ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ត្រៀម​ពិភាក្សា​កំពូល​ស្តីពី​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ឥណ្ឌា


​ប្រទេស​ជា​សមាជិក​​​​អាស៊ាន​ នឹង​បើក​កិច្ច​ប្រជុំ​​កំពូល​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​និង​ឥណ្ឌា ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​មេសា​នេះ នៅ​ប្រទេស​ថៃ។
​ប្រទេស​ជា​សមាជិក​​​​អាស៊ាន​ នឹង​បើក​កិច្ច​ប្រជុំ​​កំពូល​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​និង​ឥណ្ឌា ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​មេសា​នេះ នៅ​ប្រទេស​ថៃ។

ក្រុម​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ នឹង​បើក​កិច្ច​ប្រជុំកំពូល​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ចិន​និង​ឥណ្ឌា​នៅ​សប្តាហ៍​ក្រោយ​នេះ​ ​នៅ​ប្រទេស​ថៃ​ដែល​ក្រុម​អ្នក​វិភាគរំពឹង​ពី​ឱកាស​ពង្រីក​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ។​

កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ខែ​មេសា​នេះ​ នឹង​មាន​អ្នក​ជំនួញ​ធំៗ​និង​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​នេះ​សរុប​ប្រមាណ​១៥០​នាក់។​

លោក​ពូ សុវចនា​ អនុប្រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ ជំនួប​កំពូល​មួយ​នេះ​នឹង​ជួយ​ឲ្យ​មាន​សមាហរណ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​តំបន់​អាស៊ី​ខាង​ត្បួង​ដែល​មាន​ប្រទេស​ចិន​ ឥណ្ឌា​ និង​ក្រុម​ប្រទេស​អាស៊ាន​ទាំង​១០​ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​កំពូល​មួយ​នៅ​ក្នុង​តំបន់​អាស៊ី។ ​

«យើង​នឹង​ធ្វើ​បង្កើន​ការតភ្ជាប់​ទីផ្សារ​នៅក្នុងតំបន់។​ បើ​សិន​យើង​បូក​ប្រជាពលរដ្ឋ​ អាស៊ាន​ ចិន​និង ឥណ្ឌា​ រួមគ្នាហ្នឹង​គឺ​ពាក់​កណ្តាល​ពិភពលោក​ហើយ។​ ហើយ​យើង​មាន​សក្តានុពល​ ផ្នែក​វិនិយោគទុន​និង​ធនធាន​ច្រើន​មក​ពី​ចិន»​។​

ប្រទេស​អាស៊ាន​ទាំង​ដប់​រួម​មាន​កម្ពុជា​ វៀតណាម​ ឡាវ​ ថៃ​ ហ្វ៊ីលីពីន​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ សិង្ហបុរី​ និង​ប្រទេស​ភូមា។

សមាគម​អាស៊ាន​មាន​ប្រជាជន​ចំនួន​៦២០​លាន​នាក់។​ ប៉ុន្តែ​ប្រសិនបើ​សមាគម​អាស៊ាន​ភ្ជាប់ចំណង​ទាក់ទង​ពាណិជ្ជកម្មជាមួយ​ប្រទេស​មហាយក្ស​អាស៊ីគឺ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​នោះ​ចំនួន​ប្រជាជន​សរុប​នៃ​ប្រទេស​ទាំង​នេះ​នឹង​កើន​ដល់​៤​ពាន់​លាន​នាក់គឺ​ស្មើ​នឹង​ប្រហាក់​ប្រហែល​នឹង​ពាក់​កណ្តាល​នៃ​ប្រជាជាតិ​ពិភព​លោក​សរុប។ ​ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ការ​ដោះដូរ​ពាណិជ្ជកម្ម​នៃ​សហគមន៍​រួម​នេះ​នឹង​កាន់​តែ​មាន​សក្តានុពល។ ​ក្នុ​ងពេល​នេះ​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហគមន៍​អាស៊ាន​រួច​ហើយ។​ដោយឡែក​ប្រទេស​ឥណ្ឌាគ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ខែកក្កដា​ខាងមុខ។​

លោក​ ពូ ​សុវចនា​ ​បាន​បន្ថែម​ថា​ប្រទេស​កម្ពុជា​នឹង​អាច​អាច​លក់​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​អាស៊ានផង​និង​ទី​ផ្សារ​នៃ​ប្រទេស​ពីរ​ទៀត​ផង​ដែរ។​

លោក​បណ្ឌិត​ ផូល ឆាមប៊ើរស៍​ សាស្ត្រា​ចារ្យ​នយោបាយ​និង​អាស៊ាន​នៅ​សាកលវិទ្យាល័យ​ ឈៀងម៉ៃ​ ប្រទេសថៃ​ បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​កំពូលពាណិជ្ជ​កម្ម​រវាង​អាស៊ាន​ ចិន​និង​ឥណ្ឌា ​នឹង​ផ្តល់​ឱកាស​ដល់​សំខាន់​សម្រាប់​អ្នក​វិនិយោគទុន​និង​ជំនួញ​មក​ពី​ប្រទេស​ក្នុង​តំបន់បាន​ប្រាស័យ​ទាក់ទង​គ្នា​និង​ចាប់​ផ្តើម​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​អាស៊ាន។ ក៏ប៉ុន្តែ​ ជំនួប​នេះ​ដែរ​នឹង​បង្កើត​ឲ្យ​មាន​ការប្រកួត​ខាង​វិនិ​យោគ​ទុន​និង​ធុរៈកិច្ច​ រវាង​ប្រទេស​ដៃ​គូ​ពាណិជ្ចកម្ម​អាស៊ាន​មួយ​ចំនួន​ដូចជា​ចិន​ ឥណ្ឌា​និង​ជប៉ុន​ក្នុង​ការ​ដណ្តើម​ទីផ្សារ​អាស៊ាន។​

លោក​បាន​ប្រាប់​វីអូអេ​តាម​រយៈ​សារអេឡិកត្រូនិក​ អ៊ីម៉ែល​ថា​៖

«ប្រទេស​ចិន​និង​ឥណ្ឌា​កំពុងតែ​ប្រមើល​មើល​ដើម្បី​បណ្តាក់ទុន​ឲ្យ​បាន​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​អាស៊ាន។​ ហើយ​ប្រទេស​ទាំង​ពីរ​នេះ​ក៏កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ដែរ។ ប្រទេស​ចិន​ក៏​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយនឹង​ប្រទេស​ជប៉ុន​ផង​ដែរ​ក្នុង​ការ​បណ្តាក់​ទុន​នៅ​តំបន់​អាស៊ាន​ផងដែរ»។​

បណ្តា​ប្រទេស​អាស៊ាន​នឹង​ចូល​ជា​សហគមន៍​សេដ្ឋ​កិច្ច​តែ​មួយ​ជាផ្លូវ​ការ​នៅ​ចុងឆ្នាំ​២០១៥​នេះ។​ពោល​គឺ​ប្រទេស​ទាំង​ដប់​នឹង​លើក​របាំង​ពន្ធគយសម្រាប់​ការ​នាំ​ទំនិញ​លក់​ក្នុ​ងរង្វង់​អាស៊ាន​Asean Free Trade Area​ ឬ AFTA។​

ដំណាល​គ្នា​នេះ​ប្រទេស​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ធនាគារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ធនាគារ​វិនិ​យោគ​ទុន​ហេដ្ឋា​រចនាសម្ធ័ន​តំបន់អាស៊ី​ ដែល​ហៅ​កាត់ថា​ (AIIB​)។ ​ធនាគារ​នេះ​មាន​មូល​ធន​ជាង​៥០​ពាន់លាន​ដុល្លា​រ​អាមេរិក​នៅ​ក្នុ​ង​ពេល​នេះ។​ ធនាគារ​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចនៅ​ក្នុង​តំបន់។​

លោក​សាស្ត្រា​ចារ្យ​ ផូល ឆាមប៊ើរស៍​ឲ្យ​ដឹងថា​ប្រទេស​ចិន​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​ថវិកា​ចំនួន​៧០០​ពាន់​លាន​ដុល្លាដើម្បី​បណ្តាក់ទុន​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ។​

អ្នក​សេដ្ឋកិច្ច​និង​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ លោក​ ច័ន្ទ សុផល​ ក៏​បាន​ផ្តោត​ក្តី​សង្ឃឹមពី​ផល​វិជ្ជមាន​នៃ​កិច្ច​ប្រជុំ​កំពូល​ខាង​លើ​នេះ​ដែរ។​

«វិនិយោគ​និង​ពាណិជ្ជកម្ម​នេះ​គឺ​វា​ផ្សាភ្ជាប់​គ្នា​ ទាល់​តែ​មានពាណិជ្ជកម្ម​សេរី​ទើប​គេ​មក​វិនិយោគ​នៅ​ស្រុក​យើង។ ហើយ​យើង​ជា​ប្រទេស​តូច​ដែល​គេមិន​រំពឹង​ថា គេ​មក​វិនិយោគទុន ​នៅ​ប្រទេស​យើង ដើម្បី​គ្រាន់តែ​លក់​ផលិតផល​របស់​គេ​នៅក្នុង​ប្រទេស​យើង​តែមួយ​នោះ​ទេ​ តែ​គេមក​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​យើង​គឺ​សំដៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​ប្រទេស​ផ្សេងៗ​ទៀត»​។​

កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​រវាង​ក្រុម​ប្រទេស​អាស៊ាន​ទាំង​១០​ជា​មួយ​ប្រទេស​ ឥណ្ឌា​និង​ចិន​ គឺជាផ្នែក​មួយ​របស់​គម្រោង​សមាហរណកម្ម​អាស៊ាន។

អគ្គលេខាធិកា​អាស៊ាន​លោក​ ឡេ ឡឺងម៉ីញ​ ​ត្រូវ​បាន​គេស្រង់​សម្តី​ផ្សាយ​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះដែល​មាន​ឈ្មោះថា​ “Investing in Asean​” ឬក៏​ «ការ​បណ្តាក់​ទុន​នៅ​ក្នុង​សមាគមអាស៊ាន» ​ថា​ ពេល​នេះ​សេដ្ឋកិច្ច​របស់​អាស៊ាន​បាន​រីកដុះដាល​ជា​បន្ត​បន្ទាប់​ក្នុង​នោះ​ផលិតផល​ក្នុង​ស្រុក​សរុប​ GDP​ រួម​របស់​ប្រទេស​អាស៊ាន​បានកើន​ដល់​២,៤ លាន​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ២០១៣។ ​

​ទន្ទឹម​នឹងការ​សំឡឹង​មើល​សក្តានុពល​សេដ្ឋ​កិច្ច​រវាង​អាស៊ាន​ ចិន​និង​ឥណ្ឌា ​ក្រុម​អ្នក​វិភាគ​កម្ពុជាបាន​ដាស់​តឿន​ឲ្យ​ប្រទេស​កម្ពុជា​ផ្តោត​លើការ​ បណ្តុះបណ្តាល​កម្មករ​ជំនាញ​និងធ្វើ​កំណែទម្រង់ការអប់រំ​ជាពិ​សេស​លើផ្នែក​ វិទ្យាសាស្រ្ត​ បច្ចេកវិជ្ជា​ វិស្វកម្ម​និង​គណិតសាស្ត្រ​ ដែល​គេ​ហៅ​កាត់​ថា​ ការអប់រំ​ (STEM)​ រួម​ទាំង​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការវិនិយោគទុន​ដែល​ប៉ះពាល់​ដល់​និរន្តរ​ភាព​បរិស្ថាន​និង​ប្រជាជន៕

XS
SM
MD
LG