង ឌីណា៖ ជាគោលការណ៍ ចំណាយត្រូវបែងចែកតាមតម្រូវការ និងអាទិភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសក្នុងក្របខ័ណ្ឌសេ្ថរភាពសារពើពន្ធ។ និយាយឲ្យសាមញ្ញ យើងមិនអាចចាយច្រើនហួសហេតុពីអ្វីដែលយើងអាចរកបាន។ ចំណាយអាចចែកតាមវិស័យ ពោលគឺ វិស័យរដ្ឋបាលទូទៅ ដែលមានស្ថាប័ន និងក្រសួងចំនួន១៥ទទួលបន្ទុក ដូចជា វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលមានបីក្រសួង និងស្ថាប័ន និងវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច (៩ស្ថាប័ន)។
តាមច្បាប់ថវិកាជាតិឆ្នាំ២០១៥ វិស័យសង្គមកិច្ចដែលមានក្រសួងចំនួន៩ទទួលរ៉ាប់រងនឹងទទួលបាន៣៩ភាគរយនៃចំណាយចរន្ត ហើយវិស័យការពារជាតិនឹងទទួលបាន២៥ភាគរយនៃចំណាយចរន្ត ។ ក្នុងថវិកាជាតិសម្រាប់ការអប់រំនឹងទទួលបាន៤៥៣លានដុល្លារ ខាងសុខាភិបាលចំនួន៣២៥លានដុល្លារ។ ដោយសារតម្រូវការនៃកំណែទម្រូវលើវិស័យចម្បងទាំងពីរនេះសម្រាប់ការអភិវឌ្ឍន៍ ខ្ញុំជឿថា យើងត្រូវការថវិកាបន្ថែម ដើម្បីបង្កើនគុណភាពអប់រំ និងសុខាភិបាល ដើម្បីការលើកទឹកចិត្តលោកគ្រូអ្នកគ្រូ លើកកម្ពស់សមត្ថភាពរបស់លោក សម្ភារៈសិក្សា និងការស្រាវជ្រាវ និងពង្រឹងសមត្ថភាពស្ថាប័នអប់រំ និងសុខភាពឲ្យបានប្រសើរខ្លាំងជាងបច្ចុប្បន្ន។
សូមជម្រាបថា ថវិកាលើការអប់រំ និងសុខាភិបាលនៅក្នុងប្រទេសយើងបានកើនឡើងមួយកម្រិត ក៏ប៉ុន្តែ នៅមានកម្រិតទាបជាងបណ្តាប្រទេសជិតខាងមួយចំនួនធំ។ កម្ពុជាចំណាយតែ១២ភាគរយនៃថវិកាជាតិ ខណៈបណ្តាប្រទេសាអាស៊ានជាមធ្យមចំណាយប្រហែល២០ភាគរយនៃថវិកាជាតិ។ ទោះបីជាងយ៉ាងណាក្តី ការបង្កើនចំណាយត្រូវដើរទន្ទឹមនឹងការបង្កើនចំណូល ការពង្រឹងប្រសិទ្ធិភាពនៃការចំណាយ ពោលគឺ ការបែងចែកចំណាយទៅលើវិស័យ ដែលសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការចំណាយចំទិសដៅ និងមានលទ្ធផលខ្ពស់ ក៏ដូចជា ការកាត់បន្ថយការលេចធ្លាយថវិកាចំណាយ។ ដូច្នេះ ដោយសារមានកំហិតខាងថវិកា កម្ពុជាគួរបង្កើនថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាល ដោយធ្វើការរឹតត្បិតការចំណាយលើវិស័យដទៃ ដូចជា វិស័យយោធា ខណៈដែលពន្លឿនកំណែទម្រង់មន្ត្រីរាជការ ដូចជា ការលុបឈ្មោះមន្រ្តីខ្មោច និងបង្កើនប្រសិទ្ធិភាព និងសមត្ថភាពនៃការប្រមូលចំណូល។
VOA៖ តើអ្វីខ្លះជាបញ្ហាប្រឈមដល់ការគៀងគរចំណូលឲ្យបានច្រើន ដើម្បីទូទាត់ចំណាយដែលកម្ពុជាត្រូវបង្កើន ដើម្បីពង្រឹងសក្តានុពលសេដ្ឋកិច្ចទាំងនេះ?
លោក ហេង ឌីណា៖ យើងឃើញមាននិន្នាការ និងការខិតខំដើម្បីពង្រឹង និងគៀងគរចំណូលឲ្យបានច្រើនហើយ។ ខ្ញុំសូមបញ្ជាក់ថា ចំណូលថវិកាក្នុងស្រុកបានកើនពី៦ភាគរយនៃផសសនៅឆ្នាំ២០០៣ មកដល់១៥ភាគរយនៅឆ្នាំ២០១៤។ ប៉ុន្តែកម្ពុជាត្រូវធ្វើកិច្ចការច្រើនទៀត ដើម្បីប្រមូលចំណូលឲ្យបានខ្ពស់ និងមានប្រសិទ្ធិភាព សម្រាប់ទូទាត់ចំណាយ ដែលចាំបាច់ត្រូវតែកើនឡើង។ ក្រៅពីឆន្ទះនយោបាយ មានបញ្ហាប្រឈមជាស្ថាប័នបីដែលត្រូវដោះស្រាយ៖ ទីមួយគឺថា កម្ពុជាត្រូវពង្រឹងរដ្ឋបាលចំណូលតាមរយៈការប្រមូលបំណុលពន្ធ ដែលក្រុមហ៊ុនជំពាក់ និងការពង្រឹងសមត្ថភាពប្រមូលពន្ធ ជាពិសេសពីក្រុមហ៊ុនធំៗ ដែលជាប្រភពចំណូលយ៉ាងសំខាន់។ ទីពីរគឺ អនុវត្តគោលនយោបាយពន្ធដាឲ្យមានប្រសិទ្ធភាព និងឲ្យសមស្របតាមរយៈកំណែទម្រង់ពន្ធអាករ និងពន្ធលើតម្លៃបន្ថែម ការពង្រឹងរបបជាប់ពន្ធ ជាជាងរបបម៉ៅការ និងការកាត់បន្ថយការលើកលែងពន្ធ។ ការអនុវត្តគោលនយោបាយទាំងនេះអាចជួយបង្កើនមូលដ្ឋានសម្រាប់ចំណូលពន្ធបន្ថែម។ ការកាត់បន្ថយការគេចពន្ធ ការយកពន្ធបន្ថែមលើស្រា និងបារី ការបង្កើនមូលដ្ឋានពន្ធលើអចលនទ្រព្យនៅទីប្រជុំជនក៏អាចជួយបង្កើនសក្តានុពលចំណូលដែរ។ ទីបីគឺ ពង្រឹងអភិបាលកិច្ច ដូចជា ការពង្រឹងការត្រួតពិនិត្យ និងគណនេយ្យភាពនៃស្ថាប័នពន្ធដារ តម្លាភាព ការផ្តល់ទឹកចិត្តដល់មន្រ្តីពន្ធដារអាចជួយពង្រឹងសមត្ថភាព និងកិត្យានុភាពនៃស្ថាប័នប្រមូលពន្ធទាំងនេះ។
VOA៖ តើអ្វីខ្លះជាបញ្ហាប្រឈមសម្រាប់ការបង្កើនប្រសិទ្ធិភាពចំណាយថវិកាជាតិ?
លោក ហេង ឌីណា៖ ប្រសិទ្ធិភាពនៃការចំណាយមានតួនាទីសំខាន់ក្នុងការផ្តល់ និងលើកកម្ពស់គុណភាពសេវាសាធារណៈ ដូចជា សេវាអប់រំ និងសុខាភិបាល ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ទោះបីជាមានការកែលម្អច្រើនតាមរយៈកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាច្រើនឆ្នាំមកនេះ កម្ពុជាយើងត្រូវដោះស្រាយបញ្ហាសំខាន់មួយចំនួនដូចជា ទីមួយ ពង្រឹងសមត្ថភាពស្ថាប័ន និងក្រសួងដែលត្រូវចាយក្នុងការធ្វើគម្រោងចំណាយឲ្យបានត្រឹមត្រូវ និងតាមទិសដៅអថ៌ភាពសម្រាប់ការអភិវឌ្ឍន៍។ សូមជម្រាបថា គម្រោងថវិកាជាតិត្រូវធ្វើឡើងមួយឆ្នាំមុន ពោលគឺ គម្រោងថវិកាឆ្នាំ២០១៥ត្រូវចាប់ផ្តើមរៀបចំដោយក្រសួង និងស្ថាប័នពាក់ព័ន្ធចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។ ទីពីរ ការបែងចែកថវិកាឲ្យចំតាមតម្រូវការអភិវឌ្ឍន៍ និងសម្រាប់បង្កើនសក្តានុពលសេដ្ឋកិច្ច។ យើងគួរបង្កើនថវិកាសម្រាប់ការអប់រំ និងសុខាភិបាលបន្ថែមតាមដែលអាចធ្វើបាន។ ការកាត់បន្ថយបុគ្គលិកខ្មោចគ្រប់ស្ថាប័ន ការកាត់បន្ថយចំណាយមិនចាំបាច់ តម្លាភាពនៃចំណាយ និងការដេញថ្លៃឲ្យបានត្រឹមត្រូវអាចជួយឲ្យយើងសន្សំធនធានខ្លះសម្រាប់វិស័យសំខាន់ៗ ដែលត្រូវការកំណែទម្រង់ជាបន្ទាន់។ ទីបី ចំពោះវិស័យអប់រំ និងសុខាភិបាល យើងត្រូវដោះស្រាយបញ្ហាប្រឈម ដោយធ្វើយ៉ាងណាឲ្យថវិកាជាសាច់ប្រាក់ធ្លាក់ទៅដល់សាលារៀន និងមន្ទីពេទ្យទាន់ពេលវេលា ហើយឲ្យបានគ្រប់ចំនួនដែលគួរទទួលបាន និងតាមតម្រូវការចាំបាច់របស់សាលារៀន និងមន្ទីរពេទ្យ។ ថវិកាជាកត្តាចម្បងមួយសម្រាប់ការផ្តល់សេវាសាធារណៈសំខាន់ៗទាំងនេះ។ បរិមាណថវិកា និងដំណើរការនៃការទម្លាក់សាច់ប្រាក់មិនរលូនអាចមានផលប៉ះពាល់ផ្ទាល់ដល់អាកប្បកិរិយារបស់មន្រ្តីរាជការ រួមទាំងគ្រូពេទ្យ និងគ្រូបង្រៀន គុណភាពសាលា និង ទីបំផុតគុណភាពអប់រំ និងសុខាភិបាលដែលប្រជាពលរដ្ឋលោកត្រូវការ។ការបំបាត់ការលេចធ្លាយថវិកា និងការពន្លឿនការទម្លាក់ថវិកាឲ្យដល់មូលដ្ឋានតាមរយៈការផ្ទេរតាមធនាគារគួរត្រូវទទួលបានសាទរ និងការលើកទឹកចិត្តបន្ថែម៕